អ្នកឃ្លាំមើលសិទ្ធិមនុស្ស៖ រិតត្បិតការជួបជុំ ជាការចាប់មាន់បញ្ចូលទ្រុង
បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាញឹកញាប់រវាង សមត្ថកិច្ច និងប្រជាពលដែលធ្វើការតវ៉ា ក្រុមអង្គការសង្គមស៊ីវិល និងក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានសម្ដែងពីការព្រួយបារម្ភណ៍របស់ពួកគេ ជុំវិញការហាមឃាត់ រិតត្បិតរារាំងរបស់អាជ្ញាធរ ដែលអាចបណ្តាលឲ្យវិបត្តិសង្គមនៅកម្ពុជា ឈានទៅរកសភាពកាន់តែធ្ងន់ធ្ងរឡើង។
ការប្រឈមមុខគ្នារវាងកងកម្លាំងរបស់អាជ្ញាធរ និងពលរដ្ឋអ្នកតវ៉ា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិសង្គម - «បើមើលតាមកាលៈទេសៈពេលនេះ វាជាការចាប់មាន់បញ្ចូលទ្រុង។ អញ្ចឹងហើយក្រុមណាក៏ដោយ ដែលហ៊ានងើបធ្វើការតវ៉ា ធ្វើបាតុកម្ម គេត្រូវតែធ្វើការរារាំង ហាមឃាត់ ហើយបើនៅតែរឹងទទឹង យើងឃើញហើយតែងមានការចាប់ខ្លួន ជាបណ្តោះអាសន្ន និងបន្តបន្ទាប់។» នេះជាការលើកឡើងរបស់ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលលោកសង្កេតឃើញថា បន្ទាប់ពីក្រសួងមហាផ្ទៃបានចេញសារាចរណ៍ណែនាំ មិនអោយពលរដ្ឋមានការជួបជុំគ្នា តែងឃើញមានការចាប់ខ្លួន និងបង្រ្កាបទៅលើអ្នកតវ៉ា។ ការហាមឃាត់នេះវាជាការបំបិទតវ៉ា តែអ្នកដែលត្រូវបានបំបិទសិទ្ធិទាំងនោះ កាន់តែក្រោកឡើងថែមទៀត។
លោកកត់សម្គាល់ទៀតថា ដោយសារសិទ្ធិសេរីភាព ក្នុងកាលៈទេសៈនេះរិតត្បិតតឹងជាទីបំផុត ក្នុងខណៈដែលរដ្ឋធម្មនុញនៃប្រទេសកម្ពុជា បានធានាចំពោះសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនោះ វានឹងបង្កឲ្យសភាពការណ៍មានបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ លោកបានពន្យល់ថា «ការទប់ស្កាត់ការរុញច្រាននេះហើយ ដែលធ្វើអោយបញ្ហានេះមិនចប់មិនហើយ និងធ្វើអោយមនុស្សកាន់តែឌឺដង ហើយវានូវតែបង្កភាពអនាធិបតេយ្យថែមឡើង»។
បើទោះបី ក្រោយពីការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខ និងបាតុករនៅថ្ងៃ ទី២៦ ខែមករានេះ ស្ថានការណ៍បានស្ងប់ស្ងាត់វិញក៏ដោយ តែបើបន្តការរារាំងមិនអោយប្រជាពលរដ្ឋធ្វើការតវ៉ានោះ ហើយគ្មានការអន្តរាគមន៍ ឬសម្របសម្រួលពីខាងណា នោះស្ថានភាពនេះវាអាចនឹងអាក្រក់ថែមទៀត។ ចំពោះករណីនេះ លោក អំ សំអាត បានលើកឡើងពីក្តីបារម្ភណ៍របស់លោកទៀតថា «ខ្ញុំគិតថាមិនខុសគ្នាពីផ្លូវវ៉េងស្រេងនោះទេ វាអាចបណ្តាលអោយមានការស្លាប់ និងរងរបួសជាច្រើននាក់ទៀត»។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរូបនេះ បានប្រៀបធៀបក្រុមអ្នកតវ៉ានិងក្រុមអាជ្ញាធរ យ៉ាងដូច្នេះថា «កម្លាំងទាំងពីរនេះ ដូចក្របីនិងចេក អោយតែជួបគ្នា នឹងប្រើអំពើហិង្សា មិនថាយប់ មិនថាថ្ងៃ»។
រីឯ សកម្មជនការពារសិទ្ធិមនុស្សមួយរូបទៀត មកពីសមាគមអាដហុកលោក ចាន់ សូវ៉េត បានលើកឡើងដែរថា «បើរដ្ឋាភិបាលនៅបន្តប្រើប្រាស់ កងកម្លាំងជ្រុលហួសហេតុបែបហ្នឹង មានន័យថាសង្គមជាតិនៃការអនុវត្តន៍លទ្ធិប្រជាធិតេយ្យ និងគោរពសិទ្ធិមនុស្ស ពិតជាលែងមាននៅស្រុកយើងទៀតហើយ»។
លោកបន្ថែមថា «យើងឃើញហើយ ទីលានប្រជាធិបតេយ្យបង្កើតឡើងដោយច្បាប់ ហើយក៏មានការអនុញ្ញាតិឲ្យប្រជាពលរដ្ឋ ធ្វើការសម្តែងមតិ។ ហើយបើទីលានប្រជាធិបតេយ្យមិនអនុញ្ញាតិពលរដ្ឋបញ្ចេញមតិ ថាតើការដឹកនាំនៅក្នុងប្រទេសហ្នឹងវានឹងទៅដូចម្តេច?»
សំរាប់ការយល់ឃើញរបស់មន្រ្តីសង្គមស៊ីវិលទាំងពីររូនេះ មានតែទុកអោយ ប្រជាពលរដ្ឋធ្វើបាតុកម្មដោយអហិង្សា និងគ្មានការរារាំងពីអាជ្ញាធរទេ ទើបអាចបញ្ចៀសអំពើហិង្សា និងធ្វើអោយស្ថានការណ៍ធូស្រាលឡើងវិញ។ លោកចាន់ សូ វ៉េត បានថ្លែងជាចុងក្រោយថា «នៅពេលដែលមានរារាំង មានការទប់ស្កាត់ តែងកើតមាននៅអំពើហិង្សា ដែលនេះ វាជាបញ្ហាមួយ នាំអោយមានការញុះញង់ប្រើអំពើហិង្សា បើអាជ្ញាធរបើកអោយមានបាតុកម្មដោយអហិង្សានោះ នឹងគ្មានអីនោះទេ ហើយបញ្ហាវាអាចនឹងធូរស្រាល»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៤