សម្ភាស ប៊ុត ប៊ុនតិញ៖ ​តុលាការ​​កម្ពុជា ជា​តុលាការ​​ដុល្លា

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម មួយអង្គ បានមានសង្ឃដីកាបរិហារ ប្រព័ន្ធតុលាការខ្មែរថា ពលរដ្ឋក្រីក្រមានទោសជាប់គុក ព្រោះតែការទាមទាសិទ្ធិលំនៅដ្ឋាន ផ្ទុយពីអ្នកមានលុយ មានអំណាច បក្សពួកនិយម ទោះមានចេតនាសម្លាប់ជីវិតមនុស្ស ដែលត្រូវបានតុលាការកម្ពុជា មើលមិនឃើញថាមានទោសឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មករា ២០១៥
  • កែប្រែចុងក្រោយ: February 09, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធ​តុលាការ​កម្ពុជា តាម​រយៈ​សាលា​ដំបូង​ក្ដី ឬសាលា​ឧទ្ធរណ៍​ក្ដី ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​សម្រេច​ដោះ​លែង​ជន​សង្ស័យ​មួយ​ចំនួន ដែល​គេ​ស្គាល់​ថា​ជា​ជន​មាន​អំណាច និង​មាន​ប្រាក់ ក្នុង​នោះ​មាន​ទាំង​ការ​ដោះ​លែង ជន​សង្ស័យ​ផលិត​កាហ្វេ​ក្លែងក្លាយ​ចំនួន​បួន​នាក់ និង​ឪពុក​ម្ដាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ នោះ​ផង។ ករណី​ដោះ​លែង​ទាំង​នោះ ខុស​គ្នា​ស្រឡះ ពី​ករណី​នៃ​សកម្ម​ជន​នយោបាយ សកម្ម​ជន​ពី​សហគមន៍​បឹង​កក់ និង​ព្រះ​សង្ឃ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បន្ត​ឃុំ​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត រហូត​មក​ដល់​ថ្ងៃ​នេះ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ​ដើម្បីយុត្តិធម៌សង្គម​ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបង្ហាញការយល់ឃើញផ្ទាល់របស់ព្រះអង្គ ចំពោះការសម្រេចថ្មីៗរបស់​តុលាការ​កម្ពុជា ថាបានបង្ហាញនូវតម្លៃរបស់តុលាការ តម្លៃរបស់ថ្នាក់ដឹកនាំកម្ពុជា។ តែទន្ទឹមនឹងនេះ ព្រះអង្គ​បានបរិហារខ្លាំងៗ ចំពោះការដោះលែងឧក្រិដ្ឋជនពិតប្រាកដ ដែលមានចេតនាសម្លាប់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផលិតកាហ្វេរក្លែងក្លាយ ដោយប្រើជាតិគីមី កាលពីថ្មីៗនេះ។

ព្រះអង្គ ប៊ុត ប៊ុនតិញ បានលើកជាចំងល់ថា «ការធ្វើបាតុកម្មដើម្បីបានផ្ទះនៅ មិនបានបណ្តាល ឲ្យមាន​ការ​បាត់បង់ អាយុជីវិតបុគ្គលណាម្នាក់នោះទេ។ ហើយក៏មិនមានការស្ទះផ្លូវ ដូចប៉ុលីសបិទផ្លូវ ឲ្យនាយក​រដ្ឋមន្រ្តី​ជិះឡាននោះដែរ។ ហេតុអ្វីក៏ត្រូវមានទោសជាប់ពន្ធនាគារ? ផ្ទុយទៅវិញ ហេតុអ្វីអ្នកដែលផលិត​កាហ្វេ​ក្លែង​ក្លាយ ដែលមានចេតនាទាំងស្រុង ក្នុងការសម្លាប់ជីវិតមនុស្ស បែរជាត្រូវតុលាការធ្វើការដោះលែង និងគ្មាន​ទោសទៅវិញ?»

សម្រាប់ចំងល់នេះ ត្រូវបានព្រះអង្គបកស្រាយដោយអង្គឯងវិញថា ប្រទេសកម្ពុជាទាំងមូល ដែលមាន​ច្បាប់​តែមួយ ហាក់ដូចជាមានការគោរព និងអនុវត្តច្បាប់ទាំងនោះ មានកម្រិត និងមានលក្ខណៈផ្សេងៗគ្នា ទៅ​តាមបុគ្គលទៅវិញ។ ព្រះសង្ឃបានបង្ហាញការយល់ឃើញទៀតថា៖ «កម្លាំងនៃការអនុវត្តច្បាប់ កំពុងស្ថិត​នៅលើ “ដុល្លា” ។ (...) បុគ្គលណាដែលមានដុល្លាក្រាស ជាអ្នកដែលត្រូវទទួលបានជ័យជំនះហើយ។ (...) បើខ្ញុំមានដុល្លាកាលណា ខ្ញុំនឹងឈ្នះក្តីកាលនោះ។»

ព្រះអង្គបានបញ្ជាក់ថា បើតុលាការខ្លួនឯងចង់បង្ហាញថាខ្លួនឯករាជ្យ មានវិជ្ជាជីវៈពិតប្រាកដនោះ ធ្វើ​យ៉ាង​ណា ត្រូវចាប់អ្នកជនដែលផលិតការហ្វេក្លែងក្លាយ និងអ្នកពាក់ព័ន្ធទាំងអស់មកផ្តន្ទាទោសតាមច្បាប់។ ស្ថាបនិកបណ្ដាញសង្ឃឯករាជ្យអង្គនេះ បានធ្វើការពន្យល់ថា «ទោសអ្នកទាំងនោះ មានកម្រិតធំណាស់ ព្រោះពួកគេមានគម្រោងគិតទុកជាមុន ផលិតកាហ្វេរក្លែងក្លាយ ដែលជាចេតនាមួយប៉ុនប៉ងសម្លាប់មនុស្ស ដោយគិតទុកជាមុន។ (...) អ្នកទាំងនោះ ត្រូវតែទទួលទោសមួយជីវិត។»

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅក្រុមទី៤ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជនសង្ស័យទាំង៤នាក់ ត្រូវបានចាប់ខ្លួន ពីបទជាប់ទាក់ទង នឹងករណីផលិតកាហ្វេក្លែងក្លាយ សរុបជិត ៣៥ តោន។ ជនសង្ស័យនោះ មានឈ្មោះ ស៊ាង ដារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជាមេខ្លោង (ជនជាតិវៀតណាម តែ​សញ្ជាតិខ្មែរ) រួមជាមួយកម្មករជនជាតិវៀតណាម ចំនួន៣នាក់ទៀត។ ការចាប់ខ្លួននេះ ធ្វើឡើង​ដោយមាន​ការដឹកនាំពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែព្រះរាជអាជ្ញា​ដដែល​នេះ ក៏ជាអ្នកដោះលែងវិញដែរ។

ព្រះអង្គបានចាត់ទុកថា ការមិនដាក់ទោសទៅលើអ្នកទាំងបួន ដែលមានបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ កំពុងដើរតួ​ជាអ្នកបង្កឲ្យមានភាពឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរ។ យ៉ាងណាព្រះអង្គបានស្នើ ដល់ក្រសួងពាក់ព័ន្ធចំនួនពីរ គឺក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ត្រូវគិតគូឡើងវិញ ចំពោះការដោះលែងជនទាំងបួននាក់នោះ។ ជា​ពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអ្នកទទួលខុសត្រូវរួម ព្រោះលោកជាអ្នកជ្រើសរើសមន្រ្តី ដែលអសមត្ថភាព ក្នុងការស្វែងរកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។

ស្រង់សំដីលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះតេគុណ ប៊ុតប៊ុនទិញ បានបញ្ជាក់ថា ក្នុងអាណត្តិ​ទីប្រាំនេះ​ជាយុត្តិសាស្រ្តចតុកោណ ដែលមានកំណែទម្រង់ស៊ីជំរៅ។ ដូច្នេះការអនុវត្តរបស់ក្រសួងទាំងពីរនេះ នៅមិន​ទាន់ដើរតាមអនុសាសន៍របស់នាយករដ្ឋមន្រ្តីនៅឡើយ។ ព្រះអង្គបានប្រៀបធៀបថា សំដីរបស់លោក​នាយក​រដ្ឋមន្រ្តីប្របៀបបានទៅនឹង ផ្សែងបារីដែលលោកធ្លាប់បានប៊ឺត និងបង្ហុយចោល ឲ្យត្រដែតតាមខ្យល់ គ្មាន​អ្នកខ្វល់ និងអនុវត្តតាម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...