បទយកការណ៍៖ គម្រោងចិន ធ្វើឲ្យរាស្ត្រ«យំអស់ដី» នៅខេត្តកោះកុង
ផ្ទះធ្វើពីឈើប្រក់អំពីសង្ក័សីព័ណក្រហម តំរៀបគ្នាជាជួរនៅសងខាងផ្លូវ និងនៅមួយចំនួនលាក់ខ្លួនកណ្តាលព្រៃ នៅក្នុងស្រុកចំនួនពីរនៃខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគីរីសាគរ ត្រូវបានកសាងឡើងដោយក្រុមហ៊ុនរបស់ចិន យូនៀនដេវឺលប្បមេនគ្រុប ដែលវិនិយោគលើវិស័យឧស្សាហកម្មទេសចរណ៍ និងទីក្រុងរណប។ គម្រោងនេះបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋចំនួន១១៤៣គ្រួសារ ត្រូវបានជម្លៀសចេញពីទីតាំងចាស់របស់ខ្លួន។
ទិដ្ឋភាពមួយនៃស្រុកបុទុមសាគរ ខេត្តកោះកុង។ (រូបថត ខេត្តកោះកុង)
របាយការណ៍ - សកម្មភាពនៃគម្រោងអភិវឌ្ឍន៍ ដែលបានកំពុងសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ និងទីលានវាយកូនគោល បានសាងសង់រួចបានចំនួន៩រន្ធ ដែលគ្រោងនឹងដាក់ឲ្យភ្ញៀវចូលលេងកំសាន្ត នៅក្នុងឆ្នាំក្រោយនេះ នៅក្នុងខែកុម្ភៈ បុគ្គលិកក្រុមហ៊ុនបានឈូស បំផ្លាញនិងដុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ អស់ចំនួន៤៥ផ្ទះដើម្បីជាការបង្ខំឲ្យពួកគាត់ ទទួលយកសំណងទៅរស់នៅទីតាំងថ្មី។
លោក ផាន់ អេង អាយុ ៥៧ ឆ្នាំ ដែលជាជនរងគ្រោះ ដោយសារក្រុមហ៊ុនបានឈូសបំផ្លាញដីចំការ ពីកេរ្តិ៍ដូនតារបស់គាត់ ដើម្បីបំបាត់ភស្តុតាងហើយកំពុងបោះតង់រស់នៅក្នុងគំនរភេះ ដែលក្រុមហ៊ុនបានដុតផ្ទះរបស់គាត់ បានថ្លែងឲ្យដឹងថា ពលរដ្ឋបានយល់ព្រមមករស់នៅខាងភូមិថ្មី ប៉ុន្តែក្រុមហ៊ុនមិនទាន់បានវាស់ដីចំការឲ្យ ដូច្នេះហើយបានត្រឡប់ទៅធ្វើចំការនៅកន្លែងដីចាស់របស់ខ្លួនវិញ។ លោកបានរៀបរាប់ទៀតថា៖ «ប្រសិនក្រុមហ៊ុនដោះស្រាយតាមគោលការណ៍អន្តរក្រសួងនោះ ពុំមានបញ្ហាអ្វីចោទនោះទេ តែក្រុមហ៊ុនធ្វើបំពាន ពុំបានផ្តល់សំណងដូចសន្យានោះទេ»។
លោកបានថ្លែងបន្តទៀតថា ខាងក្រុមហ៊ុនដែលចូលមកដុតបំផ្លាញផ្ទះប្រជាពលរដ្ឋ ដោយមានតំណាងក្រុមហ៊ុនចិន សន្តិសុខឯកជនរបស់ក្រុមហ៊ុន និងកំលាំងទាហានពុំបានស្តាប់អ្វីទាំងអស់ ក្រៅពីពាក្យបញ្ជាឲ្យដុតផ្ទះ បើទោះបីជាពលរដ្ឋបង្ហាញគេ នូវលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យអាជ្ញាធរជួយអន្តរាគមន៍ក៏ដោយ។ លោកបានថ្លែងថា៖ «គេមិនស្តាប់យើងអ្វីទាំងអស់។ គេមកអភិវឌ្ឍន៍ក្រុមហ៊ុនរបស់គេ តែយើងជាម្ចាស់ដី បែរក្លាយជាជនរងគ្រោះ រកតែដីធ្វើចំការមិនមាន»។
អង្គុយនៅក្រោមដើមចន្ទី ដែលមានទូកនៅខាងមុខ លោក ភិន វណ្ណៈ ផ្ទះរបស់គាត់ ត្រូវបានក្រុមហ៊ុនដុតដើម្បីគំរាមឲ្យយកសំណងនោះ បានថ្លែងឲ្យដឹងថា លោកបានចាប់ផ្តើមរស់នៅលើទូក ជាមួយគ្រួសាររបស់គាត់ បន្ទាប់ពីក្រុមហ៊ុនបានផុតបំផ្លាញផ្ទះរបស់គាត់។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំរស់នៅលើទូក វាប្រសើរជាងទៅយកផ្ទះនៅភូមិថ្មី ពីព្រោះទៅរស់នៅទីនោះដូចទៅស្លាប់អញ្ចឹង យើងគ្មានមុខរបរនោះទេ បើយើងនៅលើទូក យើងអាចនេសាទចិញ្ចឹមគ្រួសារបាន»។
លោកបានសម្ដែងទុក្ខកង្វល់ថា ឥឡូវនេះពលរដ្ឋដែលជាម្ចាស់ដីគ្មានដីនៅទេ ប៉ុន្តែក្រុមហ៊ុនចិន បែរជាគេមកយកដីយើងរាប់ម៉ឺនហិកតាហើយ នៅពេលដែលគេចុះមកដុតផ្ទះពលរដ្ឋយើង បែរជាមានទាហ៊ានប៉ូលីសការពារ ដើម្បីគំរាមពលរដ្ឋទៀត។ លោកបានថ្លែងថា៖ «តើយុត្តិធម៌នៅឯណាយើងរស់នៅតាំងពីសម័យសង្គមរាស្ត្រនិយម»។
ជាការឆ្លើយតបនោះ លោក ង៉ូ ធៀនឡុង តំណាងក្រុមហ៊ុនយូនៀនដេវឺលប្បមេនគ្រុប បានថ្លែងឲ្យដឹងថា អ្វីដែលក្រុមហ៊ុនរបស់លោកធ្វើ គឺទៅតាម«គោលនយោបាយ»របស់រដ្ឋាភិបាល គឺពលរដ្ឋដែលរស់នៅមុនឆ្នាំ ១៩៩៣ ទទួលបានសំណង៨០០០ដុល្លារសម្រាប់ដីមួយហិកតា និងមានសំណងជាច្រើនទៀតដូចជា ៦០០០ដុល្លារក្នុងមួយហិកតា ៤០០ដុល្លារក្នុងមួយហកិតា និង ២០០០ដុល្លារក្នុងមួយហិកតា រហូតដល់ ២០០ដុល្លារ។ រីឯការផ្តល់គោលនយោបាយផ្ទះគឺ៥០ម៉ែត្រគុណនិង ១០០ម៉ែត្រ និងដីចំការ២ហិកតា ប៉ុន្តែយោងទៅតាមសមាជិកគ្រួសារ បើមានសមាជិកច្រើនគឺអាចទទួលបានដី៥ហិកតា។
លោកបានពន្យល់ដូច្នេះថា៖ «ពលរដ្ឋដែលទៅរស់នៅបោះតង់ហើយក្រុមហ៊ុនដុតចោល ហើយខ្លះទៅរស់នៅលើទូកពលរដ្ឋនោះ តាមពិតបានទទួលយកសំណង់សព្វគ្រប់អស់ហើយពីក្រុមហ៊ុនយើង យើងមិនដែលដុតផ្ទះគេទេយើងដុតតង់។ ហើយយើងក៏ពុំដែលបញ្ឈប់អ្នកនេសាទមិនឲ្យនេសាទដែរ យើងថែមទាំងអនុញ្ញាតិឲ្យពួកគាត់បោះតង់ស្នាក់នៅប៉ុណ្ណោះអាសន្ន គឺនៅពេលថ្ងៃគាត់ទៅនេសាទ ពេលយប់អាចស្នាក់នៅកន្លែងតង់នោះ ប៉ុន្តែពួកគេត្រូវតែធ្វើកិច្ចសន្យាជាមួយអាជ្ញាធរនិងក្រុមហ៊ុនថា ត្រូវធ្វើការរុះរើនៅពេលក្រុមហ៊ុនត្រូវការដើម្បីការវិនិយោគ ប៉ុន្តែពួកគាត់នោះមិនមែនធ្វើតង់ទេពួកគាត់ព្យាយាមធ្វើផ្ទះ។»។
លោកបានថ្លែងឲ្យដឹងទៀតថា គ្មានក្រុមហ៊ុនណាជួយប្រជាជនដូចក្រុមហ៊ុនលោកទេ គឺ ធ្វើផ្ទះឲ្យពួកគាត់ កសាងសាលារៀនមួយខ្នងដែលមានប្រាំបន្ទប់ វត្ត ផ្សារ ដើម្បីឲ្យពួកគាត់រកស៊ី តាមពិតសំណងទាំងនោះ គឺជា«បន្ទុក»របស់រដ្ឋាភិបាលទេ ពីព្រោះក្រុមហ៊ុនជួលដីពីរដ្ឋាភិបាល។ គម្រោងវិនិយោគរបស់លោកចំណាយ ដើម្បីទុន៣៨ពាន់លានដុល្លារដើម្បីវិនិយោគទីក្រុងរណប សាងសងសណ្ឋាគារផ្កាយប្រាំ២ ទីលានវាយកូនគោល២ ទីក្រុងរណប អាគារពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម កាស៊ីណូ ព្រលានយន្តហោះអន្តរជាតិ និងកំពុងផែរ ដោយកែប្រែកន្លែងនេះ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ល្អបំផុត នៅអាស៊ីអាគ្នេយ៍នេះ។ លោក ង៉ូ ធៀនឡុង បានបកស្រាយឲ្យដឹងទៀតថា ៖ «រដ្ឋដែលប៉ះពាល់ជាមួយគម្រោងវិនិយោគ ត្រូវបានបញ្ចប់នូវការទូទាត់សំណងអស់ហើយ ចំពោះប្រជាពលរដ្ឋរងគ្រោះ ១១៤៣គ្រួសារ នៅសល់តែ១៨ គ្រួសារប៉ុណ្ណោះ ដែលពុំទាន់បានដោះស្រាយគោលនយោបាយសំណង»។
ទោះជាមានការអះអាង អំពីការវិនិយោគ និងផ្តល់សំណងសមរម្យយ៉ាងណាក៏ដោយ បើយោងទៅតាមរបាយការណ៍ អង្កេតរបស់គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា ប្រជាជនសរុបចំនួន១១៤៣គ្រួសារស្ថិតក្នុងឃុំចំនួន៥នៃស្រុកចំនួនពីរគឺស្រុកស្រុកគិរីសាគរនិងស្រុកបុទុមសារគរ ដែលរស់នៅក្នុងទស្សវត្ស៦០និង៨០ និងវត្តចំនួនបី និងសាលាបឋមសិក្សារមួយ បានរងនូវផល់ប៉ះពាល់ដោយត្រូវផ្លាស់ប្តូរទីតាំង ចេញពីតំបន់នោះ។ ប្រជាពលរដ្ឋចំនួន៨០០គ្រួសារ ស្មើរនិង៧១ភាគរយ បាន«បង្ខំចិត្ត»ផ្តិតមេដៃ យល់ព្រម ទៅរស់នៅក្នុងទីតាំងថ្មី។ ចំនែកប្រជាពលរដ្ឋមិនព្រមយកសំណង៣៤៣គ្រួសារ ស្មើរនិង២៩ភាគរយ បានសូមឲ្យរដ្ឋាភិបាលឆ្វៀលដីរបស់គាត់ ចេញពីក្រុមហ៊ុន។ ក្នុងករណីមិនអាចឆ្វៀលបានសុំឲ្យមានដំណោះស្រាយសំណងសមរម្យ។
នៅក្នុងរបាយការណ៍នោះ បានឲ្យដឹងទៀតថា ការតាំងលំនៅដ្ឋាននៅទីតាំងថ្មី គឺប្រជាពលរដ្ឋប្រមាណ៧០ភាគរយ ជាអ្នកប្រកបរបនេសាទ និង១០ភាគរយ ជាអ្នកចំការ បានវិលត្រឡប់ទៅទីតាំងចាស់របស់ខ្លួនវិញ ដើម្បីប្រកបរបរជាអ្នកនេសាទ និងប្រមូលផលដំណាំ។ មានតែប្រជាពលរដ្ឋ១ភាគរយប៉ុណ្ណោះ ដែលមានមុខរបរលក់ចាប់ហួយរឺគ្រឿងឧបភោគបរិភោគ មានជីវភាពល្អប្រសើរជាងមុន។
ជាការឆ្លើយតប លោក ង៉ូ ធៀនឡុង បានថ្លែងឲ្យដឹងថា ចំពោះរបាយការណ៍ដែលថា ពលរដ្ឋដែលបានទៅទីតាំងថ្មី ហើយចង់ត្រឡប់មកទីតាំងចាស់វិញនោះគឺមិនពិត ព្រោះខាងក្រុមហ៊ុនបានចុះទៅជូបពលរដ្ឋទាំងនោះ ហើយក្រុមហ៊ុន ក៏ពុំបានចាប់បង្ខំពលរដ្ឋណាម្នាក់ ឲ្យផ្តិតមេដៃដើម្បីយល់ព្រមក្នុងការផ្លាស់ប្តូរទៅទីតាំងថ្មីនោះទេ គឺពួកគាត់ស្ម័គ្រចិត្តទៅដោយខ្លួនឯង ហើយក្រុមហ៊ុនក៏មានឯកសារដើម្បីបង្ហាញដែរ។
រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខា លើកិច្ចសន្យា ជាមួយក្រុមហ៊ុនយូនៀនដេវឺលប្បមេនគ្រុប ជួលដីសម្រាប់រយៈពេល«៩៩ ឆ្នាំ» នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០០៨ សម្រាប់ការសាងសង់តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរម្មណីយដ្ឋានទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគបន្ថែមទៀតលើផ្ទៃដីទំហំ ៣៦០០០ហិកតា ក្នុងស្រុកគិរីសាគរ និងស្រុកបុទុមសារគរ។ ហើយនៅខែសីហា ឆ្នាំ ២០១១ រាជរដ្ឋាភិបាលបានចេញអនុក្រិត្យ ស្តីពីការកំណត់ផ្ទៃដីទំហំ ៩១០០ ហិកតាទៅជាតំបន់ប្រើប្រាស់ដោយចីរភាព និងបានផ្តល់ដីសម្បទានជាលើកទី២ ឲ្យទៅក្រុមហ៊ុននេះ ដើម្បីធ្វើអាងស្តុកទឹកនិងវារីអគ្គីសនី។ ហើយនៅក្នុងកិច្ចសន្យាបានអនុញ្ញាតិឲ្យក្រុមហ៊ុនកាប់ឆ្កាព្រៃឈើ ដើម្បីអភិវឌ្ឍន៍ទីតាំងវិនិយោគតាមប្លង់មេ ប៉ុន្តែត្រូវឲ្យក្រុមហ៊ុនបង់សួយសារនិងបុព្វលាភ ចំពោះឈើដែលមានតម្លៃសេដ្ឋកិច្ចដែលខ្លួនកាប់ប្រើប្រាស់រឺលក់។
បើតាមការអះអាងរបស់ លោក នាង បូរាទីណូ មន្ត្រីសម្របសម្រួលសមាគមអាដហុកបានឲ្យដឹងថា គ្រាន់តែនៅដើមឆ្នាំ២០១៤នេះ ក្រុមហ៊ុនចិន បានដុតផ្ទះ និងរុះបំផ្លាញផ្ទះប្រជាពលរដ្ឋនៅស្រុកបទុមសាគរ អស់៤៥ខ្នង ដើម្បីបំបិទភស្តុតាងសម្រាប់ពលរដ្ឋ ដែលរស់នៅក្នុងភូមិចាស់ ដែលពុំព្រមទទួលយកសំណង។ ដូច្នេះក្រុមហ៊ុននិងអាជ្ញាធរត្រូវធ្វើការផ្ទៀងផ្ទាត់ឡើងវិញ ចំពោះរបាយការណ៍ដែលថាមានពលរដ្ឋសរុបតែចំនួន១៨គ្រួសារ ដែលពុំព្រមទទួលយកសំណងនោះ។ លោកបានពន្យល់ថា៖ «នៅក្នុងដំណោះស្រាយជូនប្រជាពលរដ្ឋវិញ គឺខាងក្រុមហ៊ុនក៏ដូចជាអាជ្ញាធរ ពុំបានផ្តល់តម្លាភាពដល់ពលរដ្ឋទេ។ គឺគេធ្វើនៅមានការបិទបាំង ហើយប្រជាពលរដ្ឋមួយចំនួន ទទួលយកសំណងទាំងភាពងងិតងងុល ក្រុមហ៊ុនពុំបានអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាលដូចជាផ្តល់សំណង ៨០០០ ដុល្លារក្នុងដីមួយហិកតា រឺ ៦០០០ រឺក៏ ៤០០០ ដុល្លារនោះទេ»។
លោកបានថ្លែងឲ្យដឹងទៀតថា ពលរដ្ឋខ្លះគាត់ទទួលយកគោលការណ៍ក្រុមហ៊ុន ដោយសារតែមានការគំរាមកំហែងរឺក៏បន្លំដោយគ្រាន់តែពលរដ្ឋយល់ព្រមផ្តិតមេដៃថា យល់ព្រមប្តូរលំនៅដ្ឋានរបស់ពួកគេ ក្រុមហ៊ុនបានចុះមកថតផ្ទះពលរដ្ឋហើយធ្វើការរុះរើផ្ទះរបស់ពួកគាត់តែម្តងដោយពុំបានផ្តល់អ្វីទាំងអស់ ហើយពលរដ្ឋភាគច្រើន ពុំបានទទួលសំណងដីចំការ ដែលជាប្រភពចំណូលដើម្បីទ្រទ្រង់គ្រួសារនោះទេ៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី២៣ មីនា ២០១៤