ជីវិតកម្មករអូសរទេះ ចំណាយកម្លាំងច្រើន តែទទួលកម្រៃបានតិចតួច
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៦ មិនា ២០១៥
- កែប្រែចុងក្រោយ: March 07, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កម្មករប្រើកម្លាំងអូសរទេះ មកធ្វើការនៅរាជធានីភ្នំពេញ កំពុងប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសបញ្ហា ដែលទាក់ទងនឹងចំណូល មិនសមប្រកប នៅចំពោះការបញ្ចេញកម្លាំងច្រើន ពន់ប្រមាណ។ ជាមួយនឹងការត្អូញត្អែរ បានព្រឹកខ្វះល្ងាច ហូបមិនគ្រប់គ្រាន់ជាប្រចាំ និងគ្មានកន្លែងស្នាក់នៅសមរម្យនោះ ពួកគាត់ទាំងនោះ បានរៀបរាប់ថា ពេលខ្លះរកចំណូល បានត្រឹមតែ ៥០០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
កម្មករអូសរទេះម្នាក់ នៅផ្សារដើមគ រាជធានីភ្នំពេញ លោក គូវ ភា ក្នុងវ័យ៥៥ឆ្នាំ មកពីខេត្តស្វាយរៀង បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី៦ខែមិនាឆ្នាំ២០១៥ថា លោក ត្រូវបានកូនចៅ ទុកឲ្យនៅតែម្នាក់ឯង និងគ្មានអ្នកទីពឹង ដែលជំរុញឲ្យលោក ត្រូវសម្រេចចិត្តចាកចេញពីស្រុក មកធ្វើអ្នកអូសរទេះនៅភ្នំពេញ។ សព្វថ្ងៃ បុរសចំណាស់មិនមានលទ្ធភាព ជួលផ្ទះគេរស់នៅ ក្នុងរាជធានីភ្នំពេញទេ ប៉ុន្តែទីស្នាក់អាស្រ័យ នៅពេលយប់របស់លោក គឺនៅលើរទេះដែលលោក ប្រើប្រាស់សម្រាប់អូស យកកម្រៃនេះតែម្ដង។
ជាពិសេស សួរថា កម្លាំងដែលបានចំណាយ និងកម្រៃដែលទទួលបាន មានភាពសមរម្យឬទេ? លោក គូវ ភា បានទម្លាក់ទឹកមុខចុះស្រងូតស្រងាត់ មុននឹងធ្វើការត្អូញត្អែរថា កម្រៃដែលលោកបានទទួល ក្នុងអូសមួយជើង១៥០០រៀល នឹងមិនអនុញ្ញាតឲ្យលោក យកទៅជួលផ្ទះសម្រាប់ស្នាក់នៅ នោះឡើយ។ ឬបើមិនអញ្ចឹងទេ លោកនឹងត្រូវដាច់ពោះស្លាប់។
នៅមិនឆ្ងាយពីនេះ អ្នកអូសរទេះម្នាក់ទៀត លោក ឈុន រ៉េត នៅក្នុងវ័យប្រហាក់ប្រហែលគ្នា ដែលមកពីខេត្តកំង់ស្ពឺ បានឲ្យដឹងដែរថា គាត់មិនអាចជួលផ្ទះ ឬន្ទប់នៅបានដូចគ្នា ដោយសាតែទទួលបានកម្រៃទាបពេក។ មួយថ្ងៃ លោកមិនអាចរកបានដល់ ២០ ០០០រៀលនោះទេ បានត្រឹមតែ៥០០០រៀល ទៅ១៥០០០រៀល ក្នុងមួយថ្ងៃ។ ថ្ងៃខ្លះ មិនមានអ្នកហៅឲ្យអូសក៏មាន។
លោក ឈុន រ៉េត បានថ្លែងឲ្យដឹងថា កម្មករដូចពួកលោក អូសមួយជើង ទទួលបាន១៥០០រៀល ខណៈការទទួលខុសត្រូវ របស់កម្មករអូសរទេះមានទំហំធំ។ គម្លាតរវាង ចំណូល និងការចំណាយកម្លាំង បូករួមនឹងការទទួលខុសត្រូវ មានលក្ខណៈខុសគ្នា ដូចមេឃនិងដី។ រីឯចំណូលនោះទៀតសោត ពេលខ្លះមិនទាំងគ្រាន់ ដើម្បីអាចហូបបាយ បានមួយពេលផង។
បុរសចំណាស់ បានពន្យល់ទៀតថា អាហារមួយពេល អស់ពី៣០០០រៀល ទៅ៣៥០០រៀល ហើយនៅពេលងូតទឹក ត្រូវចំណាយ៥០០រៀលទៀត។ លោកថា កម្មករអូសរទេះទាំងអស់ សុទ្ធតែប្រើកម្លាំងទាំងអស់ ស្ទើតែរលត់ប្រាណ តែកម្រៃវិញហូបបាយមួយពេលមិនគ្រាន់។
អ្នកអូសរទេះដដែល លោក សាវ ក៏បានឲ្យដឹង ពីបញ្ហាដែលពួកគាត់ លំបាកទទួលយកនេះដែរ។ លោក សាវ បានប្រាប់ថា គាត់មិនដឹងថាមានមុខរបរអ្វីនឹងគេ ព្រោះនៅឯស្រុក មិនអាចប្រកប របរកសិកម្មបាន។ ហេតុនេះមុខរបរអូសរទេះ ជាជម្រើសរបស់លោក។ ព្រោះតែការហត់នឿយ មានកម្រិតធំ កម្មករអូសរទេះរូបនេះ បានដេកគងថ្ងាស លើរទេះរបស់ខ្លួន ហើយសញ្ជឹងរកមុខរបរអ្វី ដែលប្រសើជាងនេះទៅថ្ងៃមុខ។
កម្មករម្នាក់ ពីក្នុងចំណោមនេះ បានរៀបរាប់ថា លោកនឹងសន្សំលុយដែលមាន ហើយបើកូនរបស់គាត់ជួយទៀតផងនោះ លោកនឹងអាចទិញរទេះថ្មីមួយ ដើម្បីលក់ផ្លែឈើ វាអាចប្រសើរជាងរបរមួយនេះ ដែលធ្វើឲ្យលោក កាន់តែទ្រុឌទ្រោម ទៅក្នុងវ័យចាស់ជរា៕