ប្រកាសបិទផ្លូវពីរខែ ដើម្បីទុកឲ្យកង្កែបរួមរ័ក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មករា ២០១៨
- កែប្រែចុងក្រោយ: January 13, 2018
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ផ្លូវមួយខ្សែ នៅក្នុងក្រុង «Saint-Malo» ស្ថិតក្នុងតំបន់ «Bretagne» ភាគខាងលិចប្រទេសបារាំង នឹងត្រូវហាមឃាត់ ការធ្វើចរាចរណ៍ដោយយានយន្ដ សម្រាប់រយៈពេល២ខែ រាប់ចាប់តាំងពីថ្ងៃទី១៥ ខែមករា ទៅដល់ថ្ងៃទី១៥ ខែមីនាខាងមុខ ដើម្បីផ្ដល់ឱកាស ឲ្យបណ្ដាសត្វកង្កែប គីង្គក់ ហ៊ីង ឬកញ្ចាញ់ចេក... អាចរួមរ័ក (ពាក់)គ្នាបាន ដោយគ្មានការរំខាន។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់សាលាក្រុង ដែលចេញផ្សាយឲ្យដឹង កាលពីម្សិលម៉ិញ។
ផ្លូវដែលត្រូវសម្រេច ឲ្យបិទការធ្វើចរាចរណ៍នោះ មានឈ្មោះ «Petits Ports» ស្ថិតនៅក្បែរជ្រោយមួយ ឈ្មោះ «Varde» ដែលលយចូលទៅក្នុងសមុទ្រ។ នៅទីនោះ ជាផ្នែកមួយនៃតំបន់អភិរក្ស និងត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីនៃលំហធម្មជាតិ ដែលរងការប៉ះពាល់ខ្លាំង។ សាលាក្រុងបានគូសបញ្ជាក់ថា កាលពីឆ្នាំទៅម៉ិញ ចរាចរណ៍យានយន្ដ នៅលើបណ្ដោយផ្លូវនេះ បានបណ្ដាលឲ្យសត្វកង្កែប គីង្គក់... ងាប់យ៉ាងសន្ធឹកសន្ធាប់ នៅខណៈពេលដែលពួកវា បានដើរឆ្លងផ្លូវ ទៅកាន់ស្រះទឹកជាប់ផ្លូវ ដើម្បីរួមរ័កនិងបន្តពូជ។
ប្រភេទសត្វកង្កែប នៅក្នុងតំបន់នោះ ជាប្រភេទសត្វ ដែលរងការផុតពូជ នៅក្នុងពិភពលោក។ សត្វទាំងនេះ មានទម្លាប់រកដៃគូ និងធ្វើការបន្តពូជ នៅក្នុងស្រះទឹក ដែលស្ថិតនៅក្បែរផ្លូវ។ កាលពីឆ្នាំ២០១៧ សាលាក្រុងក៏បានបិទផ្លូវខាងលើ សម្រាប់រយៈពេលមួយខែដែរ។ សាលាក្រុងបានរំលឹកបន្តថា៖ «ការបិទផ្លូវ កាលពីពេលនោះ បានបញ្ជៀសការងាប់ របស់សត្វខាងលើ និងបានជួយសម្រួល ដល់ការបន្តពូជរបស់ពួកវា»៕