អាមេរិក​តាម​រក​យន្ដហោះ​បាត់​ខ្លួន ឆ្ងាយ​ហួស​ពី​មហា​សមុទ្រ​ឥណ្ឌា

កងទ័ពជើងទឹករបស់អាមេរិកបានបញ្ជាទៅនាវាចម្បាំងរបស់ខ្លួន យ៉ាងហោចណាស់ចំនួនមួយ នៅថ្ងៃព្រហស្បត្តិ៍​ទី​១៣ ខែមីនានេះ ឲ្យចេញដំណើរទៅកាន់មហាសមុទ្រឥណ្ដា ដើម្បីរុករកស្វែងរកយន្ដហោះ ប៊ូអ៊ីង ៧៧៧ ដែល​បាន​បាត់ខ្លួន របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរឡាញ។ ការបញ្ជូនាវារបស់ប្រទេសមហាអំណាច ទៅកាន់​តំបន់​លំហទឹកនោះ ខណៈពេលដែលប្រព័ន្ធព័ត៌មានរបស់អាមេរិក បានផ្សាយឲ្យដឹងថា យន្ដហោះបានបន្តផ្ដល់​ដំណឹង​របស់ខ្លួន តាមរយៈផ្កាយរណប នៅក្រោយការរលុបខ្លួនចេញពីរ៉ាដា។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កងទ័ពជើងទឹករបស់អាមេរិកបានបញ្ជាទៅនាវាចម្បាំងរបស់ខ្លួន យ៉ាងហោចណាស់ចំនួនមួយ នៅថ្ងៃព្រហស្បត្តិ៍​ទី​១៣ ខែមីនានេះ ឲ្យចេញដំណើរទៅកាន់មហាសមុទ្រឥណ្ដា ដើម្បីរុករកស្វែងរកយន្ដហោះ ប៊ូអ៊ីង ៧៧៧ ដែល​បាន​បាត់ខ្លួន របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរឡាញ។ ការបញ្ជូនាវារបស់ប្រទេសមហាអំណាច ទៅកាន់​តំបន់​លំហទឹកនោះ ខណៈពេលដែលប្រព័ន្ធព័ត៌មានរបស់អាមេរិក បានផ្សាយឲ្យដឹងថា យន្ដហោះបានបន្តផ្ដល់​ដំណឹង​របស់ខ្លួន តាមរយៈផ្កាយរណប នៅក្រោយការរលុបខ្លួនចេញពីរ៉ាដា។


តំបន់នៃការរុករក ត្រូវបានពង្រីកនៅជុំវិញចំណុច ដែលយន្ដហោះបានបាត់ពីកញ្ចក់រ៉ាដា។

បាត់យន្ដហោះ - តំបន់នៃការស្វែងរកយន្ដហោះបាត់ខ្លួន ត្រូវបានពង្រីកនៅក្នុងលំហសមុទ្រចិនខាងត្បូង ផ្នែកខាង​កើតនៃប្រទេសម៉ាឡេស៊ី តម្រង់ត្រង់ទៅឈូងសមុទ្រម៉ាឡាកា បន្ទាប់មកសេតវិមានបានបង្ហាញឲ្យដឹងពី​ព័ត៌មាន​ថ្មី​ទៀត ដែលនាំឲ្យអាជ្ញាធរនៃប្រទេសម៉ាឡេស៊ី ចាប់ផ្ដើមការរុករកបន្ថែម ទៅផ្នែកខាងលិចវិញម្ដង ដែលអាចធ្លាយ​រហូតទៅដល់មហាសមុទ្រឥណ្ឌា។

អ្នកនាំពាក្យរបស់សេតវិមាន លោក ជេ កាណេយ៍ (Jay Carney) បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ​ព្រហស្បត្តិ៍ដដែលថា «បើតាមអ្វីដែលខ្ញុំដឹង តែមិនមែនជាសេចក្ដីសន្និដ្ឋានទេ គ្រាន់តែវាជាព័ត៌មានថ្មីនោះ គឺការរុក​រកបានពង្រីកទៅដល់មហាសមុទ្រឥណ្ឌា»។

ស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) អ្នកទទួលខុសត្រូវកងទ័ពជើងទឹកអាមេរិកមួយរូប ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែងថា នាវាចម្បាំងឈ្មោះ USS Kidd មួយគ្រឿង (ពីក្នុងចំណោមពីរគ្រឿង ដែលចូលរួមរុករកយន្ដហោះបាត់ខ្លួន) បានធ្វើដំណើរចេញទៅកាន់មហាសមុទ្រឥណ្ឌាហើយ។ យន្ដហោះត្រួត​ពិនិត្យមួយគ្រឿងទៀត ដែលមានឈ្មោះថា P-8 Poseidon ក៏នឹងចេញដំណើរទៅជាជំនួយដល់នាវានេះដែរ។

បើតាមការសែត វ៉លស្ទ្រីត ជូណល (Wall street journal) និងបណ្ដាញទូរទស្សន៍ អេប៊ីស៊ី (ABC) បានលើកយក​សម្ដីរបស់ក្រុមអ្នកស៊ើបអង្កេត ស្និតនឹងសំនុំរឿងនេះមកបញ្ជាក់ថា យន្ដហោះដែលដឹកមនុស្ស២៣៩នាក់ បានបន្ត​ហោះ​ហើរ ក្នុងរយៈពេលចំនួន៥ម៉ោងបន្ថែមទៀត បន្ទាប់ពីត្រូវបានរលុបពីកញ្ចក់រ៉ាដានៅលើផែនដី មួយម៉ោង​ក្រោយពី​ការហោះចេញពីរដ្ឋធានីកូឡាឡំពួរប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងប្រទេសចិន។

ក្រុមអ្នកស៊ើបអង្កេតនោះបាននិយាយថា បើទោះជាវិទ្យុទាក់ទងត្រូវបានគេផ្ដាច់មិនឲ្យឃើញតួរយន្ដហោះ នៅលើ​ផែនដីក៏ពិតមែន តែឧបករណ៍បំពាក់ផ្សេងទៀតរបស់យន្ដហោះ បានបញ្ជូនដំណឹងនៃដំណើររបស់យន្ដហោះ ជា​លក្ខណៈស្វ័យប្រវត្តិតាមរយៈផ្កាយរណប។ ជាពិសេសក្នុងរយៈពេល៤ម៉ោងក្រោយការរលុបខ្លួនពីកញ្ចក់រ៉ាដា នៅ​លើផែនដី ឧបករណ៍ស្វ័យប្រវត្តិនៅលើយន្ដហោះ បានស្វែងរកការភ្ជាប់ខ្លួនផ្ដល់ដំណឹងមិនឈប់ឈរ ទៅកាន់​ផ្កាយ​រណបចំនួនមួយឬច្រើន ដែលមានតួនាទីចាំទទួលដំណឹងទាំងនោះ។

ប្រសិនបើយន្ដហោះបន្តការហោះហើរចំនួន៥ម៉ោងជាបន្ត គេអាចប៉ាន់ប្រមាណថា យន្ដហោះបានធ្វើដំណើរមក​ដល់​ចម្ងាយច្រើនជាង ២២០០ម៉ៃយ៍ បន្ថែមទៀត បើគេយោងទៅតាមល្បឿន ដែលយន្ដហោះប្រភេទនេះធ្លាប់​ធ្វើរាល់​ដង។ ចម្ងាយនេះ នឹងអាចឲ្យយន្ដហោះធ្វើដំណើរមកដល់ប្រទេសប៉ាគីស្តង់ ឬអាចនឹងមកដល់ឈូងសមុទ្រ នៃ​ប្រទេស​អារ៉ាប៊ីតសាអ៊ូឌីតថែមទៀត៕

-----------------------------------

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងវិលត្រឡប់មកលំអិតសំនុំរឿងនេះឡើងវិញ នៅក្នុងរបាយការណ៍ដ៏វែងមួយ ដែល​មានជាប់ទាក់ទងនឹងមន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក) នោះផង។ សូមរងចាំអាន។

------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៤ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...