ខៀវ កាញារីទ្ធ ព្រមានទូរទស្សន៍ឲ្យចាក់ផ្សាយវណ្ណកម្មខ្មែរ ចាប់ពីថ្ងៃទី១មករា២០១៦
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៩ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 20, 2015
- ប្រធានបទ: សោតទស្សន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើបណ្តាស្ថានីយទូរទស្សន៍ណា ដែលនៅតែបន្តការចាក់ផ្សាយ នូវខ្សែរភាពយន្តបរទេស ក្នុងចន្លោះម៉ោង១៩ ដល់ម៉ោង២១ យប់ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នោះ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។ នេះជាការថ្លែងព្រមាន របស់លោក ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅនឹងការចាក់ផ្សាយ វណ្ណកម្មបរទេសជាច្រើន របស់បណ្ដាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក។
ក្នុងកិច្ចសម្ភាស ជាមួយបណ្តាអ្នកសារព័ត៌មាន និងទូរទស្សន៍ កាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានព្រមានថា បើស្ថាន័ទូរទស្សន៍ណា នៅតែរឹងទទឹង បន្តចាក់ផ្សាយភាពយន្តបរទេស នឹងអាចប្រឈមចំពោះមុខច្បាប់ ដូចជា មួយរងបណ្តឹងឡើងតុលាការ ទីពីរផ្អាកអាជ្ញាប័ណ្ណ និងទីបីត្រូវទទួលពិន័យជាដើម។
កាលពីថ្ងៃទី២៥ កញ្ញា កន្លងមកនេះ លោករដ្ឋមន្រ្តីបានសម្រេចហាមឃាត់ម្ដងហើយ នូវការចាក់ផ្សាយភាពយន្តបរទេសគ្រប់ប្រភេទ នៅតាមកញ្ចក់ទូរទស្សន៍ទាំងអស់ ក្នុងប្រទេសកម្ពុជា ក្នុងចន្លោះម៉ោង ពី១៩ ដល់ម៉ោង ២១យប់។ លោក ខៀវ កាញារឹទ្ធ បានកំណត់ឲ្យយកម៉ោងនេះ មកចាក់ផ្សាយនូវវណ្ណកម្មខ្មែរ ដើម្បីលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណភាពយន្ត របស់ខ្មែរវិញ។
តែមកទល់នឹងថ្ងៃនេះ ការប្រកាសខាងលើ ត្រូវបានលោករដ្ឋមន្រ្តីអះអាងថា ទូរទស្សន៍ភាគច្រើនបានធ្វើតាមហើយ មានតែទូរទស្សមួយប៉ុណ្ណោះ ដែលសុំពន្យាពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខវិញ ក្រោមហេតុផលជាប់កិច្ចសន្យានានា។ លោកថា បើគ្មានវណ្ណកម្មខ្មែរ ដូចជាខ្សែភាពយន្ត ឬវីដេអូទេ បណ្តាទូរទស្សន៍ទាំងនោះ អាចចាក់ផ្សាយនូវតន្ត្រីសម័យបុរាណ កម្មវិធីកម្សាន្តផ្សេងៗ ឬកម្មវិធីកីឡា ជាជំនួសវិញបាន។
ក្រោយពិធីបើកសិក្ខាសាលា បណ្តុះបណ្តាល ស្ដីពីប្រព័ន្ធផ្សព្វផ្សាយ និងការប្រែប្រួលអាកាសធាតុ លោក ខៀវ កាញារីទ្ធ បានដាក់កំហិតថា នឹងយកថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ខាងមុខ ជាថ្ងៃចាប់ផ្តើមអនុវត្ត សេចក្តីសម្រេចនោះ នឹងមិនអាចមានការពន្យាពេល បានទៀតឡើយ។ លោករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា៖ «បើមិនគោរព យើងអាចប្ដឹងទៅតុលាការ ឬមួយផ្អាកអាជ្ញាប័ណ្ណ ដាក់វិន័យផ្សេងៗ។ ប៉ុន្តែតាមខ្ញុំដឹង គឺទូរទស្សន៍ទាំងអស់ គាត់យល់ព្រម នៅតែស្ថានីយទូរទស្សន៍ ភី.អ៊ិន.អ៊ិន (PNN) ដែលគាត់សុំពន្យារពេល ដល់ថ្ងៃទី៣១ ខែធ្នូ ដោយសារគាត់ ជាប់កុងត្រាជាមួយគេ។»៕
» សូមស្តាប់កិច្ចសម្ភាសជាមួយលោក ខៀវ កាញារីទ្ធ ដូចខាងក្រោម៖
---------