ដំណាក់កាលថ្មីមួយទៀត ក្នុងការរុករកយន្ដហោះម៉ាឡេស៊ីបាត់ខ្លួន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសអូស្ត្រាលី នឹងធ្វើជាម្ចាស់ផ្ទះ នៅក្នុងសប្ដាហ៍ខាងមុខនេះ នូវអ្នកទទួលខុសត្រូវជនជាតិចិន និងជាតិម៉ាឡេស៊ី ដើម្បីកំណត់ពីគោលការណ៍នាពេលអនាគត នៅក្នុងការរុករកយន្ដហោះប៊ូអីង នៃជើងហោះហើរ MH370 ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនាកន្លងទៅ។ នេះជាការផ្លាស់ប្ដូរទៅរកយុទ្ធសាស្ត្រថ្មីទៀត ក្រោយពីបានរុករកនៅផ្ទៃមហាសមុទ្រឥណ្ឌាខាងត្បូង មិនបានទទួលលទ្ធផលនោះមក និងត្រូវបានប្រកាសឲ្យដឹងកាលពីរសៀលថ្ងៃសុក្រ ដោយអ្នកទទួលខុសត្រូវក្នុងសំនុំរឿង ជាតិម៉ាឡេស៊ី។
ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នៅព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ។ (រូបថត Reuters)
បាត់យន្ដហោះ - កិច្ចប្រជុំនៅទីក្រុងកង់បេរ៉ា (Canberra) មានទិសដៅក្នុងការរៀបចំ«ជំហានថ្មី» សម្រាប់យុទ្ធនាការរុករក នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង ទីកន្លែងដែលគេជឿថា យន្ដហោះប៊ូអីង៧៧៧ បានធ្លាក់ បន្ទាប់ពីយន្ដហោះនេះ បានភ្ជាប់ជើងហោះហើរលេខ MH370 ពីរដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីព្រឹកព្រហាមថ្ងៃទី៨ ខែមីនាកន្លងទៅ។ យន្ដហោះបានបាត់ខ្លួនពីកញ្ចក់ប្រព័ន្ធរលកអាកាស នៅមួយម៉ោងក្រោយពីបានបង្ហើបខ្លួនពីដី ជាមួយនឹងមនុស្ស២៣៩នាក់ នៅលើយន្ដហោះ។
រដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី បានតែងតាំងអតីតអ្នកទទួលខុសត្រូវ របស់អាកាសចរណ៍ស៊ីវិលរបស់ខ្លួនម្នាក់ ដើម្បីមកដឹកនាំគណកម្មការមួយ ដែលមានការចូលរួមពីមន្ត្រីជំនាញបរទេសជាច្រើននាក់។ អាជ្ញាធររបស់ប្រទេសនេះ ក៏បានសុំយោបល់ផងដែរ ពីលោក ហ្សង់ប៉ូល ត្រូអាដេក (Jean-Paul Troadec) អតីតប្រធានមជ្ឈមណ្ឌលស៊ើបអង្កេត និងវិភាគបារាំង (BEA) ដែលបានអង្កេតទៅលើគ្រោះថ្នាក់យន្ដហោះអ៊ែប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែរហ្វ្រង់ (Air France) នៃជើងហោះហើរលេខ447 ពីទីក្រុងរីយ៉ូប្រទេសប្រេស៊ីល មករដ្ឋធានីប៉ារីសប្រទេសបារាំង ដែលបានបាត់ខ្លួននៅលើមហាសមុទ្រអាត្លង់ទីក កាលពីខែមិថុនាឆ្នាំ២០០៩។
ប្រទេសចំនួនប្រាំបី បានចូលរួមរុករុកយន្ដហោះប៊ូអីង របស់ក្រុមហ៊ុនម៉ាឡេស៊ីអែរឡាញ នៅក្នុងមហាសមុទ្រឥណ្ឌា នៅក្នុងក្ដីសង្ឃឹមថានឹងអាចរកឃើញតួយន្ដហោះ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ។ យុទ្ធនាការរុករកនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែមីនានោះមក បានគ្របដណ្ដប់ទៅលើផ្ទៃក្រឡារុករក ធំជាង៤,៥លានគីឡូម៉ែត្រក្រឡា។ ប៉ុន្តែយុទ្ធនាការនេះ ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការ ក្នុងសប្ដាហ៍នេះ។ ក្រុមអ្នករុករកបាននិយាយថា អ្វីដែលគេត្រូវធ្វើពីពេលនេះតទៅ គឺត្រូវស្វែងរកតួយន្ដហោះ នៅក្នុងទឹកក្រោមសមុទ្រវិញ។
សម្រាប់ក្រុមគ្រួសារនៃអ្នកដំណើរនៅលើយន្ដហោះនេះវិញ ការក្ដៅក្រហាយបានកើនឡើង បន្ទាប់ពីពួកគេត្រូវបានបញ្ជាឲ្យចាកចេញ ក្នុងថ្ងៃតែមួយ ពីសណ្ឋាគារនារដ្ឋធានីប៉េកាំង។ ពួកគេបានមកស្នាក់នៅក្នុងសណ្ឋាគារនេះ តាំងពីជិតពីរខែមកហើយ នៅក្នុងបន្ទុកចំណាយនៃការស្នាក់នៅ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ៕
------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី០២ ឧសភា ២០១៤