ច្បាប់ គ.ជ.ប ថ្មី ត្រូវដាក់ឲ្យប្រើជាការប្រញាប់ បន្ទាប់ពីបានឡាយព្រះហត្ថលេខា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៧ មីនា ២០១៥
- កែប្រែចុងក្រោយ: March 28, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមប្រភពព័ត៌មាន ផ្លូវការមួយ ដែលស្និតនឹងស្ថាប័ន ព្រះបរមរាជវាង បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែមីនានេះ អង្គព្រះមហាក្សត្រ បានឡាយ ព្រះហត្ថលេខា ពីទីក្រុងប៉េកាំង ដាក់ឲ្យប្រើប្រាស់ ជាការប្រញាប់ នូវច្បាប់ចំនួនពីរ គឺច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។
ប្រភពដដែល បានលើកឡើងថា បន្ទាប់ពីរដ្ឋសភា ក្នុងសម័យប្រជុំវិសមញ្ញ កាលពីថ្ងៃពី១៩ ខែមីនា ឆ្នាំ២០១៥ គាំទ្រដោយសម្លេងឯកច្ឆន្ទមក ច្បាប់នេះ បានដាក់ចូលទៅព្រឹទ្ធសភា ហើយត្រូវបានស្ថាប័ននេះ អនុម័តភ្លាមៗ នាព្រឹកថ្ងៃ ថ្ងៃទី២៣ ខែមីនា។ មួយថ្ងៃបន្ទាប់ គឺថ្ងៃទី២៤ ខែមីនា ច្បាប់ទាំងពីរនេះ ក៏បានចូលដល់ ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ និងពិភាក្សាបន្ទាន់ ហើយបានដាក់ចូល មកព្រះបរមរាជវាំង ដើម្បីថ្វាយអង្គព្រះមហាក្សត្រ ឡាយព្រះហត្ថលេខា ក្នុងថ្ងៃទី២៦ ខែមីនា ម្សិលម៉ិញនេះតែម្តង។
ច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ថ្វីត្បិតនៅមានការរិះគន់ ពីសង្គមស៊ីវិលក៏ដោយ តែសម្រាប់គណបក្សទាំងពីរ ធ្លាប់បានថ្លែងថា អ្វីដែលបានឯកភាពគ្នា ក្នុងច្បាប់នេះ ជាការសម្បទានឲ្យគ្នាទៅវិញទៅមក ក្នុងន័យសម្រួល ដល់ស្ថានការនយោបាយ ជាមួយនឹងការកំណែទម្រង់ ស្ថាប័ន គ.ជ.ប ឲ្យស្ថិតនៅអព្យាក្រិត្យ និងមិនលំអៀង។
សម្រាប់សមាភាព នៃសមាជិក គ.ជ.ប វិញ ក្នុងថ្ងៃទី២៧ ខែមីនានេះ តាមទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទូលបាន គណបក្សទាំងពីរបានកំណត់ និងបញ្ជូនឈ្មោះ សម្រាប់បេក្ខភាពទាំង៤ រៀងៗខ្លួន រួចរាល់អស់ហើយ។ តែគេនៅមិនទាន់ដឹងថា សមាជិកទាំង៨ ឬបេក្ខភាពទាំងប្រាំបី មកពីគណបក្សទាំងពីរនោះ ជាអ្នកណាច្បាស់លាស់ នៅឡើយ។ ហើយអ្នកទាំងប្រាំបីនាក់នោះ បើជាសមាជិករបស់គណបក្សណាមួយ ត្រូវធ្វើការលាលែងតំណែង ជាលាយលក្ខអក្សរ ដើម្បីផ្តាច់ខ្លួន ពីគណបក្សនយោបាយ និងតាំងខ្លួនជាអ្នកឯករាជ្យ អព្យាក្រិត្យ ក្នុងស្ថាប័ន គ.ជ.ប នេះ។
ទស្សនាវដ្តី មិនអាចសុំការបញ្ជាក់បន្ថែម ពីលោក គួយ ប៊ុនរឿន និងលោក ប៊ិន ឈិន មន្រ្តីបច្ចេកទេស ដែលសកម្មក្នុងការរៀបរៀង ពិនិត្យ និងពិភាក្សាលើ ច្បាប់ គ.ជ.ប នៃគណបក្សទាំងពីរបានឡើយ ក្នុងថ្ងៃទី២៧ ខែមីនានេះ។ ឯព្រះរាជក្រិត្យជាផ្លូវការ ដែលដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវច្បាប់ទាំងពីរនេះ ក៏មិនទាន់ឃើញមានការផ្សព្វផ្សាយ ជាសាធារណៈនៅឡើយដែរ មកទល់ម៉ោងនេះ។
ដោយឡែក លោក រស់ សួរ មកមន្រ្តីមកពី គណបក្សសង្គ្រោះជាតិ បានលើកឡើងថា ចំពោះសមាសភាពពិតប្រាកដ នៃសមាជិកទាំងប្រាំបីរបស់ គ.ជ.ប នោះមកទល់ពេលនេះ កំពុងស្ថិតក្នុងការពិភាក្សានៅឡើយ។ លោកបន្តថា យ៉ាងណាក្នុងព្រឹកថ្ងៃទី២៧ ខែមីនានេះ គេនឹងសម្រេចទទួលឈ្មោះ ដែលត្រូវមកធ្វើជាសមាជិក ទាំងប្រាំបី របស់ គ.ជ.ប នោះជាផ្លូវវការ។ ចំពោះប្រវត្តិរូប នៃអ្នកទាំង៨ និងត្រូវរៀបចំ នាពេលរសៀលថ្ងៃទី២៧ ខែមិនា នេះ។
រីឯសមាសភាពទី៩ របស់ គ.ជ.ប ក៏មិនទាន់ មានការបញ្ជាក់ណាមួយ ជាផ្លូវការ ពីក្រុមការងារ នៃគណបក្សទាំងពីរដែរ នាព្រឹកនេះ។ លោកបន្តថា សមាសភាព ក្នុងការដឹកនាំ គ.ជ.ប តាមច្បាប់ថ្មីនេះ លោក ប៊ិន ឈិន មកពីគណបក្សប្រជាជនកម្ពុជា អាចឈរតំណែងជាប្រធាន គ.ជ.ប និងលោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ ឈរជាអនុប្រធាន។ ឯអគ្គលេខាធិការ គ.ជ.ប បើគ្មានការប្រែប្រួល រក្សាទុកអ្នកចាស់ (លោក ទេព នីថា) ដដែល។ ហើយបើប្រែប្រួល សមាសភាព អគ្គលេខាធិការថ្មី គ.ជ.ប អាចជាមនុស្ស មកពីគណបក្សសង្គ្រោះជាតិ៕