អ្នកភ្នំបាតអតីតបុរីកីឡា ស្នើអគ្គីសនីកម្ពុជាបញ្ចុះតម្លៃភ្ជាប់បណ្តាញ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតអ្នកបុរីកីឡាជាង១៤០ គ្រួសារ ដែលកំពុងរស់នៅតំបន់ភ្នំបាត ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាលបានប្រតិកម្ម ចំពោះតម្លៃអគ្គីសនីកម្ពុជា នឹងត្រូវភ្ជាប់ចូលក្នុងឃុំនេះមានតម្លៃខ្ពស់ ពី១០០ ទៅ១២០ ដុល្លាអាមេរិក ក្នុងមួយគ្រួសារ។
មើលពីលើភ្នំព្រះរាជទ្រព្យ៖ សហគមន៍ភ្នំបាត ដែលសុទ្ធសឹងត្រូវជម្លៀសចេញពីរាជធានី យកទៅនៅទីនោះ។ (រូបថត ស្រុុកស្រែ)
សង្គម - ប្រជាសហគមន៍ភ្នំបាត ជាអតីតអ្នករស់នៅក្នុងតំបន់បុរីកីឡា ដែលត្រូវបានបង្ខំឲ្យចេញពីលំនៅដ្ឋានដោយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីយកតំបន់នោះ ទៅធ្វើការអភិវឌ្ឍន៍តាមរយៈក្រុមហ៊ុនផានអ៊ីម៉ិច។ ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ អាជ្ញាធររាជធានីមិនបានយកចិត្តទុកដាក់ ទៅតាមការសន្យារបស់ខ្លួនឡើយ ពិសេសបញ្ហាបណ្តាញទឹក និងភ្លើង។ នេះជាការបញ្ជាក់របស់អ្នកស្រី កែវ វុឌ្ឍី តំណាងសហគមន៍ភ្នំបាត។
អ្នកស្រី កែវ វុឌ្ឍី បានបញ្ជាក់ថា សព្វថ្ងៃនេះ ការរស់នៅក្នុងពេលរាត្រី របស់សហគមពឹងផ្អែកទាំងស្រុង ទៅលើភ្លើងចង្កៀងប្រេងកាត។ ជីវភាពរស់នៅទាំងរដាបរដួសគ្មានទឹក គ្មានភ្លើង និងគ្មានមុខរបរអ្វីអាចផ្គត់ផ្គង់ជីវភាពបានស្ថិតស្ថេរទេ រស់ព្រោះពឹងផ្អែកលើជំនួយសប្បុរសជន ឬអង្គការសង្គមស៊ីវិល។ អ្នកស្រីបន្ថែមថា ពលរដ្ឋទាំងអស់នឹងគ្មានលទ្ធភាពណាមួយ ដើម្បីភ្ជាប់បណ្តាញអគី្គសនីសម្រាប់មួយគ្រួសារ ដល់ទៅ១២០ដុល្លានោះឡើយ។
ស្រ្តីម្នាក់ទៀត ដែលកំពុងត្អូញត្អែរពីការរករបរចិញ្ចឹមជីវិត អ្នកស្រី វង្ស ចាន់ធី បានលើកឡើងថា ការភ្ជាប់នេះដំបូងឡើយ ត្រូវបានធានាដោយលោក ទូច ខន ជាអ្នករត់ការមួយចប់ក្នុងការភ្ជាប់បណ្តាញនេះ ឯប្រជាពលរដ្ឋចាំតែប្រើប្រាស់។ ក្រោយមកលោកក៏បានតម្រូវឲ្យប្រជាពលរដ្ឋមួយគ្រួសារបង់ថ្លៃសេវាភ្ជាប់នោះចំនួនពី១០០ដុល្លា ទៅ១២០ ដុល្លា។ អ្នកស្រីបានបង្ហាញនូវក្តីកង្វល់ ក្នុងការកំណត់តម្លៃភ្ជាប់បណ្តាញអគ្គីសនីនេះថា ដោយសារតែវាហួសពីលទ្ធភាពរបស់ពួកគាត់។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចសុំការបញ្ជាក់ពីលោក ទូច ខន ចំពោះការចោទប្រកាន់ខាងលើបានទេ ក្នុងល្ងាចនេះ។
ឯមន្រ្តីអគ្គីសនីកម្ពុជាវិញទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក៏មិនអាចសុំការបកស្រាយពីបញ្ហានេះបានដែរ ដោយគាត់បានឆ្លើយថា មិនអាចផ្តល់នូវចម្លើយពីករណីនេះឡើយ។
តំណាងសហគមដដែល អ្នកស្រី កែវ វុឌ្ឍី បានបន្ថែមថា ពលរដ្ឋទាំងអស់មិនសុខចិត្ត នឹងតម្លៃខ្ពស់ក្នុងការភ្ជាប់បណ្តាញអគ្គីសនីនេះ អ្នកស្រីបានទៅសុំការបញ្ជាក់ពីតំណាងអគ្គីសនីកម្ពុជា លើតម្លៃភ្លើងនេះ។ អ្នកស្រីបន្តថា មន្រ្តីអគ្គីសនីកម្ពុជារូបនោះបានប្រាប់ថា មិនមានតម្រូវឲ្យបង់ថ្លៃភ្ជាប់បណ្តាញរហូតដល់ ១០០ ឬ១២០ដុល្លាអាមេរិកទេ។ មន្រ្តីនោះបន្តថា ក្នុងមួយគ្រួសារបង់ត្រឹមតែ ១៥២ ០០០រៀល និងត្រូវចំណាយបន្ថែម នូវខ្សែភ្លើងចាប់ពីបង្គោលមេ រហូតដល់ផ្ទះរាងៗខ្លួនប៉ុណ្ណោះ ចំពោះតម្លៃលើសពីនេះមិនទទួលយកទេ។ អ្នកស្រីក៏បានធ្វើតាមការណែនាំ របស់មន្រ្តីរូបនោះដូច្នេះថា «កុំឲ្យគេធ្វើមេខ្យល់ ត្រូវតែទៅភ្ជាប់បណ្តាញដោយខ្លួនឯង។ ខាងអគ្គីសនីបង់ត្រឹមតែ ១៥២ ០០០ រៀលទេ ជាមួយនឹងការចំណាយបន្ថែមលើខ្សែអូសចូលផ្ទះប៉ុណ្ណោះ»។
តំណាងសហគមន៍ខាងលើក៏បាន ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅដាក់ពាក្យភ្ជាប់បណ្តាញអគ្គីសនីដោយខ្លួនឯង ជាមួយនឹងការចំណាយត្រឹមតែ១៥២០០០រៀល។ អ្នកស្រីបន្ថែមថា ទោះត្រូវចំណាយតែ១៥២០០០រៀលក៏ដោយ សម្រាប់អតីតអ្នកបុរីកីឡាទាំងអស់ នៅតែជាបន្ទុកមួយយ៉ាងធ្ងន់ និងក៏ជាបញ្ហាប្រឈមដែរ ព្រោះពួកគាត់ភាគច្រើននៅតែគ្មានលទ្ធភាពក្នុងការភ្ជាប់បណ្តាញនេះដដែល។ «១៥២០០០រៀលនេះពិបាកដែរ មិនដឹងរកស៊ីអីផង។ បើបានគាត់(អគ្គីសនីកម្ពុជា) ចុះឲ្យក្រោមហ្នឹងប្រហែលជាអាច ព្រោះអី១៥២០០០រៀល សម្រាប់គ្រួសារភាគច្រើនមាន ដូចជាជនពិការ ចាស់ជរានៅតែផ្ទះជាដើម។ (…) ដឹងថាត្រូវគិតយ៉ាងម៉េចទេ ព្រោះនៅកណ្តាលព្រៃ៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤