ពលរដ្ឋនៅបឹងឈូក គីឡូម៉ែត្រលេខ៦ អាចត្រូវបណ្ដេញចេញ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 26, 2014
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បញ្ហាបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋាន នៅតែជាបញ្ហាក្តៅ និងពោរពេញដោយភាពចម្រូងចម្រាស។ ករណីថ្មីមួយ កំពុងបន្តកើតទៅលើ ប្រជាពលរដ្ឋរស់នៅសហគមន៍ បឹងឈូក ស្ថិតនៅផ្លូវលេខ ១៨០០ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ក្រុមពលរដ្ឋទាំងនោះ អាចប្រឈមនឹងការរុះរើផ្ទះចេញ តែត្រឹមរយៈពេល១៥ថ្ងៃ ក្រោមហេតុផលឈូសឆាយបើក និងពង្រីកផ្លូវ។ នេះបើតាមសេចក្តីជូនដំណឹង របស់អភិបាល ខណ្ឌឬស្សីកែវ លោក ធុយ សុខន។
ប្រជាពលរដ្ឋម្នាក់ មិនបានបញ្ជាក់ឈ្មោះ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅសហគមន៍ បឹងឈូកទាំងនោះ បានមករស់នៅក្នុងតំបន់នោះជាងប្រាំឆ្នាំមកហើយ។ ហើយពួកគាត់ ដែលជាប្រជាសហគមន៍ ក៏ធ្លាប់រងការគម្រាម និងប្រឈមនឹងការបណ្តេញចេញពីលំនៅដ្ឋាន ពីសំណាក់ឈ្មួញទុច្ចរិត ឃុបឃិតជាសម្ងាត់ ជាមួយពួកអាជ្ញាធរមូលដ្ឋានដែរ។
ពលរដ្ឋវ័យចំណាស់ដដែលនេះ បានបន្តថា កាលពីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០០៩ កងកម្លាំងប្រដាប់អាវុធ បានចុះរុះរើ ផ្ទះប្រជាពលរដ្ឋតំបន់នោះអស់០៦ខ្នង ផ្ទះទម្លាក់ទឹកបឹង ដោយសំអាងថាប្រជាពលរដ្ឋទាំងអស់ រស់នៅលើដីរដ្ឋ ។ បន្ទាប់មកប្រជាពលរដ្ឋរងគ្រោះទាំងនោះ ក៏បាននាំគ្នាធ្វើការតវ៉ាទាមទារ ស្វែងរកដំណោះស្រាយ ប័ណ្ណកម្មសិទ្ធិពីរដ្ឋាភិបាល។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ គ្មានស្ថាប័នណាមួយ ចេញមុខដោះស្រាយឲ្យពួកគាត់ឡើយ តែបែរជាចេញសេចក្តីជូនដំណឹងនេះ ឲ្យប្រជាពលរដ្ឋរុះរើផ្ទះចេញទៅវិញ ។
តាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខា ដោយអភិបាលខណ្ឌឬស្សីកែវ លោក ធុយ សុខន បានដាក់ឱសានវាទ ក្នុងរយៈពេល១៥ ថ្ងៃចាប់រាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា។ មកទល់ពេលនេះ នៅសល់រយៈពេលតែប៉ុន្មានថ្ងៃទៀតទៀតប៉ុណ្ណោះ បើគ្មានការប្រែប្រួលទេ និងមានការឈូសឆាយកម្ទេចប្រជាពលរដ្ឋនោះ ចោលដោយគ្មានលក្ខខណ្ឌ៕