ជាងមួយថ្ងៃ ទំព័រហ្វេសប៊ុក ធី សុវណ្ណថា បាត់ Likes ជាង៣ម៉ឺន

- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 16, 2016
- ប្រធានបទ: ហ្វេសប៊ុក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបាត់បង់ចំនួនអ្នកចូលចិត្ត ដ៏ច្រើនពាន់ម៉ឺននាក់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កញ្ញា ធី សុវណ្ណថា អាចធ្វើឲ្យខាតបង់យ៉ាងច្រើន ដោយសារតែអ្នកទាំងនោះ ភាគច្រើនជាសកម្មជននៅលើហ៊្វេសប៊ុក ដែលគាំទ្រគណបក្សប្រឆាំង ហើយក្នុងពេលកន្លងមក អ្នកទាំងនោះបានគាំទ្រនាង ដោយជួយចុចចូលចិត្ត ឬចែករំលែក ដែលជាកក្តាជំរុញឲ្យនាង មានឈ្មោះកាន់តែល្បីរហូតក្លាយជាតារានៅក្នុងបណ្ដាញសង្គម មកដល់ពេលបច្ចុប្បន្ន។
ជាពិសេស បើកញ្ញា ធី សុវណ្ណថា បានទិញ«Like» តាមរយៈការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន ហ្វេសប៊ុក ផងនោះ ការបាត់បង់«Like» ដែលមានចំនួនដល់ទៅរហូតដល់រាប់ម៉ឺនបែបនេះ អាចនឹងធ្វើឲ្យខាតបង់ជាទឹកប្រាក់ ច្រើនរយដុល្លារ ឬអាចដល់រាប់ពាន់ដុល្លារ។ នេះ គេមិនទាន់និយាយ ដល់ពេលវេលា និងការខំប្រឹងនានា ដែលម្ចាស់ទំព័របានធ្វើក្នុងពេលកន្លងមក ដើម្បីរកប្រជាប្រិយភាព ឲ្យទំព័ររបស់ខ្លួននោះផងទេ។
បើតាមទំព័រ ឬគណនីហ្វេសប៊ុកល្បីៗមួយចំនួន បានឲ្យដឹងថា យុទ្ធនាការ«Unlike»ទំព័រហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា បានកើតឡើង កាលពីរសៀលថ្ងៃសៅរ៍ ទី១៤ ខែឧសភានេះ រហូតមកដល់យប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភានេះ មុននឹងកញ្ញា ធី សុវណ្ណថា បានសម្រេចចិត្តបិតទំព័ររបស់នាង មិនឲ្យឃើញជាសាធារណៈ ឬ «Unpublic» ជាបណ្ដោះអាសន្នសិន។
យុទ្ធនាការ«Unlike»បានរីករាលដាលខ្លាំងឡើងៗ នៅបន្ទាប់ពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការខឹងក្រេវក្រោក ទៅនឹងសកម្មភាពចុងក្រោយបំផុត របស់កញ្ញា ធី សុវណ្ណា ដែលបានដាក់ពាក្យបណ្ដឹង ប្ដឹងលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្តិ៍ និងប្រកាសស្វែងរកស្នាមមេដៃ ចំនួន១លានមេដៃ ដើម្បីសុំឲ្យលោក កឹម សុខា ឲ្យលាលែងពីតំណែង។
បើតាមគណនីហ្វេសប៊ុក «សុវណ្ណភូមិ ខ្មែរ» ដែលល្បីខាងតាមដានវិភាគស្ថានការណ៍នយោបាយកម្ពុជា និងដែលមាននិន្នាការស្និតនឹងគណបក្សប្រឆាំង បានអះអាងថា នៅមុនយុទ្ធនាការនេះបើកធ្វើ ទំព័រ«Thy Sovantha»មានចំនួនអ្នកចូលចិត្ត ដល់ទៅ ១ ៦៥៦ ៩៣៥ Likes។ ប៉ុន្តែនៅយប់ថ្ងៃអាទិត្យ ប្រមាណជាម៉ោង ២០ (មុនទំព័រនេះ ត្រូវបានផ្អាកចេញផ្សាយ) ក្រុមអ្នកតាមដាន បានរាយការណ៍បន្ថែមថា ចំនួនអ្នកចូលចិត្តទំព័ររបស់តារាវ័យក្មេង បានធ្លាក់ចុះយ៉ាងគំហុក មកនៅត្រឹមតែ ១ ៦២៥ ៩៩៥ Likes ប៉ុណ្ណោះ។
នៅក្នុងគេហទំព័រ SocialBakers ដែលជំនាញខាងតាមដានទំព័រនានា នៅលើបណ្ដាញសង្គមនោះ ក៏បានបញ្ជាក់ដែរថា ទំព័រហ្វេសប៊ុក « Thy Sovantha» បានរងការ «Unlike» យ៉ាងគំហុកប្រហាក់ប្រហែល នឹងចំនួនខាងលើ រាប់ចាប់ពីថ្ងៃទី១៤ មកទល់នឹងថ្ងៃទី១៥ ខែឧសភា។ ប៉ុន្តែតាំងពីថ្ងៃទី១៣ មួយថ្ងៃមុន ទំព័ររបស់តារាវ័យក្មេង បានរងការធ្លាក់ចំនួន«Like»ទាំងនេះរួចហើយ។ ការធ្លាក់ចំនួនអ្នកចូលចិត្ត ឬអ្នកតាមដានទំព័ររបៀបនេះ មិនធ្លាប់កើតមាន ពីមុនមកទេ។ ផ្ទុយទៅវិញ ក្នុងរយៈពេល៦ខែចុងក្រោយនេះ ចំនួន«Like»នៃទំព័រ«Thy Sovantha» បានកើនឡើងរហូតជាប់ៗគ្នា។
បើតាមគេហទំព័រដដែល បានបញ្ជាក់ថា ចំនួនអ្នកចូលចិត្ត ឬតាមដានទំព័រហ្វេសប៊ុក របស់កញ្ញា ធី សុវណ្ណថា មានចំនួនច្រើនលើសលប់ មកពីក្នុងប្រទេសកម្ពុជា (ច្រើនជាង ១លាន៦សែន Likes) ប្រទេសថៃ (ច្រើនជាង ៦ម៉ឺន Likes) និងមកពីប្រទេសកូរ៉េខាងត្បូង (ច្រើនជាងមួយម៉ឺន Likes)។ ក្រៅពីនេះ ទំព័រ«Thy Sovantha» មានអ្នកចូលចិត្តមកពីវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន អូស្ត្រាលី បារាំង និងមានអ្នកចូលចិត្តផងដែរពីប្រទេសភូមា៕