យន្ដហោះ អាហ្សេរី ធ្លាក់បោកខ្លួន នៅក្បែរព្រំដែនម៉ាលី-អាហ្សេរី
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៤ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាជ្ញាធរដែនអាកាសរបស់ប្រទេសអាហ្សេរី ទើបនឹងអះអាងប្រាប់ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ថាយន្ដហោះបានធ្លាក់ តែមិនបានបញ្ជាក់ថា ធ្លាក់នៅទីណា ឲ្យប្រាកដនៅឡើយ។ បើតាមនាយទាហារមួយរូប ដែលធ្វើការក្នុងកងទ័ពអន្តរជាតិ របស់អង្គការសហប្រជាជាតិ បាននិយាយថា តំបន់ដែលយន្ដហោះធ្លាក់នោះ នៅរវាងក្រុង ហ្គាវ (Gao) និងតាសាលី (Tassalit) នៅប្រទេសម៉ាលី។
យន្ដហោះប្រភេទ ម៉ាកដូណែល៨៣ ដែលក្រុមហ៊ុនមួយនៅអេស្ប៉ាញ ជួលទៅឲ្យក្រុមហ៊ុន អ៊ែរអាហ្សេរី។ (រូបថតក្រុមហ៊ុន)
ធ្លាក់យន្ដហោះ - លោក នាយករដ្ឋមន្ត្រីអាហ្សេរី បានប្រកាសតាមវិទ្យុក្នុងស្រុកថា៖ «យន្ដហោះបានបាត់ខ្លួន នៅក្រុង ហ្គាវ ប្រទេសម៉ាលី នៅចំងាយប្រមាណជា ៥០០គីឡូម៉ែត្រ ពីព្រំដែនអាហ្សេរី-ម៉ាលី។ យើងមានជនរងគ្រោះ ចម្រុះជាតិសាសន៍ច្រើនណាស់។»
យន្ដហោះនោះ ជាប្រភេទយន្ដហោះ ម៉ាកដូណែល៨៣ (McDonnell 83) ដែលក្រុមហ៊ុនបានជួលពីក្រុមហ៊ុនមួយទៀត នៅប្រទេសអេស្ប៉ាញ ឈ្មោះ ឈ្វីតអ៊ែរ (Swiftair) ហើយបានផ្ទុកអ្នកដំណើរ១១៩នាក់ ដែលមកពីច្រើនជាតិសាសន៍ រាប់ទាំងអ្នកបម្រើការលើយន្ដហោះ ៧នាក់ផង។ ប៉ុន្តែសហជីពមួយរបស់ក្រុមអ្នកបើកបរយន្ដហោះ បានលើកតួលេខមកនិយាយថា មានចំនួនមនុស្សជិះដល់ទៅ ១២០នាក់។
នៅក្នុងចំណោមអ្នកជិះនៅលើយន្ដហោះ មានជនជាតិបារាំងប្រមាណជាជាង ៥០នាក់។ នេះបើតាមអ្នកតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ អាហ្សេរី ប្រចាំនៅប្រទេសប៊ួគីណា ហ្វាសូ (Burkina Faso - អាហ្វ្រិកកណ្ដាល)។ ដំណឹងនេះ បានបង្កឲ្យមានភាពរន្ធត់ញាប់ញ័រភ្លាមៗ នៅប្រទេសបារាំង តែការិយាល័យអាកាសចរណ៍ស៊ីវិលបារាំង កំពុងធ្វើការត្រួតពិនិត្យព័ត៌មាននេះនៅឡើយ។
ប្រភពមួយ បានបង្ហើបប្រាប់ ទីភ្នាក់ងារសារព័ត៌មានបារាំងថា៖ «គេបានស្នើសុំឲ្យយន្ដហោះ ហោះងាកចេញពីផ្លូវបន្តិច ដោយសារតែបញ្ហាព្យុះសមុទ្រខ្សាច់ ធ្វើឲ្យមើលមិនឃើញ អាចបង្កឲ្យជល់នឹងយន្ដហោះផ្សេងទៀត ដែលភ្ជាប់ការហោះហើរ ពីរដ្ឋធានី អាហ្សេ ទៅរដ្ឋធានី បាម៉ាកូ (Bamako) ប្រទេសម៉ាលី»។
ប្រភពនោះ បានបញ្ជាក់ទៀតថា៖ «សញ្ញាទំនាក់ទំនង បានបាត់បន្ទាប់ពីផ្លូវហោះហើរ បានផ្លាស់ប្ដូរ»។
រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់អាចបញ្ជាក់អ្វីឲ្យបានច្រើននៅឡើយ ពីស្ថានការណ៍ដ៏អភ័ព ដែលចេះតែកើតមានមិនចេះឈប់ នៅក្នុងវិស័យអាកាសចរណ៍ពិភពលោក។ ពីយប់ម្សិលម៉ិញ យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ឈ្មោះ ត្រេនអេស៊ៀ បានធ្លាក់បោកខ្លួនដែរ នៅលើកោះតូចមួយ ក្បែរនឹងកោះតៃវ៉ាន់ បង្កឲ្យមានមនុស្សស្លាប់ប្រមាណជា ៥១នាក់។ ហេតុការណ៍ទាំងពីរភ្លាមៗខាងលើ បានកើតក្រោយតែ១សប្ដាហ៍ប៉ុណ្ណោះ ពីការបាញ់ទម្លាក់យន្ដហោះ ម៉ាឡេស៊ីអ៊ែរឡាញ នៅប្រទេសអ៊ុយក្រែន ធ្វើឲ្យមនុស្ស២៩៨នាក់ស្លាប់៕