ពលរដ្ឋ៖ «ការប្រកាសថាកងទ័ពរបស់បក្ស ជាការលិតដៃជើង»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: August 01, 2015
- ប្រធានបទ: ការពារជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋមួយចំនួន បានអះអាងថា កងទ័ពកម្ពុជា ត្រូវមានតួនាទី ក្នុងការការពារទឹកដី ការពារជាតិ និងប្រជាជន ហើយមិនត្រូវងាក មកគិតគូរ រឿងការពារគណបក្សរបស់ខ្លួន គណបក្សកាន់អំណាច ឬរដ្ឋាភិបាលឡើយ។
លោក អ៊ុំ យ៉ែម មន្រ្តីរាជការចូលនិវត្តន៍ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមានការអស់សង្ឃឹមយ៉ាងខ្លាំង ដែលបានលឺផ្ទាល់ត្រចៀក នូវការលើកឡើងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីធំៗ របស់កងទ័ពកម្ពុជា ដែលបានធ្វើការប្តេជ្ញាចិត្ត ការពាររដ្ឋាភិបាល ដែលខ្លួនតែងនិយាយ មិនដាច់ពីមាត់ថា «ជារដ្ឋាភិបាលស្របច្បាប់» ហើយយថែមទាំង បានប្រកាសជំហរបន្ថែមថា កងកម្លាំងទាហានទាំងអស់ ជារបស់គណបក្សប្រជាជនកម្ពុជានោះ។
លោក យ៉ែម បានថ្លែងថា៖ «មិនត្រូវទាល់តែសោះ ដែលលថ្នាក់ដឹកនាំទាហានទាំងនោះ អះអាងថាខ្លួនស្ម័គ្រ លុះក្ស័យ ការពាររដ្ឋាភិបាលស្របច្បាប់កម្ពុជា។ វាមិនសមហេតុផលទេ ទាហានគេបង្កើតឡើង ដើម្បីការពារជាតិ បូរណៈភាពទឹកដី មិនមែនសម្រាប់ ការពាររដ្ឋាភិបាលស្របច្បាប់ ឬមិនស្របច្បាប់នោះទេ។ (...) រដ្ឋាភិបាល គេមានក្រុមសមត្ថកិច្ច កងរាជអាវុធហត្ថ និងក្រុមអង្គរក្សក្នុងកិច្ចការពារហើយ មិនចាំបាច់ក្រុមទាហានទាំងនោះ មកប្រកាសការពារនោះទេ។ (...) ឬមួយក្រុមមេទាហានទាំងនោះ ប្រកាសការពារថ្នាក់ដឹកនាំ គណបក្សប្រជាជន ព្រោះតែខ្លាចបាត់បង់ដំណែងទៅវិញទេ?»
ប្រតិកម្មនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានទូរទស្សន៍កម្ពុជាមួយចំនួន បានចាក់ផ្សាយ នូវការលើកឡើងរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានលើកឡើងថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធានា និងការពាររាជរដ្ឋាភិបាលមួយស្របច្បាប់។ ថ្លែងក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលនាយទាហាន បច្ចេកទេស នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ទៀ បាញ់ បានអះអាងថា៖ «ប្រឆាំងនឹងការធ្វើបដិវត្តពណ៌ ដែលមានគោលគំនិត ចង់ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់បច្ចុប្បន្ន»។
ដោយឡែក លោក ព្រហ្ម សារ៉ាត់ អតីតទាហានរំដោះ ៧មករា ដែលបានចូលនិវត្តិទៅហើយនោះ បានប្រតិកម្មនឹងការលើកឡើងខាងលើនេះដែរ ពិសេសប្រតិកម្ មនឹងការលើកឡើង របស់អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ លោក ជា តារា ដែលបានប្រកាស ជាសាធារណៈថា៖ «កងទ័ព ជារបស់គណបក្សប្រជាជនកម្ពុជា»។
មេទាហានផ្កាយមាស៤ លោក ជា តារា និងជាតំណាង គណៈមេបញ្ជាការឯកភាព សមរភូមិប្រាសាទព្រះវិហារ ផ្កាយមាស៤ បានថ្លែងនៅថ្ងៃទី២៩ ខែកក្កដានេះថា កងទ័ពជាមនុស្ស របស់គណបក្សប្រជាជនកម្ពុជា ព្រោះតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សនេះ ជាអ្នកចិញ្ចឹម និងបីបាច់ថែរក្សារាងមក។
ថ្លែងនាសិក្ខាសាលាមួយ ស្ដីពី សម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័នអង្គភាពស៊ីវិល នៅក្នុងវិមានសន្តិភាព នៅចំពោះមន្ត្រីយោធា មន្ត្រីរដ្ឋាភិបាល និងឯកជនច្រើននាក់ លោក ជា តារា បានថ្លែងឡើងថា៖ «កងទ័ពនៅមានភារកិច្ចមួយទៀត សម្តេចតេជោ ទើបមានប្រសាសន៍ហើយ។ ប្រសាសន៍នេះ ចងចាំតាំងពីយូរហើយ ថ្ងៃទី២៣ (ចង់និយាយពីសំដីលោក ហ៊ុន សែន ថ្ងៃទី២៣ ខែកក្កដា)។ កងទ័ព បើនិយាយឲ្យចំ កងទ័ពម្នាក់ជារបស់ប្រជាជន របស់គណបក្សប្រជាជន ពីព្រោះសម្តេចតេជោ ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ដឹកនាំបញ្ជាកងទ័ព។ កងទ័ព គឺជាកងទព័របស់គណបក្សប្រជាជន និយាយឲ្យស្មោះត្រង់ហ្មង។»
ការប្រកាសខាងលើនេះ ត្រូវបានលោក សារ៉ាត់ ដែលបច្ចុប្បន្ន ក៏ជាមន្រ្តីម្នាក់ ក្នុងគណបក្សប្រជាជនកម្ពុជាដែរនោះ ចាត់ទុកថា ជាការប្រកាស ដោយគ្មានការទទួលខុសត្រូវ និងមិនយល់ពីច្បាប់ របស់ទាហាន។ លោកបានពន្យល់ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា កងទព័ ជាទាហានរបស់ជាតិ ជារបស់ពលរដ្ឋ និងគ្មាននិន្នាការនយោបាយទេ។ លោកបានថ្លែង ដោយហួសចិត្ត នឹងការថ្លែង របស់លោក ជា តារា និងបានហៅការថ្លែងនេះ ទំនងជាលោក (ជា តារា) មិនបានអានច្បាប់ និងលក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទទេ។ លោកថា ការលើកឡើងនេះ កំពុងតែដឹកនាំទាហាន ឲ្យមានការរើសអើង បក្សពួកនិយមហើយ។
អតីតមន្ត្រីយោធា បានបញ្ជាក់ថា៖ «កងកម្លាំងទាហានទាំងអស់ ជារបស់ជាតិ មិនមែនជារបស់បុគ្គល របស់បក្ស ឬរបស់ក្រុមណាមួយឡើយ។ (...) កងកម្លាំងទាហានរបស់ជាតិ មានភារកិច្ច និងតួនាទីការពារជាតិ ទឹកដី និងបូរណៈភាពរបស់កម្ពុជាទាំងមូល។ មិនមែនសម្រាប់ការពារអំណាចខ្លួន ការពារបក្សនយោបាយ ការពារបុគ្គល និងបក្សពួករបស់ខ្លួន ដើម្បីតែអំណាចនោះឡើយ។»
សូមរំលឹកថា ការលើកឡើងបែបនេះ របស់មេដឹកនាំកងទ័ពខាងលើ គឺត្រូវបានធ្វើឡើង ក្រោយការប្រកាស របស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ដែលបានអះអាងថា លោកប្រឆាំងដាច់ខាត់ នូវ«បដិវត្តន៍» ដែលមានគោលបំណង បំបាត់រាជបល័ង្គ និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បច្ចុប្បន្ន។ ការថ្លែងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែកក្កដា ក្នុងពិធីជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ មកពីអង្គភាពនានា ទូទាំងប្រទេស។
នៅក្នុងមហាសន្និបាតវិសមញ្ញ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ១ ខែកុម្ភៈ ឆ្នាំ២០១៥ មន្ត្រីយោធា រាជអាវុធហត្ថ និងនគរបាលជាច្រើននាក់ ត្រូវបានដាក់បញ្ចូល ឲ្យក្លាយជាសមាជិក គណៈកម្មការកណ្ដាល របស់គណបក្សកាន់អំណាចនេះ។ ការដាក់បញ្ចូលមន្ត្រីទាំងនោះ ទៅធ្វើជាសមាជិកគណបក្ស ត្រូវបានអ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា និយាយនៅពេលនោះថា មិនបានប៉ះពាល់ ដល់ឯករាជ្យភាព នៃកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានបម្រើជាតិ ការពារប្រទេស និងប្រជាជននោះឡើយ៕