ធ្វើដូចម្ដេច ដើម្បីកុំឲ្យវីដេអូក្នុងហ្វេសប៊ុក អានដោយខ្លួនឯង?
ការអានវីដេអូដោយស្វ័យប្រវត្តិនៅក្នុងគេហទំព័រ នៃបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានដាក់ឲ្យដំណើរការចាប់ពីពេលនេះតទៅ។ តែពេលខ្លះជារឿងដែលគួរឲ្យធុញទ្រាន់ និងពេលខ្លះទៀត ជារឿងដែលអ្នកមិនចង់សូម្បីបន្តិច ឲ្យមានការអានជាស្វ័យប្រវត្តិ នូវវីដេអូទាំងនេះ។ ប៉ុន្តែទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មានចំណុចគន្លឺះដើម្បីជម្រាបជូនលោកអ្នក ថាតើធ្វើយ៉ាងដូចម្ដេច ដើម្បីកុំឲ្យវីដេអូទាំងនោះ ត្រូវអានដោយខ្លួនឯងយ៉ាងដូច្នេះ។
«ហ្វេសប៊ុក» បណ្ដាញសង្គម ដែលធំជាងគេក្នុងពិភពលោកបច្ចុប្បន្ន។
ហ្វេសប៊ុក - បណ្ដាញសង្គមដែលធំជាងគេក្នុងពិភពលោក ហ្វេសប៊ុក បានកែប្រែជារឿយៗ នូវសេវាកម្មរបស់ខ្លួន ដែលផ្ដល់ទៅអ្នកប្រើប្រាស់ នៅលើបណ្ដាញរបស់ខ្លួន។ ប៉ុន្តែកំណែប្រែមួយចំនួន មិនត្រូវបានអ្នកប្រើប្រាស់ សប្បាយចិត្តជាមួយនឹងហ្វេសប៊ុកនោះឡើយ។
នេះជាករណីនៃការអានដោយស្វ័យប្រវត្តិ នូវវីដេអូទាំងឡាយ ដែលត្រូវបានអ្នកប្រើប្រាស់ចុះផ្សាយ ឬចែកផ្សាយបន្ត។ អ្នកប្រើប្រាស់ខ្លះ មិនចង់អានវីដេអូទាំងនោះទេ បើទោះជាវីដេអូនោះ ត្រូវបានមិត្តភ័ក្រជិតដិតរបស់ខ្លួន ចុះផ្សាយនោះក៏ដោយ។ រឿងនេះបង្កការមិនសប្បាយចិត្ត ដល់អ្នកប្រើប្រាស់ខ្លះ ដែលកំពុងតែផ្ចង់អារម្មណ៍ក្នុងការស្ដាប់ចម្រៀង តាមកំព្យូទ័រយ៉ាងលន្លង់លន្លោច តែបើកទំព័រហ្វេសប៊ុករបស់ខ្លួនឡើង ស្រាប់តែសម្លេងដែលលាន់ចេញពីវីដេអូ បានកើតឡើងដោយឯកឯង ធ្វើឲ្យរំខានដល់អារម្មណ៍ ដែលកំពុងហោះទៅជាមួយចម្រៀង។
ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង ការអានវីដេអូទាំងនេះ បានធ្វើឲ្យការចំណាយក្នុង Debit កាន់តែច្រើនឡើងថែមទៀត សម្រាប់អ្នកប្រើប្រាស់អាំងធើណែត តាមទូរស័ព្ទចល័ត។ បើអញ្ចឹង តើធ្វើយ៉ាងដូចម្ដេចទៅ?
១) នៅទំព័រគណនីរបស់លោកអ្នក សូមលោកអ្នក ចុះទៅលើ«អាយកូន»មួយ នៅផ្នែកខាងលើ និងខាងស្ដាំបំផុតនៃទំព័រហ្វេសប៊ុក។ «អាយកូន» ដែលមានរាងជាព្រួញចង្អុលចុះក្រោម។ លោកអ្នកចុចជាបន្ទាប់ ទៅលើ «ការកំណត់» ឬ «Setting» ឬ «Paramètre»។
២) នៅលើទំព័រដែលចេញមកបន្ទាប់មកទៀតនេះ នៅផ្នែកខាងឆ្វេង និងខាងក្រោមនៃទំព័រ សូមចុចទៅលើ «វីឌីអូ» ឬ «Video»។
៣) នៅទំព័រ «Auto-Play Videos» ដែលចេញមកនេះ សូមចុចទៅលើប៊ូតុងបម្លាស់ប្ដូរ នៅផ្នែកខាងស្ដាំបំផុត មកជា«Off» ឬ «Désactiver»វិញ។
ប៉ុន្តែការផ្លាស់ប្ដូរនេះ អាចធ្វើបាននៅពេលដែលលោកអ្នកប្រើប្រាស់ហ្វេសប៊ុក នៅលើម៉ាស៊ីនកំព្យូទ័រប៉ុណ្ណោះ។ បើអ្នកប្រើប្រាស់ហ្វេសប៊ុក ក្នុងទូរស័ព្ទ ឬក្នុងក្ដាបញ្ជា (Tablette) អ្នកត្រូវចូលទៅពិនិត្យមើលការកំណត់នេះ នៅលើកម្មវិធីហ្វេសប៊ុក ដែលមាននៅក្នុងទូរស័ព្ទ ឬក្ដាបញ្ជានោះដោយខ្លួនឯង។
---------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤