សពយាយខ្លី នឹងត្រៀមបូជានៅថ្ងៃអាទិត្យ
សពរបស់យាយខ្លី ដែលបានទទួលមរណៈភាពកាលយប់ថ្ងៃទី០១ ខែឧសភានេះ កំពុងរៀបចំតំកល់ធ្វើបុណ្យនៅវត្តញៀនរង្សី និងត្រៀមបូជានៅថ្ងៃអាទិត្យខាងមុខ។
អ្នកស្រី នេត ផល្លី ហៅយាយខ្លី នៅក្នុងឈុតកំប្លែងមួយ។ (រូបថត ហ្វេសប៊ុក)
តារា - អ្នកស្រី នេត ផល្លី ហៅយាយខ្លី ជាតារាកំប្លែងជើងចាស់ល្បីឈ្មោះម្នាក់ ក្នុងក្រុមកំប្លែង នាយកុយ បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោងប្រហែល១២យប់ថ្ងៃទី០១ឆ្លងចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤។
តារាកំប្លែងជើងចាស់ ដែលមានវ័យ៦៣ឆ្នាំរូបនេះ បានធ្លាក់ខ្លួនឈឺចាប់តាំងពីឆ្នាំ ២០១២ មក ហើយជំងឺរបស់លោកយាយ មិនបានធូរស្រាលនោះទេ តែផ្ទុយទៅវិញ មានអាការៈកាន់តែធ្ងន់ធ្ងរឡើង។ ប្រមាណជាបីអាទិត្យមុន អ្នកស្រីបានចូលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ហើយគ្រូពេទ្យបាននិយាយថា អ្នកស្រីមានជំងឺច្រើនប្រភេទដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺមានជាតិពុលក្នុងខ្លួន ហួសកម្រិត ក្រពះ និងធ្ងន់ធ្ងរជាងគេគឺ ជំងឺពុកឆ្អឹងដែលធ្វើឱ្យអ្នកស្រីមិនអាចឆ្លងផុតពីគ្រោះមរណនេះបាន។ នេះបើតាមការបញ្ជាក់ របស់លោកញ៉ែម និមល ជាចៅប្រុសរបស់អ្នកស្រី។
សពរបស់លោកយាយបានដឹកមកដល់ និងដំកល់ធ្វើបុណ្យនៅវត្តញៀនរង្សី ដែលមានទីតាំងស្ថិតនៅក្បែរអង់តែនទួលគោក។ ចៅប្រុសរបស់តារាកំប្លែងរូបបានបញ្ជាក់ថា សពរបស់លោកយាយខ្លី នឹងធ្វើការបូជានៅថ្ងៃអាទិ្យទី៤ ខែមេសា ឆ្នាំ២០១៤។
លោក ញ៉ែម និមល បានឱ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា សម្រាប់ពិធីបុណ្យ៧សពថ្ងៃរបស់អ្នកស្រីវិញ នឹងទៅធ្វើនៅស្រុកកំណើតវិញ ដែលស្ថិតនៅឯភូមិរាប ឃុំចុងក្រូច ស្រុកពារាំងខេត្តព្រៃវែង ដើម្បីឲ្យបងប្អូនសាច់ញាតិ នៅទីនោះបានចូលរួម និងដើម្បីឲ្យព្រលឹងរបស់អ្នកស្រីខ្លីបានស្ងប់ ដោយសារតែធាតុយាយតាបងប្អូននៅទីនោះផង។
លោកក៏សូមអំពាវអំពាវឱ្យបងប្អូនទាំងអស់ មិនថាតែជាក្រុមសិល្បករ និងអ្នកដែលស្រលាញ់លោកយាយ ដែលមានបំណងចង់ចូលរួម ក្នុងពិធីបុណ្យសពនេះឱ្យច្រើនកុះករ និងជាការជូនដំណើរចុងក្រោយដើម្បីឱ្យវិញ្ញាក្ខន្ធអ្នកស្រីទៅកាន់សុកតិភព៕
-----------------------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី០២ ឧសភា ២០១៤