ក្រុមអនាមិក​ប្រកាស​សង្គ្រាមប្រឆាំង ISIS ​រហូត​«ដល់​ទី​បញ្ចប់»

ក្រុមអនាមិក បានចេញមុខមកជាថ្មី សម្ដែងប្រតិកម្មខ្លាំងក្លា ប្រឆាំងភេរវជន ដែលបាន​ធ្វើ​ភេរវកម្ម​អត្តឃាត នៅ​រាជធានី​ប្រ៊ុយសែល ដែល​ប្រកាសទទួលស្គាល់ ដោយក្រុមរដ្ឋអ៊ីស្លាម។ ប៉ុន្តែការប្ដេជ្ញាចិត្តលើកនេះ របស់​ក្រុម​អនាមិក បាន​បញ្ជាក់​ថា ក្រុមខ្លួន​នឹង​ធ្វើសង្គ្រាម ប្រឆាំង​ក្រុម​រដ្ឋអ៊ីស្លាម រហូត​លុះ​ត្រា​​ដល់​ទីបញ្ចប់។
ក្រុមអនាមិក​ប្រកាស​សង្គ្រាមប្រឆាំង ISIS ​រហូត​«ដល់​ទី​បញ្ចប់»
របាំងមុខ៖ និមិត្តសញ្ញា របស់ក្រុមនាមិក ដែលមានបណ្ដាញ នៅពាសពេញពិភពលោក។ (រូបផ្តិតពីវីដេអូ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៤ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 25, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ជាថ្មីម្ដងទៀត សិទ្ធិសេរីភាពរបស់យើង បានរងការវាយប្រហារ ជាមួយនឹងអំពើភេរវកម្ម នៅក្នុងប្រទេស​ប៊ែលហ្សិក កាលពីថ្ងៃអង្គារទី ២២ ខែមីនា ហើយហេតុការណ៍ដូច្នេះ មិនអាចបន្តមាន​តទៅទៀតឡើយ» នេះ​ជាអ្វី ដែលម្ចាស់សម្លេង នៅក្នុងវីដេអូចេញផ្សាយ ដោយក្រុមអនាមិក បានថ្លែងឲ្យដឹង។ ម្ចាស់សម្លេងនោះ បាន​ធ្វើការ​អំពាវនាវ ឲ្យបណ្ដាជនទាំងឡយ ចូលរួមជាមួយក្រុមខ្លួន ដើម្បីធ្វើការប្រយុទ្ធ ប្រឆាំងភេរវកម្ម។

តុល្យភាពជាបណ្ដោះអាសន្ន នៃភេរវកម្មពីរកន្លែង (ទីមួយ នៅអាកាសយាន្ដដ្ឋានអន្តរជាតិ និងទីពីរ នៅស្ថានីយ៍​រថភ្លើងក្រោមដី) នៅរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក បានឲ្យដឹងថា មនុស្ស៣២នាក់បានស្លាប់ និង​២៧០នាក់​បា​នរងរបួស។ ម្ចាស់សម្លេង នៅក្នុងវីដេអូរបស់ក្រុមអនាមិក បានចាត់ទុកថ្ងៃអង្គារនោះ ថា«ជាថ្ងៃ​ដ៏​ខ្មៅ​ងងឹត នៃប្រវត្តិសាស្ត្រ​របស់ប្រទេសប៊ែលហ្សិក រាប់ចាប់តាំងពីសង្គ្រាមលោក លើកទីពីរនោះមក»។

គណនីចំនួន ៥៥០០ នៅលើបណ្ដាញសង្គម ត្រូវបានកំទេច...

«ក្នុងនាមយើង ជាពលរដ្ឋនៃពិភពសេរី យើងជាក្រុមអនាមិក។ (...) បន្ទាប់ពីភេរវកម្ម ដែលបានវាយប្រហារ ទៅលើរដ្ឋធានីប៉ារីស (ប្រទេសបារាំង) កាលពីខែវិច្ឆិកាកន្លងមក យើងបានធ្វើការតស៊ូជាប្រចាំ ប្រឆាំង​នឹង​ភេរវនិយម ហើយ​យើងបានកំទេច​រួចមកហើយ នូវគណនីចំនួន៥៥០០ ដែលជាប់ទាក់ទងនឹងក្រុមរដ្ឋអ៊ីស្លាម នៅលើបណ្ដាលសង្គមទ្វីសធើរ។ យើងក៏បានចូលទៅបំផ្លាញ ប្រព័ន្ធ "Darknet" ដែលជាឧបករណ៍ដ៏សំខាន់ ប្រើ​ប្រាស់​ក្នុងការ"លួចប្រាក់" ប្រមាណជា៣លានដុល្លា ជា"Bitcoins" របស់ក្រុមរដ្ឋអ៊ីស្លាម។ មិនត្រឹម​តែ​ប៉ុណ្ណឹង គេហទំព័រ​ឃោសនា​របស់អ្នកឯង ក៏បានជាប់គាំង ដោយសារការវាយលុក របស់យើងដែរ។»

សង្គ្រាមរហូតដល់ទីបញ្ចប់...

«ទោះបីបែបនេះក៏ដោយ ក៏យើងនៅមិនពេញចិត្តនៅឡើយ ព្រោះភេរវជនកំពុងបន្តសកម្មភាពរបស់ពួកវា នៅ​គ្រប់ទិសទីទាំងអស់ ក្នុងពិភពលោក។ ដូច្នេះ យើងបានសម្រេចចិត្ត ថានឹងដឹកនាំសង្គ្រាម រហូតដល់​ទី​បញ្ចប់​មួយ ប្រឆាំងនឹងក្រុមជនស្ម័គ្រប្រយុទ្ធ របស់ព្រះអាឡាហ៍ (Djihad) នៅក្នុងប្រតិបត្តិការមួយ ហៅថា "Brussels"។»

ម្ចាស់សម្លេង នៅក្នុងវីដេអូដដែល បានបញ្ជាក់ពីអត្តសញ្ញាណ របស់ក្រុមអនាមិក នៅតាមបណ្ដាញ​អ៊ិនធើណែត​ដូច្នេះថា៖ «យើង ក្រុមអនាមិក ការពារនូវសិទ្ធិសេរីភាព និងការអត់អោន។ ពួកអ្នក​ស្មោះស្ម័គ្រ​នឹង​ក្រុម​រដ្ឋអ៊ីស្លាម យើងនឹងរកឃើញពួកអ្នកឯង យើងមានបណ្ដាញរបស់យើង នៅគ្រប់ទិសទី និងច្រើនជាងអ្វី ដែល​ពួក​អ្នកឯង​មិន​អាចស្មានដល់។ សូមពួកអ្នកឯងរង់ចាំចុះ ពីមហាប្រតិកម្មដ៏សម្បើម របស់យើង។ យើង​ជា​ក្រុម​អនាមិក យើងជាយុទ្ធជន​ដែលប្រយុទ្ធស្លាប់មិនស្ដាយ យើងមិនអភ័យទោស យើងមិនភ្លេច យើង​មាន​សេរីភាព។»៕

» វីដេអូរបស់ក្រុមអនាមិកទាំងស្រុង៖

» វីដេអូរបស់ក្រុមអនាមិក ជាភាសាអង់គ្លេស៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...