បក្សប្រជាជនកម្ពុជាបង្កើនតម្លៃសង្គមស៊ីវិល ក្រោយបាត់២២កៅអី
បន្ទាប់ពីការធ្លាក់ចុះយ៉ាងកំហុគ ពីចំនួន៩០ អាសនៈក្នុងអាណត្តិទី៤ មកត្រឹម៦៨ អាសនៈក្នុងអាណត្តិទី៥ ដែលធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងប្រទេសជាង៣០ ឆ្នាំនោះ ហាក់ដូចជាភ្ញាក់ខ្លួនបន្តិច ហើយទំនងជាផ្តើមឲ្យតម្លៃ សម្លេងរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក៏ដូចជាគណបក្សជំទាស់។ ការបាត់បង ដែលគណបក្សកាន់អំណាចមួយនេះ ស្ទើរតែស្មានមិនដល់ ខណៈដែលគណបក្សជំទាស់ទទួលបានអាសនៈ កើនទ្វេឡើង។
ក្រុមមេដឹកនាំសង្គមស៊ីវិល នៅបន្ទប់ស្ថានការណ៍នៃអង្គការខុបហ្វ្រែល ថ្ងៃទី០២ខែកញ្ញា។ (រូបថត MONOROOM.info/O. Vary)
រាជធានីភ្នំពេញ - ក្រោយការបង្កើតសភា និងរដ្ឋាភិបាលឯបក្ស គណបក្សប្រជាជនកម្ពុជា បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាយ៉ាងមុតមាំ ក្នុងការកែទម្រង់ របៀបគ្រប់គ្រង និងដឹកនាំប្រទេស តាមរយៈការធ្វើឲ្យប្រាកដថា អ្វីដែលជាចំណុចខ្វះខាត និងជាហេតុផលសំខាន់ៗ ដែលបានបង្កផលប៉ះពាល់ដល់ទឹកចិត្តម្ចាស់ឆ្នោត និងជាការជម្រុញឲ្យពួកគេស្វែងរកការផ្លាស់ប្តូរនោះ ត្រូវបានធានាថានឹងត្រូវយកទៅអនុវត្ត ប្រកបដោយប្រសិទ្ធិភាព ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។
ប៉ុន្តែបើទោះជា រដ្ឋាភិបាលបានសន្យា និងបង្ហាញគោលជំហរសហការជាមួយ ប្រជាពលរដ្ឋ ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សជំទាស់ យ៉ាងដូច្នេះក្តី ក៏មិនអាចជម្រុញឲ្យពួកគេមានការជឿជាក់ទាំងស្រុងលើរដ្ឋាភិបាលនោះទេ ព្រោះពួកគេបានលើកឡើងថា ដរាបណាមិនទាន់មានតុល្យភាពអំណាច និងយន្តការច្បាស់លាស់ ក្នុងការកែទម្រង់ និងដឹកនាំ នោះវាជាការពិបាកណាស់ ដើម្បីឲ្យមានការជឿជាក់ ចំពោះការសន្យារបស់រដ្ឋាភិបាល។
គួរម្លឹកថា ក្នុងអាណត្តិទី៤កន្លងមក ដែលគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងប្រទេស ជាមួយនឹងការទទួលបាន៩០អាសនៈ ពោលគឺ២ភាគ៣ ពីក្នុងអាសនៈសរុប១២៣ នៅក្នុងរដ្ឋសភា បានជម្រុញឲ្យគណបក្សនេះ មានសិទ្ធិអំណាចធ្វើអ្វីគ្រប់យ៉ាងបានតែម្នាក់ឯង ក្នុងលក្ខខណ្ឌស្របច្បាប់ ដោយមិនចាំបាច់សុំការឯកភាពពីគណបក្សប្រឆាំងនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ស្តីពីកំណែទម្រង់ការបោះឆ្នោតខាងមុខ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ បានបង្ហាញថាគណបក្សនេះ បង្ហាញឆន្ទះក្នុងការធ្វើកិច្ចការទាំងនេះ ជាមួយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ក្រុមអង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិផ្សេងៗទៀតផងដែរ។ ឥរិយាបថនេះ ត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា កត់សម្គាល់ថាគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីជាយុទ្ធសាស្រ្តសម្រាប់ការបោះឆ្នោតនៅអាណត្តិខាងមុខ។
អនុប្រធានស៊ើបអង្កេតសមាគមន៍ការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវេត បានថ្លែងពន្យល់ថា ក្រុមអង្គការសង្គមស៊ីវិល ជាគោលការណ៏គឺមានគោលជំហរឯករាជ្យ ដោយគ្នាននិន្នាការនយោបាយទៅលើគណបក្សណានោះទេ ហើយគ្រាន់តែចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសតាមជំនាញរៀងៗខ្លួន ជាមួយគ្នាតែប៉ុណ្ណោះ។
លោក ចាន់ សុវេត បន្តថាប៉ុន្មានអាណត្តិកន្លងមកនេះ រដ្ឋាភិបាលកម្ពុជា បានធ្វើការព្រងើយកន្តើយ ជាមួយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលបានរងគ្រោះ ពីការរំលោភបំពានដីធ្លី និងករណីផ្សេងៗទៀតជាច្រើន។ អ្នកការពារសិទ្ធិមនុស្សរូបនេះបន្ថែមថា ថ្មីៗនេះបន្ទាប់ពីការបោះឆ្នោត រដ្ឋាភិបាលបានបង្ហាញការសហការជាមួយ ក្រុមអង្គការសង្គមស៊ីវិលច្រើន តាមរយៈការកំណត់ក្នុងគោលនយោបាយរបស់រដ្ឋាភិបាល តែអ្វីគ្រប់យ៉ាងវាពុំទាន់មានការជឿជាក់នោះទេ។
លោក ចាន់ សុវេត បញ្ជាក់ថា៖ «ប្រជាពលរដ្ឋបានកត់សម្គាល់ថា តាំងពីអាណត្តិទី២ ទី៣ ទី៤ មកម្លេះ គណបក្សកាន់អំណាចបានត្រឹមនិយាយចោល ដោយមិនបានអនុវត្ត មានបញ្ហាដីធ្លី ធនធានធម្មជាតិ និងបញ្ហាផ្សេងៗទៀត យើងឃើញបញ្ហអស់នឹងធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿ ហើយរត់ទៅគាំទ្រគណបក្សប្រឆាំង»៕
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ