បែកធ្លាយថា ថោង សារ៉ាត់ បានគេចខ្លួនតាមរថយន្តសាម៉ុយដឹកឪពុកម្តាយខ្លួន?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៨ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 18, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមប្រភពព័ត៌មានក្រៅផ្លូវការមួយ ពីមន្ត្រីមួយរូប ដែលស្និតនឹងកងរាជអាវុធហត្ថ ច្រកព្រំដែនបាវិត ថ្លែងក្នុងល័ក្ខខ័ណ្ឌមិនបង្ហាញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅក្នុងដំណើរនៃការប៉ុនប៉ងគេចខ្លួន ចេញទៅកាន់ប្រទេសវៀតណាម ដែលជាប្រទេសកំណើត នៃឪពុកម្តាយលោក ថោង សារ៉ាតនោះ គេបានឃើញបុរសម្នាក់ ដែលមានភិនភាគដូចគ្មា ទៅនឹងលោក ថោង សារ៉ាត់ បានចាកចេញពីឡានសាម៉ុយ ដែលដឹកឪពុកម្តាយលោក ថោង សារ៉ាត់ នោះ ហើយគេចខ្លួនបាត់តែម្តង។
ប្រភពនោះបន្តថា ការគេចខ្លួនរបស់បុរសនេះ ត្រូវបានធ្វើឡើងមុនពេលដែល ក្រុមសមត្ថកិច្ចចាប់ខ្លួនឪពុកម្តាយ លោក ថោង សារ៉ាត់ ត្រឡប់មករាជធានីភ្នំពេញវិញ។ មន្ត្រីរូបនេះ បានធ្វើការសន្និដ្ឋានថា ប្រហែលអាចជាការរៀបចំទុកជាមុន ក្នុងការជម្លៀសលោក ថោង សារ៉ាត់ ចេញពីកម្ពុជា ក្រោមលេសថា ត្រូវបញ្ជូនឪពុកម្តាយរបស់លោក ថោង សារ៉ាត់ ទៅព្យាបាលជំងឺនៅប្រទេសវៀតណាមនោះ។
មន្ត្រីដដែល បានថ្លែងឲ្យដឹងទៀតថា៖ «សុទ្ធតែជាផែនការគេរៀបចំ ចង់រំដោះ ថោង សារ៉ាត់ ចេញពីស្រុកខ្មែរ»។
មិនអាចទាក់ទងសុំការបំភ្លឺ ជុំវិញការបង្ហើបរបស់មន្ត្រីខាងលើ ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទេ នារសៀលថ្ងៃទី១៨ ខែកុម្ភៈនេះ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
ដំណឹងបែកធ្លាយនេះ មិនត្រូវបានក្រុមមន្ត្រីអង្កការសង្គមស៊ីវិល ដែលធ្វើការស្និត នឹងសំនុំរឿងយុត្តិធម៌ជាច្រើននោះ ធ្វើការអត្ថាធិប្បាយអ្វីទេ។ សម្រាប់ លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា វិញ លោកគ្រាន់តែបានសម្ដែង ការយល់ឃើញរបស់លោក ប្រាប់ទស្សនាវដ្ដីថា អាចជាចេតនាមួយ ដែលមានគម្រោងរៀបចំទុកជាមុន ក្នុងការព្យាយាមចាកចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៃក្រុមគ្រួសារឪពុកម្តាយលោក ថោង សារ៉ាត់។ លោក វីរៈ បានថ្លែងយោងមូលហេតុថា អ្នកទាំងពីរជាជនជាតិវៀតណាមដែលមានប្រាក់ ដូច្នេះគាត់មានសិទ្ធិ និងអាចមានផ្ទះ នៅប្រទេសវៀតណាម។ ករណីដែលថាមានការបន្លំខ្លួន ជាមួយនឹងគម្រោងនេះ លោកក៏មិនបានបង្ហាញថា ពិត ជាមានចេតនាក្នុងការរំដោះលោក ថោង សារ៉ាត់ នោះឡើយ។
សូមបញ្ជាក់ដែរថា ការចាប់ខ្លួនឪពុកម្តាយលោក ថោង សារ៉ាត់ ត្រឡប់មកភ្នំពេញវិញ ខណៈពួកគេទាំងពីរ មានបំណងឆ្លងដែន ចូលទៅប្រទេសវៀតណាម ដោយមិនគោរពតាមបទបញ្ជាតុលាការ ដែលមិនអនុញ្ញាតឲ្យចាកចេញ ពីប្រទេសកម្ពុជានោះ។ ការចាប់ខ្លួន និងបញ្ជូនទៅកាន់ពន្ធនាគារជាលើកទីពីនេះ បន្ទាប់ពីមានការថ្លែងក្ដៅក្រហាយ របស់លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ចំពោះសាលាដំបូងរាជធានីភ្នំពេញ ថាមានភាពមិនប្រក្រតីក្នុងការអនុញ្ញាត ឲ្យឪពុកម្តាយលោក ថោង សារ៉ាត់ នៅក្រៅឃុំ។
តាមការបញ្ជាក់របស់លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានអះអាងថា សមត្ថកិច្ចជំនាញ បានចាប់ខ្លួនលោក ថោង ចំរើន និងលោកស្រី កែវ សារី ដែលជាឪពុកម្តាយលោក ថោង សារ៉ាត់ មកវិញនៅព្រំដែនបាវិត ដោយពួកគេមានបំណង ឆ្លងទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី ១៥ កុម្ភៈ។ អ្នកទាំងពីរត្រូវបានលោក លី សុខឡេង ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីម៉ោង៩ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅ ក្រោមហេតុផលជំងឺប្រចាំកាយ និងឲ្យស្នាក់នៅ ក្នុងបុរី៩៩៩ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ៕