សុភ័ណ្ឌ ឡារី៖ មិនខ្លាចការគម្រាមសម្លាប់ តាមបែបនយោបាយ
ជីវិតតារា - តារាសម្តែងលោក សុភណ្ឌ័ ឡារី ដែលគេស្គាល់ក្នុងចម្រៀងជាច្រើនរបស់ផលិតកម្មក្នុង-ក្រៅស្រុក ឬតាមពាណិជ្ជកម្មផេ្សងៗ បានធ្វើឲ្យគេកាន់តែស្គាល់ថែមទៀត ជាមួយនឹងការចេញមុខមាត់ ក្នុងការយកលុយពីសប្បុរសជនក្រៅប្រទេស ជូនប្រជាពលរដ្ឋរងគ្រោះនឹងទឹកជំនន់ ពលរដ្ឋក្រីក្រ រងរបួស និងជាពិសេសចេញមុខក្នុងការហែក្បូនឃោសនា របស់គណបក្សសង្រ្គោះជាតិនាពេលកន្លងទៅ។
តាំងពីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តហើយ លោក ឡារី បានផ្អាកការងារជាអ្នកសិល្បៈរបស់ខ្លួន បន្ទាប់ពីផលិតកម្មជាច្រើន មិនបានទាក់ទងលោកអោយសម្តែងទៀត ដូចអ្វីដែលធ្លាប់ធ្វើពីមុន។ ជាពិសេស នៅពីរសប្តាហ៍ចុងក្រោយនេះ លោកបានទទួលលិខិតពី ប៉ុស្តិ៍ទូរទស្សន៍ និងស្ថាប័នពាក់ព័ន្ធការងារសិល្បៈ ស្ទើរតែទាំងអស់ដែលបានកាត់ផ្តាច់ ការងាររបស់លោកទាំងស្រុង និងថ្មីៗនេះ លោកត្រូវបានទទួលសារគម្រាមសម្លាប់ជាមួយរូបកាំភ្លើងតាមទូរស័ព្ទ ឬប្រពន្ធ័ឡាយ (Line)ទៀតផង។
ស្ថិតក្នុងវ័យ២៩ឆ្នាំ លោកសុភ័ណ្ឌ ឡារី មានឈ្មោះកំណើតថា សោភ័ណ្ឌ រិទ្ធី បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈ តាំងពីចុងឆ្នាំ២០០៦មកម៉្លេះ បន្ទាប់ពីខ្លួនធ្លាប់ជួបប្រទះ និងឆ្លងកាត់ ជីវិតដ៏ក្រលំបាកវេទនាជាច្រើន ដូចជាជីវិតជាអ្នករត់តុ កម្មករសំណង់ លីស៊ីម៉ងត៍ និងជីវិតជាអ្នកសុំទានគេជាដើម មុននឹងរូបគេមានវាសនា ក្លាយជាតារាសម្តែងមានមុខមាត់ម្នាក់ដូចសព្វថៃ្ង។
តារាសម្តែងម្នាក់នេះ បាននិយាយរៀបរាប់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូឲ្យដឹងថា ពីដំបូងឡើយរូបលោកបានចំណាយលុយផ្ទាល់ខ្លួន ទៅចែកជូនដល់ជនក្រីក្រ រួចបានបង្ហោះដំណឹងនេះតាមហ្វេសប៊ុកតែប៉ុណ្ណោះ។ តែបន្ទាប់មក លោកមានការស្នើសុំអោយធ្វើជាអ្នកសម្របសម្រួល ទទួលអំណោយសប្បុរសនៅក្រៅប្រទេសដូចជា កាណាដា អូស្រ្តាលី បារាំង កូរ៉េជាដើម ទៅចែកជូន ជនក្រីក្រ និងអ្នករងគ្រោះដោយទឹកជំនន់។ ទំនងជាដោយសារមកពីសកម្មភាពនេះហើយ ទើបលោករងការចោទប្រកាន់ថា រូបលោកជាសកម្មជនបក្សសង្គ្រោះជាតិទៅវិញ។
ជាមួយការអះអាងដោយមិនភ័យខ្លាច តារារូបនេះបាននិយាយថា «ខ្ញុំដឹងច្បាស់ បើខ្ញុំចេញមុខក្នុងសង្គមបែបហ្នឹង ច្បាស់ជាគេមិនអោយខ្ញុំថត ហើយបើទោះបីជា គេគំរាមអាយុជីវិតខ្ញុំយ៉ាងណា និងកាត់ផ្តាច់អាជីពសិល្បៈរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនឈប់ដាច់ខាត ខ្ញុំនៅតែព្យាយាម ជាពិសេសអ្វីដែលខ្ញុំសោកស្តាយបំផុត គឺមិនបានទាមទារឲ្យមានយុត្តិធម៌នៅក្នុងសង្គមខ្មែរ និងមិនបានជួយសង្គ្រោះវប្បធម៌ សិល្បៈរីកចំរើនដូចប្រទេសដទៃ។»
ប៉ុន្តែទាក់ទងនឹងបញ្ហា«លាបពណ៌» ដែលជាបញ្ហាក្ដៅនៅកម្ពុជានោះ តារាសម្ដែងរូបនេះ ត្រូវបានគេឃើញជាញឹកញាប់ នៅក្នុងការគាំទ្រដោយចេញមុខ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។ នៅលើទំព័រហ្វេសប៊ុក របស់លោក មានរូបថតមួយសន្លឹកថតជាមួយលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដ៏ល្បីឈ្មោះ ដោយមានសរសេរជាឃ្លាអង់គ្លេសថា «Today I'm com join to ceremony Kathen with PAPA..»។
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានសុំប្រតិកម្មពីលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់មួយរូប នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ដើម្បីពន្យល់លំអិតលើករណីគម្រាមសិល្បៈករ។ លោកបានបង្ហាញពីការព្រួយបារម្ភរបស់លោក ទាក់ទងនឹងសុវត្ថិភាពអ្នកសិល្បៈនាពេលបច្ចុប្បន្នថា កន្លងមកសិល្បករ សិល្បការិនី តែងទទួលរងការបាញ់សំលាប់ រងការជះទឹកអាស៊ីតជាហូរហែ ហើយទាក់ទងនិងបញ្ហានេះ មានតែអាជ្ញាធរមានសមត្ថកិច្ចទេ ដែលត្រូវតាមដានឃ្លាំមើល ជួយការពារសន្តិសុខដល់រូបគាត់ជាពិសេស ត្រូវស្រាវជ្រាវរកជនគំរាមនោះ និងចាត់វិធានការតាមផ្លូវច្បាប់៕
--------------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤