នាយកវិទ្យវីអូឌី ថាការធ្វើមិនដឹងមិនឮរបស់រដ្ឋាភិបាល ជាឬកមិនថ្លៃថ្នូ
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: May 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានថ្កោលទោស ទៅលើការវាយដំច្រំធាក់ ទៅលើបុគ្គលិករបស់ខ្លួន ដោយក្រុមសន្តិសុខបិទមុខ នៅក្បែរនឹងទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ម្សិលម៉ិញនេះមក លោក ប៉ា ងួនទៀង នាយកវិទ្យុសម្លេងប្រជាធិបតេយ្យ ហៅកាត់តាមភាសាអង់គ្លេសថា វីអូឌី បានថ្លែងបរិហាជាបន្តទៀតថា ការធ្វើមិនដឹងមិនឮរបស់រដ្ឋាភិបាល ពីអំពើហិង្សានៃក្រុមសន្តិសុខស៊ីឈ្នួល ជួលដោយរដ្ឋាភិបាលនេះខ្លួនឯង បានឆ្លុះបញ្ចាំងពីឬកពារ«មិនថ្លៃថ្នូ»មួយ។
លោក ឡាយ សាមាន អ្នកសារព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)
សន្ដិសុខបិទមុខ - ថ្លែងនៅក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុសេរី កាលពីយប់ថ្ងៃទី០២ ខែឧសភា នៅក្រោយបន្តិចពីអំពើហិង្សា បង្កឡើងដោយក្រុមសន្ដិសុខបិទមុខទៅលើព្រះសង្ឃ និងអ្នកសារព័ត៌មាន នៅក្បែរទីលានប្រជាធិបតេយ្យ លោក ប៉ា ងួនទៀង នាយកវិទ្យុសម្លេងប្រជាធិបតេយ្យ និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានធ្វើការថ្កោលទោស យ៉ាងខ្លាំងក្លាទៅលើសកម្មភាពទាំងនេះ ដោយបានហៅការប្រើហិង្សានេះ ថាទង្វើ«ព្រៃផ្សៃ» ដែលបង្កដោយប្រយោលពីសំណាក់រដ្ឋាភិបាល។
លោក ប៉ា ងួនទៀង បានបន្តបរិហារទៅលើការធ្វើមិនដឹងមិនឮ និងការបដិសេធពីសំណាក់រដ្ឋាភិបាល ពីរាល់អំពើហិង្សាទាំងនេះ ថាមានឫក«មិនថ្លៃថ្នូ»។ លោកបានពន្យល់ថា ចរិកមិនថ្លៃថ្នូ ដោយសារតែកងកម្លាំងនគរបាល ដែលតំណាងឲ្យអាជ្ញាធរមានសមត្ថកិច្ច មានវត្តមាននៅក្បែរនោះស្រាប់ មិនបានទប់ស្កាត់មិនឲ្យមានអំពើហិង្សាទាំងនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អំពើហិង្សាមិនមែនទើបនឹងកើតជាលើកទីមួយនោះទេ តែវាបានកើតឡើងរឿយៗ និងក្លាយជារឿងដដែលៗ នៅពេលណាដែលមានការជួបជុំគ្នាម្ដងៗ។ ដូច្នេះហតុអ្វី ក៏រដ្ឋាភិបាល មិនបើកការស៊ើបអង្កេត។
លោកនិយាយថា «ខ្ញុំថារដ្ឋាភិបាលសព្វថ្ងៃនេះ ធ្វើឬកអត់ថ្លៃថ្នូសោះ»។
អ្នកសារព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យមួយរូប លោក ឡាយ សាមាន ត្រូវបានក្រុមសន្តិសុខបិទមុខទាំងនោះ វាយឲ្យរបួសស្ទើស្លាប់ស្ទើរស់ ខណៈលោកកំពុងយកព័ត៌មានពីហេតុការណ៍បង្ក្រាបរបស់អាជ្ញាធរ ទៅលើពលរដ្ឋដែលធ្វើការជួបជុំគ្នា នៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ៤និង៥០នាទីរសៀល ថ្ងៃទី២ ខែឧសភា បន្ទាប់ពីក្រុមសន្ដិសុខទាំងនោះ បានបើកការវាយប្រហារទៅលើព្រះសង្ឃមួយអង្គ ព្រះនាម លួន សូវាត។
សាក្សីនៅផ្ទាល់កន្លែងបានថ្លែងរៀបរាប់ថា ក្រុមសន្ដិសុខបិទមុខស៊ីឈ្នួលទាំងនោះ ដេញវាយមនុស្សប្រៀបបាននឹងក្រុមក្មេងពាលដែលដេញវាយគ្នា នៅតាមចិញ្ចើមថ្នល់យ៉ាងដូច្នោះ។ រីឯក្រុមនគរបាលដែលមានពាក់ឯកសណ្ឋាន តំណាងឲ្យអាជ្ញាធរនៅទីនោះ មិនត្រូវបានគេឃើញមានប្រតិកម្ម ទៅនឹងការដេញវាយមនុស្សរបស់ ហ្វូងសន្ដិសុខបិទមុខទាំងនោះឡើយ។
នាយកវិទ្យុសម្លេងប្រជាធិតេយ្យ លោក ប៉ា ងួនទៀង បានបន្តទៀតថា ខ្លួនជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋមួយទាំងមូល តែនៅពេលមានអំពើហិង្សាមកលើប្រជាពលរដ្ឋ ខ្លួនឯងធ្វើមិនដឹងមិនឮ ទាំងខ្លួនកំពុងចាយថវិការបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ទៀតថា បើរដ្ឋាភិបាលធ្វើមិនដឹងមិនឮ នឹងអំពើហិង្សាណ្នឹង មានន័យថារដ្ឋាភិបាលខ្លួនឯង ជាអ្នកគាំទ្រឲ្យធ្វើរឿងនេះ ព្រោះបើមិនអញ្ចឹងទេ ច្បាស់ជាចាត់វិធានការទប់ស្កាត់ហើយ។ «ប៉ុន្តែរដ្ឋាភិបាលអត់អើពើ ធ្វើមិនដឹងមិនឮបែបនេះ មានន័យថា រដ្ឋាភិបាលជាអ្នកបង្កើត ជាអ្នកនៅពីក្រោយ និងគាំទ្រតែម្ដង»៕
------------------------------------------------
ដោយ ដារា រិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០២ ឧសភា ២០១៤