យុគ ចិន្តា ត្រៀមប្រមូលបច្ច័យដង្ហែកឋិនទៅខេត្តស្វាយរៀង នៅថ្ងៃដំបូង
រាជធានីភ្នំពេញ - ក្នុងរដូវបុណ្យកឋិនទានឆ្នាំថ្មី២០១៣នេះ តារាល្បីឈ្មោះមួយចំនួន ក៏ដូចជាបងប្អូនប្រជាជនខ្មែរទូទៅ ដែលជាអ្នកកាន់ព្រះពុទ្ឋសាសនាដែរ បានរួមគ្នារួចជាស្រេចហើយ សម្រាប់ការចាត់ចែងវេនចេញ (ថ្ងៃ) ដង្ហែអង្គកឋិនតាមបណ្តាវត្តផ្សេងៗ ជុំវិញខេត្តក្រុងតាមគោលដៅរៀងខ្លួន។ ដូច្នេះហើយ ទើបអ្នកនាង យុគ ចិន្តា ពិធីការិនីសម្ដីបានប្រចាំទូរទស្សន៍ស៊ីធីអិន បានមូលមតិគ្នាជាមួយនិងញាតិមិត្តក្រុមគ្រួសារ បានឯកច្ឆ័នគ្នាប្រារព្ឋធ្វើបុណ្យកឋិន នៅឯទឹកដីកំណើតរបស់អ្នកនាងផ្ទាល់ ដែលភាគច្រើនគេដឹងច្បាស់ថា ស្ថិតនៅខេត្តស្វាយរៀង។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះ អ្នកនាង យុគ ចិន្តា ដែលទើបតែគ្រងបានតំណែងពានរង្វាន់ ពិធីការិនីលេចធ្លោដាច់គេប្រចាំឆ្នាំ២០១៣ បានបញ្ជាក់ថា ឆ្នាំនេះគោលដៅរបស់អ្នកនាង ដែលគ្រោងរៀបចំពិធីបុណ្យកឋិន បានសម្រេចម្តងទៀតហើយ បន្ទាប់ពីរំលងអាក់ខានប៉ុន្មានឆ្នាំ ដោយហេតុតែមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់រៀបចំផែនការនេះ។
អ្នកនាង យុគ ចិន្តា បានបញ្ជាក់ថា ពិធីបុណ្យកឋិន ដែលគ្រោងដង្ហែទៅកាន់វត្តដែលបានគ្រោងទុកនោះ មាននាងនិងម្តាយរបស់នាង ជាអ្នកចេញមុខរៀបចំ។ នាង បានថ្លែងឲ្យដឹងថា «គាត់ (ម្ដាយរបស់នាង) បានស្កាត់ពីអាមេរិកមកស្រុកយើងរៀបចំ ដោយមើលទៅពិតជាធំដុំគ្រាន់បើ ព្រោះយើងបានមូលមតិគ្នាគិតគូរយូរដែរ ថានឹងរៀបចំបុណ្យឲ្យបានដើម្បីបានបច្ច័យ និងរបស់របរប្រើប្រាស់នានា ប្រគេនដល់ព្រះសង្ឃ ដែលមិនអាចនិមន្តទៅក្រៅបិណ្ឌបាតបាន នារដូវវស្សា»។
អ្នកនាងចិន្តាបានថ្លែងទៀតថា កឋិនដែលញាតិមិត្តរបស់នាងរៀបចំនេះ ធ្វើនៅរសៀលថ្ងៃទី១៩តុលា ដោយមានសូត្រមន្តជួបជុំញាតិមិត្ត និងភ្ញៀវកិត្តិយសដែលនាងបានអញ្ជើញ មានទាំងអ្នកសិល្បៈ និងក្រៅសិល្បៈដោយបានរៀបចំ នៅក្នុងបវិវេណហាងកាត់ដេរ «អម»នៅតាមបណ្តោយផ្លូវបាស្ទ័រ។លុះថ្ងៃទី២០តុលា អង្គកឋិនទាននឹងដង្ហែរ ទៅកាន់វត្តកោះជុំនៅខេត្តស្វាយរៀង ដោយនៅពេលរាត្រី មានក្រុមកំប្លែងនាយពាក់មី និងមានតារាចម្រៀងជាច្រើនទៀត ចូលរួមសម្តែងច្រៀងរាំនារាត្រីនោះ ឲ្យកាន់តែមានការរីករាយមួយកម្រិតទៀត។
អ្នកនាង យុគ ចិន្តា បញ្ជាក់បន្ថែមថា គោលបំណងដែលនាងរៀបចំបុណ្យកឋិនឡើង គឹចង់ឲ្យអ្នកម្តាយរបស់នាង បានសម្រេចគោលដៅដែលចង់រៀបចំបុណ្យទានពីមុនមក ហើយឃ្លាតឆ្ងាយពីស្រុកនៅដល់ប្រទេសគេ និងចង់ឲ្យគាត់បានជួយទប់ទល់រាល់កង្វះខាតខ្លះនៅស្រុកកំណើត ជាពិសេសវត្តដែលជាទីកន្លែងមានអនុស្សាវរីយ៍ និងចែករំលែកបុណ្យកុសលទាំងអស់គ្នា ចំពោះភ្ញៀវទាំងអស់ដែលមានសុទ្ឋា ក្នុងការរួមគ្នាធ្វើបុណ្យប្រកបដោយចិត្តជ្រះថ្លា ហើយសង្ឃឹមថាបច្ច័យដែលប្រមូលបាន នឹងងជួយបន្ឋូរកង្វះខាតខ្លះដល់វត្តជាក់ជាមិនខាន៕
--------------------------
ដោយ៖ សំ នៀង - ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ