«ឯង​មាន​កាំភ្លើង អញ​មាន​ដាវ»

នៅចំពោះចោរប្លន់ ប្រដាប់អារុធពីរនាក់ ដែលបានភ្ជង់កាំភ្លើងខ្លី ដាក់ខ្លួន បុគ្គលិកជាអ្នកលក់ នៅក្នុង​ហាង​លក់​គ្រឿង ឧបភោគ​បរិភោគតូចមួយនេះ បានរកឃើញវិធីសាស្ត្រមួយ យ៉ាងពិសេស ដើម្បីការពារខ្លួន និង​បណ្ដេញ​ក្រុម​ចោរ​ទាំង​នេះ ចេញ​ពី​ហាង​ខ្លួន។
សន្ធឹកកាំភ្លើងខ្លីមរណៈ ប៉ះជាមួយនឹងសន្ទុះដាវមេឃា... តើនរណាខ្លាំងជាង?
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 20, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើជាខ្លួនអ្នកវិញ តើអ្នកគិតថា ត្រូវដោះស្រាយរបៀបណា នៅចំពោះការភ្ជង់កាំភ្លើង មករកខ្លួនអ្នកនោះ? ចំពោះ​កងកម្លាំងនគរបាលវិញ ដំណោះស្រាយដែលសមស្រប គឺត្រូវប្រើប្រាស់អាវុធ ជាកាំភ្លើងត្រឡប់ទៅវិញ ដើម្បី​បង្ក្រាប​ជន​ល្មើសបែបនេះ។ ដំណោះស្រាយរបៀបនេះ មិនមែនសម្រាប់ជនស៊ីវិលធម្មតា នោះឡើយ (ព្រោះ​ជន​ស៊ីវិល គ្មាន​កាំភ្លើងទេ) ហើយការតដៃណាផ្សេង ទោះជាជនស៊ីវិលនោះ មានកាំបិត ឬដំបងជាអាវុធ​ក៏​ដោយ ពិត​ជា​ការប្រថុយប្រថានមួយ។

តែបុរសម្នាក់ ជាបុគ្គលិកអ្នកលក់ នៅក្នុងហាងលក់គ្រឿង ឧបភោគបរិភោគមួយនេះ បានជ្រើសរើស​ការ​បណ្ដេញ ចោរប្លន់ប្រដាប់អាវុធទាំងពីរនាក់ ដែលបិតមុខ ចូលមកប្លន់ហាងនាយ ដោយប្រើ... ដាវដ៏«ធំ»​មួយ។ ឈុត​ឆាកនេះ ត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពដកដាវរបស់បុរស រត់សំដៅ​ចោរ​ប្លន់​ទាំងពីរ ម្នាក់កាន់ដាវតូច ម្នាក់ទៀតកាន់កាំភ្លើង ហាក់ដូចជាបុរសម្នាក់នេះ ចេះវិជ្ជាគុនដាវដល់កំពូល រហូតធ្វើឲ្យចោរភ័យ រត់បាតជើង​ស​ព្រាត។

ហេតុការណ៍បានកើតឡើង នៅក្នុងក្រុង «Pittsburgh» នៃរដ្ឋ «Pennsylvanie» សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រសប្ដាហ៍មុន។ នេះបើតាមការអះអាង របស់បណ្ដាញទូរទស្សន៍ CNN។ នៅចំពោះការសម្លុតគម្រាម ដើម្បី​ប្លន់យកប្រាក់នោះ បុរសជាអ្នកគិតលុយ នៅក្នុងហាងនេះ បានសម្រេចចិត្តបណ្ដេញចោរទាំងពីរ ដោយបាន​ដកដាវមួយដើមចេញមក គ្រវីដាក់ក្រុមជនល្មើស។ នៅពេលគេចខ្លួនចេញទៅវិញ ចោរម្នាក់ ត្រូវបានអតិថិជន​មួយរូប ដែលចូលមកទិញទំនិញ ព្យាយាមឃាត់ខ្លួន តែមិនបានសម្រេច។

មកដល់ពេលនេះ នគរបាលក្រុង «Pittsburgh» បានបើកការស៊ើបអង្កេតមួយ ដើម្បីស្វែងរកជនបិទមុខ​ទាំងពីរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...