យន្ដហោះអាហ្សេរី បានបាត់ខ្លួនក្នុងលំហមេឃនៃប្រទេសម៉ាលី
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៤ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការទាក់ទងនឹង គ្រោះថ្នាក់យន្ដហោះ កើតជាបន្តបន្ទាប់ មួយហើយមួយទៀត។ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ អាហ្សេរី បានប្រកាសថា យន្ដហោះរបស់ខ្លួនដែលមានមនុស្សជិះ១១០នាក់ បានបាត់ពីកញ្ចក់ត្រួតពិនិត្យរលកអាកាស នៅលើលំហមេឃរបស់ប្រទេស ម៉ាលី។ ការបាត់ខ្លួនដ៏ចម្លែកមួយទៀត ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីភេវរកម្ម។
យន្ដហោះមួយគ្រៀង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ អាហ្សេរី។ (រូបថតជំនួស របស់ក្រុមហ៊ុន)
បាត់យន្ដហោះ - ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសអាហ្សេរី ឈ្មោះ អ៊ែរអាហ្សេរី (Air Algérie) បានប្រកាសឲ្យដឹង នៅថ្ងៃព្រហស្បត្តិ៍នេះថា បានបាត់ការទាក់ទង ជាមួយនឹងយន្ដហោះមួយរបស់ខ្លួន នៅ៥០នាទីក្រោយ ពីយន្ដហោះបានហោះចេញពីរដ្ឋធានី អ៊ូហ្គាឌូហ្គូ (Ouagadougou) ប្រទេសប៊ួគីណា ហ្វាសូ (Burkina Faso - អាហ្វ្រិកកណ្ដាល) ឆ្ពោះមករដ្ឋធានី អាហ្សេ (Alger) ប្រទេស អាហ្សេរី។
យន្ដហោះ បានដឹកអ្នកដំណើរ១១០នាក់ ចម្រុះគ្រប់ជាតិសាសន៍ ហើយបានបាត់ដំណឹងសូន្យឈឹង នៅពេលដែលហោះមកក្នុងលំហអាកាសខាងជើង នៃប្រទេសម៉ាលី។ ក្រុមហ៊ុន អ៊ែរអាហ្សេរី បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា «ផ្នែកទំនាក់ទំនងចរាចរណ៍អាកាស បានទទួលសញ្ញាចុងក្រោយ ពីយន្ដហោះ នៃជើងហោះហើរ AH 5017 នៅថ្ងៃព្រហស្បត្តិ៍ទី២៤ ខែកក្កដានេះ វេលាម៉ោង ១ និង៥៥នាទី (ម៉ោងក្នុងតំបន់) បន្ទាប់ពីយន្ដហោះ បានហោះចេញពីដី បានប្រមាណជា៥០នាទី»។
សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរទៀតថា៖ «ក្រុមហ៊ុន បានចាត់វិធានការបន្ទាន់មួយ»ឡើយហើយ ដើម្បីតាមរកយន្ដហោះនេះ។
បើតាមគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសអាហ្វ្រិកខាងជើងមួយនេះ បានឲ្យដឹងថា ខ្លួនបានហោះភ្ជាប់ជើងហោះហើរនេះ ចំនួន៤ដង នៅក្នុងមួយសប្ដាហ៍។ យន្ដហោះនោះ ជាប្រភេទយន្ដហោះ ម៉ាកដូណែល៨៣ (McDonnell 83) ដែលក្រុមហ៊ុនបានជួលពីក្រុមហ៊ុនមួយទៀត នៅអ៊ឺរ៉ុប។
ការទាក់ទងជាមួយអ្នកបើកបរយន្ដហោះ បានបាត់នៅពេលដែលយន្ដហោះ បានហោះនៅលើលំហនៃប្រទេសម៉ាលី មកជិតដល់ព្រំដែននៃប្រទេសអាហ្សេរី ខាងត្បងហើយ។ ប្រភពមួយបានបង្ហើបថា៖ «គេបានស្នើសុំឲ្យយន្ដហោះ ហោះងាកចេញពីផ្លូវបន្តិច ដោយសារតែបញ្ហាពពកធ្វើឲ្យមើលមិនសូវឃើញ អាចបង្កឲ្យ ជល់នឹងយន្ដហោះផ្សេងទៀត ដែលភ្ជាប់ការហោះហើរ ពីរដ្ឋធានី អាហ្សេ ទៅរដ្ឋធានី បាម៉ាកូ (Bamako) ប្រទេសម៉ាលី»។
ប្រភពនោះ បានបញ្ជាក់ទៀតថា៖ «សញ្ញាទំនាក់ទំនង បានបាត់បន្ទាប់ពីផ្លូវហោះហើរ បានផ្លាស់ប្ដូរ»។
បើទោះជាមានអន្តរាគមន៍ ពីកងទ័ពអន្តរជាតិ ក្នុងការកំចាត់ក្រុមអ៊ីស្លាមនិយមជ្រុល ពីផ្នែកខាងជើងនៃប្រទេសម៉ាលីក៏ដោយ តែគេនៅតែចាត់ទុកថា តំបន់ខាងជើង មានហនិភ័យច្រើននៅឡើយ។ ជនអ៊ីស្លាមនិយមជ្រុល ដែលសុទ្ធសឹងជាក្រុមស្ម័គ្រស្លាប់ដើម្បីព្រះជាម្ចាស់ (djihad) បានកាន់កាប់តំបន់នោះ តាំងពីឆ្នាំ២០១២មក ហើយមានបណ្ដាញចាក់ឬស នៅជុំវិញតំបន់ បង្កឲ្យមានភាពស្មុគ្រស្មាញ សម្រាប់កងទ័ពម៉ាលី និងកងទ័ពអន្តរជាតិ ក្នុងការចូលទៅគ្រប់គ្រង់ទីនោះ៕