ស្លាប់ក្នុងពេលពន្លូតកូន មុននឹងត្រូវសង្សាគ្រវាត់សាកសពចោល
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 11, 2017
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាកសពហើមរលួយ របស់យុវតីដែលមានផ្ទៃពោះ ត្រូវបានរកឃើញនៅក្នុងវ៉ាលីសមួយ នៅក្បែរដងផ្លូវដ៏ស្ងាត់ជ្រងុំ កាលពីថ្ងៃសុក្រកន្លងមកនេះ ក្នុងប្រទេសដូមីនិកាំង (កោះមួយ នៅក្នុងប្រជុំកោះការ៉ាអ៊ីប ទ្វីបអាមេរិកកណ្ដាល)។ នៅពេលនាងនៅមានជីវិត យុវតីជំទង់ កញ្ញា អេមេលី ប៉េហ្គេរ៉ូ (Emely Peguero) បានពរពោះ មានកូននៅក្នុងផ្ទៃរបស់នាង ចំនួន៥ខែហើយ។
សារព័ត៌មានក្នុងស្រុក «People Chica» បានស្រង់យកការស៊ើបអង្កេតជំហ៊ានដំបូង មករាយការណ៍ថា ទ្វាមាសរបស់នាង ត្រូវបានរកឃើញ មានភាពរហែក ខណៈក្បាលរបស់នាង មានស្នាមទទួលការវាយប្រហារមួយ យ៉ាងដំណំ។
យុវតី អេមេលី ប៉េហ្គេរ៉ូ ត្រូវបានឃើញចុងក្រោយបង្អស់ នៅថ្ងៃទី២៣ ខែសីហាកន្លងទៅ ជាមួយសង្សារបស់នាង ដែលជាជនជាតិអាមេរិកាំង អាយុ១៩ឆ្នាំ។ ហើយគឺយុវជនរូបនេះហើយ ដែលបានសារភាពថា ខ្លួនបានយកសាកសពសង្សារបស់ខ្លួន ទៅគ្រវាត់ចោល នៅក្នុងប្រឡាយទឹកមួយ (នៅក្បែរដងផ្លូវ) បន្ទាប់ពីយុវតីបានផុតជីវិត នៅក្នុងការព្យាយាមពន្លូតទារកចេញពីផ្ទៃ ដោយខុសច្បាប់។
នៅសាធារណរដ្ឋដូមីនិកាំង ការបញ្ឈប់ការមានផ្ទៃពោះ ដោយចេតនា ត្រូវបានច្បាប់ហាមឃាត់។
នៅក្នុងសំនុំរឿងនេះ ក្រៅពីយុវជនជាសង្សា នៅមានជនពីរនាក់ទៀត ក្នុងនោះម្ដាយរបស់យុវជន ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនដែរ។ ស្ត្រីចំណាស់ជាម្ដាយ បានដឹងពីរឿងរ៉ាវ និងថែមទាំងដឹង ពីទីកន្លែង ដែលសាកសពរបស់កញ្ញា អេមេលី ប៉េហ្គេរ៉ូ ត្រូវបានយកទៅគ្រវាត់ចោល ខណៈជនសង្ស័យទីបី ទំនងជាអ្នកផ្សំគំនិត ជាមួយម្ដាយកូនទាំងពីរ។ ចំណែកឯគ្រូពេទ្យ ដែលបានអនុវត្តន៍ការពន្លូតកូន ដោយខុសច្បាប់ និងបណ្ដាលឲ្យយុវតីស្លាប់នោះ ក៏ត្រូវអាជ្ញាធរកំណត់អត្តសញ្ញាណ បានដូចគ្នា។
នៅប៉ុន្មានថ្ងៃ មុនការរកឃើញសាកសព ម្ដាយរបស់យុវតីជំទង់ បានថ្លែងទុក្ខសោក នៅតាមកញ្ចក់ទូរទស្សន៍ថា៖ «ខ្ញុំដឹងថាកូនស្រីខ្ញុំបានស្លាប់ហើយ តែយ៉ាងហោចណាស់ សូមពួកគេប្រគល់សាកសពនាង ឲ្យមកខ្ញុំមក ដើម្បីអាចឲ្យខ្ញុំយំឲ្យអស់ចិត្ត»។
ហេតុការណ៍ខាងលើ បានបង្កកំហឹងខ្លាំងក្លា ទៅដល់បណ្ដាជនដូមីនិកាំងជាទូទៅ នៅទូទាំងប្រទេស។ លោក «Cesar Jose Hernandez» មេធាវីការពារក្ដី ឲ្យយុវជនសង្សារបស់កញ្ញា អេមេលី ប៉េហ្គេរ៉ូ បានប្រកាសថា លោកបានរងការគម្រាមសម្លាប់ជាច្រើនដង បន្ទាប់ពីលោកបានចូលខ្លួនការពារក្ដី ឲ្យជនសង្ស័យនៅក្នុងសំនុំរឿងនេះ និងបានបន្ទោស ពីការ«លាបពណ៌»មកលើរូបលោក ដោយប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម៕