អ៊ុយក្រែន ចោទ រ៉ូស្សី ថា​បាន​ឈ្លានពាន​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន​គ្រឹះ

នៅថ្ងៃព្រហស្បត្តិ៍ទី១៣ ខែមីនានេះ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអ៊ុយក្រែន បានចោទប្រទេសរ៉ុស្សី បាននាំមកនូវ ការ​ឈ្លានពានតាមផ្លូវយោធាមួយ មកលើប្រទេសរបស់លោក ដែលគ្មានហេតុផល និងមូលដ្ឋានគ្រឹះច្បាស់លាស់ ជា​ពិសេសនៅលើទឹកដីគ្រីម៉េ (Crimée)។ សកម្មភាពរបស់ប្រទេសរ៉ូស្សី ដែលនាយករដ្ឋមន្ត្រីរូបនេះ វាយតម្លៃថា​មិន​អាច​ទទួលយកបាន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃព្រហស្បត្តិ៍ទី១៣ ខែមីនានេះ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអ៊ុយក្រែន បានចោទប្រទេសរ៉ុស្សី បាននាំមកនូវ ការ​ឈ្លានពានតាមផ្លូវយោធាមួយ មកលើប្រទេសរបស់លោក ដែលគ្មានហេតុផល និងមូលដ្ឋានគ្រឹះច្បាស់លាស់ ជា​ពិសេសនៅលើទឹកដីគ្រីម៉េ (Crimée)។ សកម្មភាពរបស់ប្រទេសរ៉ូស្សី ដែលនាយករដ្ឋមន្ត្រីរូបនេះ វាយតម្លៃថា​មិន​អាច​ទទួលយកបាន។


យន្ដហោះចម្បាំងរបស់រ៉ូស្សី បញ្ជូនទៅកាន់ប្រទេសប៊ែឡារ៉ុស។ (រូបថត AFP/Andrey Smirnov)

អ៊ុយក្រែន - នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអ៊ុយក្រែន លោក អាសឺនី អៀតសឺនីអ៊ុក (Arseni Iatseniouk) បានប្រកាស​នៅមុខក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ ថាលោកជឿជាក់ក្នុងចិត្តថា ប្រជាជនរ៉ូស្សីមិនចង់បាន​សង្គ្រាម​នោះទេ។ លោក បានអំពាវនាវឲ្យមេដឹកនាំរ៉ូស្សី ឲ្យគោរពបំណងរបស់ប្រជាជន ហើយត្រឡប់មករកការ​ជជែក​ជាមួយប្រទេសអ៊ុយក្រែនវិញ។

លោក អាស៊ឺនី បានថ្លែងថា៖ «ប្រសិនបើយើងចាប់ផ្ដើមធ្វើការ ជជែកយ៉ាងពិតប្រាកដមួយ ជាមួយប្រទេសរ៉ូស្សី ខ្ញុំជឿជាក់ថា យើងអាចក្លាយជាដៃគូរដ៏ល្អរវាងប្រទេសទាំងពីរ»។

នាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា ប្រទេសអ៊ុយក្រែន បានបោះបង់ចោលនូវរោងចក្រនុយក្លេអ៊ែរ ដ៏សំខាន់​មួយ​របស់ខ្លួន កាលពីឆ្នាំ១៩៩៤ ដើម្បីប្ដូរនឹងការធានានូវឯករាជ្យភាព និងការបង្រួបបង្រួមទឹកដី។

បន្ទាប់ពីសកម្មភាពយោធារបស់ប្រទេសរ៉ូស្សី នៅដែនដីគ្រីម៉េ ក្នុងរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី អាស៊ឺនី បាន​អះអាង​ថា «វាពិតជាពិបាកនឹងឲ្យពិភពលោកជឿថា យើងមិនមានអាវុធនុយក្លេអ៊ែរនោះណាស់»។

គួររំលឹកថា កងទ័ពនៃប្រទេសរ៉ូស្សី បានចូលមកកាន់កាប់ឧបទ្វីបគ្រីម៉េ។ ប្រជាជនដែលរស់នៅក្នុងតំបន់នេះ នឹង​ត្រូវ​ទៅបោះឆ្នោតធ្វើប្រជាមតិ នៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីសម្រេចវាសនាពីការបំបែកខ្លួន ហើយភ្ជាប់ខ្លួនទៅប្រទេស​រ៉ូស្សី។

នៅអ៊ឺរ៉ុបឯណេះវិញ លោកស្រីទេសាភិបាលអាល្លឺម៉ង់ អេនជឺឡា ម៉ែគែល (Angela Merkel) បានតម្លើងសម្លេង​ប្រឆាំង​ប្រទេសរ៉ូស្សី ដោយស្នើសុំឲ្យផ្អាកនូវប្រជាមតិនេះ មុននឹងសភាពការណ៍ធ្លាក់ជ្រៅទៅរកមហន្ដរាយ។

អគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំនៅអ.ស.ប លោក ម៉ាក ឡាអល (Mark Lyall) បានសង្កត់ធ្ងន់ដែរថា «ប្រជា​មតិដែលសេរី និង​ត្រឹមត្រូវ មិនអាចធ្វើឡើង ក្នុងខណៈពេលដែលអ្នកបោះឆ្នោតត្រូវគូសសន្លឹកឆ្នោត នៅក្រោម​កាណុង​កាំភ្លើង​នោះ​ទេ»។

អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី សាម៉ាន់ថា ផាវ័រ (Samantha Power) បាន​ប្រកាសនៅថ្ងៃព្រហស្បត្តិ៍ដដែលថា កងទ័ពរបស់ប្រទេសរ៉ូស្សី យ៉ាងហោច២ម៉ឺននាក់ ត្រូវបានដាក់ឲ្យត្រៀមនៅ​លើទឹកដីរ៉ូស្សី សម្រាប់ប្រជាមតិនៅថ្ងៃអាទិត្យនេះ។

លោកស្រី សាម៉ាន់ថា ផាវ័រ បានអះអាងថា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានអំពាវនាវឲ្យផ្អាក​ការធ្វើ​ប្រជាមតិនេះ ដែលគេមិនអាចចាត់ទុកថាជា ប្រជាមតិស្របច្បាប់មួយ ជាពិសេសនៅក្នុងពេល ដែលមានវត្តមាន នៃអន្តរាគមន៍របស់កងទ័ពបរទេសយ៉ាងដូច្នេះទេ។ លោកស្រីបានកំណត់ថា «កងទ័ពរបស់ប្រទេសរ៉ូស្សី ត្រូវវិល​ត្រឡប់ទៅកាន់បន្ទាយវិញ»។

លោកស្រីអគ្គរដ្ឋទូត បានបន្ថែមថា សហរដ្ឋអាមេរិកបានស្នើសុំឲ្យមានដំណោះស្រាយមួយ នៅក្រុមប្រឹក្សា​សន្ដិសុខ​របស់អ.ស.ប ស្ដីពីវិបត្តិនៅគ្រីម៉េ ប៉ុន្តែប្រទេសរ៉ូស្សីចង់ឲ្យមាន ការដោះស្រាយតាមផ្លូវការទូតជៀសជាង៕

------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៣ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...