រដ្ឋសភាប្រកាសទទួលពាក្យបេក្ខជន ឈរជាសមាជិក គ.ជ.ប ថ្មី
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៧ មីនា ២០១៥
- កែប្រែចុងក្រោយ: March 28, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា លោក ឡេង ប៉េងឡុង បានលើកឡើងថា ដោយផ្អែកតាមមាត្រា៥ និង៦ថ្មី នៃច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងដោយផ្អែកតាម ការសម្រេចរបស់គណកម្មការអចិន្ត្រៃយ៍ នៃរដ្ឋសភា ក្នុងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ នឹងធ្វើការជ្រើសរើស បេក្ខជន ដែលត្រូវមកឈរឈ្មោះ ជាសមាជិករបស់ គ.ជ.ប ថ្មី។
អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភារូបនេះ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះថា ការទទួលពាក្យ របស់បេក្ខជននេះ ត្រូវបានធ្វើឡើង នាវិមានរដ្ឋសភា រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយនឹងចាប់ទទួល ពាក្យពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះតទៅ ចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០ រសៀលពីម៉ោង ១៤:០០ ដល់ម៉ោង១៧:៣០។
នាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា និងបញ្ឃប់ការទទួលចុះឈ្មោះ ជាបេក្ខជន សមាជិក គ.ជ.ប នេះនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ខាងមុខនេះវេលាម៉ោង ១៧:៣០។
ជាមួយនឹងការបំពេញពាក្យ ចូលជាសមាជិក គ.ជ.បនេះ បេក្ខជនទាំងនោះ ក៏តម្រូវឲ្យមានការបញ្ជាក់ ពីសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិតែមួយផងដែរ។ ក្រៅពីនេះ នៅកម្រិតឲ្យបញ្ជាក់បន្ថែម នូវបញ្ហាចំណងសហព័ន្ធ ញាតិលោហិត និងញាតិព័ន្ធ។
បេក្ខជនដែលឈរឈ្មោះ ជាសមាជិក គ.ជ.ប នេះជាមនុស្ស ដែលមិនធ្លាប់មានទោស ដែលសម្រេចដោយតុលាការ មានកំរិតវប្បធម៌ ចាប់ពីថ្នាក់ឧត្តមសិក្សាឡើងទៅ និងត្រូវមានបទពិសោធ ការងារ យ៉ាងតិច១០ឆ្នាំ ដែលបញ្ជាក់ ដោយអង្គភាពសាមី (គណបក្សនយោបាយ)។
សូមអានសេចក្តីសម្រេច និងលិខិតពាក់ព័ន្ធនានា ដែលបានចុះផ្សាយ ក្នុងគេហទំព័ររបស់រដ្ឋសភា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ នេះ៕