ធម្មិកោ៖ ហ៊ុន សែន សាងព្រះបរមរូបសម្តេចឪ ដើម្បីឲ្យរាស្រ្ត«ដឹងគុណ»បក្សប្រជាជន
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: October 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រាជធានីភ្នំពេញ - កាលពីថ្ងៃទី ១១ ខែតុលាកន្លងទៅ រដ្ឋាភិបាលលោក ហ៊ុន សែន បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវព្រះបរមរូបសម្តេចឪ នរោត្តម សីហនុ ដែលកសាងអស់រយៈពេលជាងមួយឆ្នាំ និងចំណាយទឹកប្រាក់ប្រមាណជាង ១លាន ២ សែន ដុលា្លរសហរដ្ឋអាមេរិក។ ការកសាងព្រះបរមរូបសំណាក់នេះ បានធ្វើឲ្យមានការបកផ្សាយផ្សេងៗគ្នា ជុំវិញគោលបំណងកេញចំណេញរបស់រដ្ឋាភិបាល និងភាពខុសគ្នាទៅនឹងរូបពិតរបស់ ព្រះបាទ សីហនុ ។
ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៥ខែតុលានេះ ខ្សែរាជវង្សមួយអង្គព្រះនាម ស៊ីសុវត្ថិ ធម្មិកោ បានធ្វើការអត្ថាធិប្បាយថា ធាតុពិតទៅ រដ្ឋាភិបាលលោកនាយក ហ៊ុន សែន កសាងព្រះបរមរូបនេះឡើយ មិនមែនមានចេតនាពិតប្រាកដ ដើម្បីរម្លឹកនូវគុណូបការៈរបស់ ព្រះមហាវីរក្សត្រនោះទេ តែអ្វីដែល លោក ហ៊ុន សែន ចង់បានធំបំផុតនោះ គឺចង់ឲ្យប្រជាជនខ្មែរគោរពដឹងគុណ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានកសាងនូវព្រះបរមរូបនេះ។ ពីព្រោះថា ព្រះបាទនរោត្ត សីហនុ ជាស្តេចដ៏អស្ចារ្យ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន គោរព និងជឿជាក់ដឹងគុណជាទីបំផុត។
ខ្សែរាជវង្សអង្គនេះ បានមានបន្ទូលទៀតថា ព្រះអង្គមានការសោកស្តាយណាស់ ចំពោះព្រះបរមរូបនេះ ដោយសារថា ធ្វើឡើងមិនមានលក្ខណៈដូចទាល់តែសោះ ទៅនឹងរូបពិតរបស់ព្រះមហាវីរក្សត្រ ទាំងព្រះភក្រ្ត និងព្រះកាយរបស់ព្រះអង្គ។ ព្រះអង្គធម្មិកោ មិនអាចបញ្ជាក់ថា តើរដ្ឋាភិបាលមានចេតនាធ្វើឲ្យខុស ឬមកពីបច្ចេកទេស របស់ក្រុមជាងចម្លាក់នោះទេ?
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានសុំការអត្ថាធិប្បាយតប ពីមន្រ្តីគណបក្សប្រជាជនកម្ពុជាមានលោក ជាម យៀប និងពីមន្ត្រីរដ្ឋាភិបាលលោក ផៃ ស៊ីផាន នៅថ្ងៃនេះដែរ តែមិនអាចធ្វើការទំនាក់ទំនងបាន។ តែលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅ នៅពេលដែលលោកទៅចូលរួមក្នុងពិធីសម្ពោធព្រះបរមរូបថា ការសង់ព្រះបរមរូបនេះ ធ្វើឡើងដើម្បីជាការគោរពដឹងគុណ ចំពោះព្របរមរតនកោដិ ដែលោក ហ៊ុន សែន អះអាងថា ព្រះអង្គគឺជាស្តេចដែលបានសាងផលប្រយោជន៍ ជូនប្រជាជនខ្មែររាប់មិនអស់ ដែលប្រជាពលរដ្ឋខ្មែរត្រូវតែនាំគ្នាគោរពដឹងគុណជានិច្ចចំពោះព្រះអង្គ។ លោក ហ៊ុន សែន បាននិយាយចំពោះមុខព្រះបរមរូបទៀតថា គណបក្សប្រជាជនកម្ពុជាការពាររបបរាជនិយមជានិច្ច។
សូមបញ្ជាក់ថា ព្រះបរមរូបព្រះបរមរតនកោដិ ព្រះបាទ នរោត្តម សីហនុ ត្រូវបានកសាងឡើងពីស្ពាន់ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ដោយចំណាយទឹកប្រាក់សរុបប្រមាណ ១លាន ២ សែន ដុលា្លរអាមេរិក។ ព្រះបរមរូបនេះ ស្ថិតនៅក្នុងសម្លៀកបំពាក់ខោអាវធំ អបដៃសំយ៉ុងមកមុខ បែព្រះភក្រ្តទៅទិសខាងកើត មានកម្ពស់ ៤ ម៉ែត្រ ៥ តឹក ហើយត្រូវបានតម្កល់នៅលើទម្រកម្ពស់ ២ ម៉ែត្រ ៧ តឹក៕
----------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ