ហេង សំរិន ប្រាប់ឲ្យគ្រប់សាសនាទាំងអស់ រូម«សាមគ្គី»គ្នា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 31, 2015
- ប្រធានបទ: សាសនា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងអំពាវនាវ ឲ្យគ្រប់សាសនាទាំងអស់ នៅប្រទេសកម្ពុជា ត្រូវរួមសាមគ្គីគ្នា ដើម្បីភាពសុខដុមរមនា នៃជាតិកម្ពុជាទាំងមូល។ សេចក្ដីអំពាវនាវរបស់លោក បានធ្វើឡើងនាវិមានរដ្ឋសភា កាលពីថ្ងៃទី៣០ ខែកក្កដា នេះ ក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទ «សុខដុមរមណីកម្ម ក្នុងវិស័យសាសនានៅកម្ពុជា»។
ថ្លែងនៅចំពោះសមាជិក នៃគណកម្មការទី៧ នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា តំណាងព្រះសង្ឃនៃព្រះពុទ្ធសាសនា តំណាងសាសនាឥស្លាម និងសាសនាគ្រិស្ទ៍ ប្រមាណជាង២០០នាក់ លោក ហេង សំរិន បានថ្លែងឡើងថា ការលើកឡើងនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការកំហែងនៃភាពជ្រុលនិយម ផ្នែកសាសនា បង្កឲ្យមានសង្គ្រាម នៃក្រុម«រដ្ឋអ៊ីស្លាម (ISIS)» នៅមជ្ឈិមបូព៌ា និងនៅទ្វីអាហ្វ្រិកខាងជើង។
ប្រធានរដ្ឋសភារូបនេះបានបន្តថា ជាតិកម្ពុជា មិនមានការរើសអើង ផ្នែកសាសនាណាមួយឡើយ តែផ្ទុយទៅវិញ សាសនា បានក្លាយជាចំណុច ដែលកម្ពុជាបានយកចិត្តទុកដាក់ រហូតដាក់បញ្ចូល ក្នុងបាវចនារបស់ជាតិ «ជាតិ សាសនា និងព្រះមហាក្សត្រ» នោះថែមទៀត។ លោក សំរិន បានថ្លែងឲ្យដឹងថា សិទ្ធិទទួលបានការគោរព និងប្រតិបត្តិសាសនានានា របស់ប្រជាពលរដ្ឋកម្ពុជា ត្រូវបានចែងក្នុងមាត្រា៤៣នៃរដ្ឋធម្មនុញ្ញស្រាប់។
ដើម្បី«លើកកម្ពស់» ភាពសុខដុមរមនានៃសាសនា ប្រធានរដ្ឋសភាកម្ពុជា បានណែនាំ ទៅកាន់សាសនិកជនថា៖ «មួយ- ត្រូវគោរព និងសាមគ្គីគ្នាជិតស្និទ្ធិ និងស្មោះត្រង់ ដោយឈរលើ គោលការណ៍អធ្យាស្រ័យ និងយោគយល់គ្នា ក្នុងគ្រប់កាលៈទេសៈ ដើម្បីភាពសុខដុមរមនានៃសង្គមជាតិ។ ពីរ- គោរពប្រតិបត្តិធម៌វិន័យរបស់ខ្លួន ដោយផ្សារភ្ជាប់ ការគោរពសិទ្ធិអ្នកកាន់សាសនដទៃ និងប្រកាន់ខ្ជាប់ នូវមាគ៌ាអហិង្សា មេត្តា ករុណា និងសណ្តោសប្រណី។ បី-គោរពសិទ្ធិសេរីភាពជំនឿសាសនា ផ្សារភ្ជាប់នូវការគោរពច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានា ដើម្បីធានា បានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់សង្គមជាតិ។»
ដោយឡែក លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា (គណៈកម្មការអប់រំយុវជននិងកីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍) និងជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងឡើងថា ការធ្វើទេសចរណ៍មកកម្ពុជា នៃសាសនាដទៃ ហាក់ដូចជា បានកើតឡើង យ៉ាងអនាធិបតេយ្យ ដែលបានបង្កឲ្យមានភាពពិបាក ក្នុងការគ្រប់គ្រង ជាមួយនឹងការរក្សាបាន នូវសណ្តាប់ធ្លាប់ល្អ លើផ្នែកសាសនានេះ។ លោក បុញ្ញឬទ្ធិ មិនបានថ្លែងបញ្ជាក់ថា តើទេសចរណ៍សាសនានេះ ជាសាសនាណាទេ។
នៅកម្ពុជា មានសាសនាធំចំនួនបី ដែលបានទាក់ទាញឲ្យពលរដ្ឋកម្ពុជា មានការជឿជាក់ និងប្រតិបត្តិតាម។ សាសនាទាំងបីនោះ រួមមាន សាសនាព្រះពុទ្ធិ, សាសនាគ្រឹស្ទ៍ និងសាសនាឥស្លាម។ នាពេលកន្លងមក មានជនជាតិវៀតណាម ច្រើនសិបនាក់ បានចូលមកតាំងទី នៅកម្ពុជា និងថែមទាំងធ្វើការសាងសង់ ទីកន្លែងគោរពបូជាសាសនា របស់ពួកគេ ដោយគ្មានច្បាប់ទម្លាប់នោះទៀត៕