ទូរទស្សន៍អាមេរិកបញ្ចាំងកម្មវិធី«ស្រាតក្នុងធម្មជាតិ» ថតនៅកម្ពុជា
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៨ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 29, 2014
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីសប្ដាហ៍មុន កម្មវិធី «ឯកានិងស្លៀកខ្យល់ដណ្ដប់មេឃ (Naked and Afraid)» របស់ស្ថានីយទូរទស្សន៍ ឌីសខូវើរី (Discovery Channel) បានបង្ហាញរួចហើយ នូវជីវិតរស់នៅតាមបែបធម្មជាតិ ស្រាតននលមានពាក់តែស្បែកជើង អណ្ដែតចំបែងនៅលើកោះ អេនឌ្រូ (Andros - កណ្ដាលសមុទ្រខាងត្បូងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក និងខាងជើងប្រទេសគុយបា) របស់ដៃគូរផ្សងព្រេងមួយគូរ។ ប៉ុន្តែនៅសប្ដាហ៍នេះ អ្នកចូលរួមកម្មវិធីទូរទស្សន៍ ស្ដីពីដំណើរផ្សងព្រេងមួយគូរទៀត ត្រូវបានគេបញ្ជូនទៅឲ្យភ្លក្សរសជាតិ នៅតំបន់អាស៊ីភាគអាគ្នេយ៍ម្ដង នោះគឺតំបន់ព្រៃភ្នំនៃប្រទេសកម្ពុជា។
អ្នកផ្សងព្រេងទាំងពីររូប ខារី (Carrie) និង ថម (Tom) បានសម្រេចចិត្តស្នាក់អាស្រ័យ ក្នុងយប់ដំបូង នៅលើផ្ទាំងថ្មហាលវាល ខណៈកម្មវិធីទីមួយសម្រាប់សប្ដាហ៍ តម្រូវឲ្យពួកគេ រុករកឲ្យបានច្រើនជាអតិប្បរមា នូវស្ថានភាពទឹកដីនៅទីនោះ។ ជម្រើសរបស់ពួកគេនេះ ទំនងជាសមហេតុផលច្រើន ព្រោះបើពួកគេមកស្នាក់អាស្រ័យ ទាំងកណ្ដាលយប់ នៅក្នុងព្រៃនោះ ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ជាពិសេសជាមួយនឹងសត្វសាហាវ និងពពួកសត្វល្អិតដ៏សម្បូរបែបនោះផង។
ប៉ុន្តែ នៅពេលដែលពួកគេបានធ្វើជម្រករួចមក កំដៅដ៏ក្ដៅហែងបានចូលមករួមរឹតរាងកាយ ដែលគ្មានខោអាវបិតបាំងនេះម្ដង ជំរុញឲ្យពួកគេចាំបាច់ត្រូវ ស្វែងរកទឹកមកបរិភោគជាបន្ទាន់។ នៅប្រទេសកម្ពុជា គេមិនអាចយកទឹកនៅនឹងព្រៃភ្នំមកទទួលទាន ដោយផ្ទាល់តែម្ដងបានឡើយ។ ហេតុដូច្នេះហើយ ទើបអ្នកផ្សងព្រេងប្រុសស្រីទាំងពីររូប បានរកឃើញវិធីមួយដើម្បីអាចផឹកទឹកនោះបាន ដោយដាំវា ជាមួយនឹងបំពង់ឬស្សី។
បញ្ហាស្រេកឃ្លានជារឿងមួយ ប៉ុន្តែរឿងដែលសំខាន់នៅក្នុងកម្មវិធីទើបនឹងបង្កើតថ្មីនេះ គឺបុរសស្ត្រីទាំងពីរ ត្រូវរស់តាមបែបធម្មជាតិ ប្រកបដោយបញ្ហាក្ដៅក្បាលជាច្រើនទៀត រហូតដល់ទៅរយៈពេល២១ថ្ងៃ។ កម្មវិធីនេះ ត្រូវបានថតទុកតាំងពីជាង៤ខែមកហើយ តែទើបនឹងត្រូវបានយកមកបញ្ចាំង នៅក្នុងស្ថានីយ៍ទូរទស្សន៍ ឌីសខូវើរី ក្នុងពេលនេះ ជារៀងរាល់ដើមសប្ដាហ៍ នៅយប់វេលាម៉ោង៩និង៤៥នាទី ដោយធ្វើការបកប្រែជាភាសាបារាំងផង សម្រាប់បញ្ចាំងក្នុងប្រទេសបារាំង និងប្រទេសកាណាដា។
វីដេអូសង្ខេបមួយ របស់កម្មវិធីទូរទស្សន៍៖
នេះជាវីដេអូទាំងស្រុង នៃកម្មវិធីដែលមានរយៈពេលជិត១ម៉ោង៖