ហ្វេសប៊ុក​អាច​ចូល​មើល​រូប​ឯកជន ឬ​សារ​សម្ងាត់ របស់​អ្នក​ប្រើ​ប្រាស់​បាន!

របកគំឃើញនេះ ត្រូវបានរកឃើញ ដោយនាយកក្រុមហ៊ុន ផលិតចម្រៀងអាមេរិកមួយរូប ដែលបានចូល ទៅក្នុងការិយាល័យរបស់ហ្វេសប៊ុក។ លោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញ អ្នកជំនាញរបស់ហ្វេសប៊ុក បានចូលទៅក្នុងគណនីរបស់លោក យ៉ាងស្រួលជាទីបំផុត។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០១ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 06, 2015
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ប៉ាអាវ៉ូ ស៊ីលចាម៉ាគី (Paavo Siljamäki) នាយកក្រុមហ៊ុនផលិតចម្រៀង អានជ័ណាប៊ីត (Anjunabeats) បានចូល​ទៅ​ក្នុង ការិយាល័យរបស់ហ្វេសប៊ុក នៅជាយក្រុង ឡូសអេនជឺឡេស (Los Angeles) ដើម្បីចង់រៀនបន្ថែមទៀត ពីដំណើរ​ការ​ដ៏​ស៊ី​ជម្រៅ របស់គណនីហ្វេសប៊ុកនីមួយៗ។

ប៉ុន្តែការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីវិស្វករជំនាញមួយរូប របស់បណ្ដាញសង្គមដ៏ល្បីនេះ បានចូលទៅក្នុង​គណនីរបស់លោក ប៉ាអាវ៉ូ ដោយមិនចាំបាច់ប្រើ ពាក្យសម្ងាត់អ្វីទាំងអស់។ នាយកក្រុមហ៊ុនចម្រៀង បានថ្លែងឡើងថា៖ «វិស្វករម្នាក់នោះ អាចចូលទៅក្នុងគណនីហ្វេសប៊ុក របស់ខ្ញុំ ហើយមើលពីអ្វីៗ គ្រប់បែបយ៉ាង ទាំងសាធារណៈ ទាំង​ឯកជន ដោយគ្មានចាំបាច់ ពាក្យសម្ងាត់ពីខ្ញុំឡើយ»។

លោក ប៉ាអាវ៉ូ បានលើក ជាចម្ងល់ឡើងថា៖ «តើបុគ្គលិករបស់ហ្វសប៊ុកប៉ុន្មាននាក់ ដែលមានលទ្ធភាព ក្នុងការចូលទៅ​ក្នុង​គណនី របស់អ្នកប្រើប្រាស់បណ្ដាញរបស់ខ្លួន បានដូច្នេះ? តើល័ក្ខខ័ណ្ឌបែបណា ដែលហាមកុំឲ្យអ្នកដទៃ ចូលទៅ​ក្នុង​ទិន្នន័យឯកជន របស់យើងបាននោះ? ហើយថាតើយើងអាចដឹងថា មានមនុស្សចូលមក ក្នុងគណនីរបស់យើង នៅពេល​ណា និងយ៉ាងដូចម្ដេច?»

ហ្វេសប៊ុកទទួលស្គាល់!

ឆ្លើយតប នឹងគេហទំព័រ នៃសារព័ត៌មានមួយឈ្មោះ Venturebeat អ្នកនាំពាក្យរបស់ហ្វេសប៊ុក បានទទួលស្គាល់ថា វិស្វករ​ជំនាញរបស់ហ្វេសប៊ុក អាចធ្វើដូច្នេះបានមែន។ ប៉ុន្តែអ្នកនាំពាក្យរូបនោះ បានអះអាងថា ករណីនេះត្រូវបានធ្វើ ក្នុង​របៀប​របបមួយ ដ៏តឹងរ៉ឹង។ គេហទំព័រនោះ បានស្រង់សម្ដីអ្នកនាំពាក្យ មកសរសេរថា៖ «យើងត្រួតពិនិត្យ យ៉ាងហ្មត់ចត់ ទាំង​ផ្នែក​រដ្ឋបាល ទាំងរូបសម្បត្តិ និងទាំងផ្នែកបច្ចេកទេស ដើម្បីធានាថា បុគ្គលិកនោះ អាចចូលទៅក្នុងទិន្នន័យ របស់អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក»។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា៖ «ប្រព័ន្ធត្រួតពិនិត្យរបស់យើង ត្រូវបានវាយតម្លៃ និងទទួលស្គាល់ ដោយការិយាល័យ​អធិការកិច្ច ស្ដីពីការការពារទិន្និន័យឯកជន នៅប្រទេសអៀឡង់។ (...) បុគ្គលិកដែលមានតួនាទីក្នុងករណីនេះ អាចចូល​ទៅ​ក្នុងគណនីរបស់អ្នកប្រើប្រាស់ នៅល័ក្ខខ័ណ្ឌនៃការទទួលខុសត្រូវរបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយ ទៅលើ​បញ្ហា​ដែលកើតមាន នៅលើគណនី ឬទៅលើការស្នើសុំ ពីសំណាក់អ្នកប្រើប្រាស់ ពីជួយក្នុងរឿងអ្វីមួយ។»។

នៅទីបញ្ចប់ អ្នកនាំពាក្យបានធានាទៀតថា៖ «ប្រព័ន្ធត្រួតពិនិត្យចំនួនពីរ ត្រូវបានដាក់ ឲ្យឃ្លាំមើលក្រុមបុគ្គលិកទាំងនោះ ហើយមួយសប្ដាហ៍ម្ដង យើងត្រូវធ្វើការវាយតម្លៃ ទៅលើការងាររបស់ពួកគេ។ យើងមិនអត់អោន សូម្បីតែបន្តិចឡើយ នៅ​ក្នុងករណីល្មើសណាមួយ ហើយបុគ្គលិកដែលជាប់សង្ស័យ នឹងត្រូវបណ្ដេញចេញពីការងារ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...