ញ៉ូវយក៖ យន្ដហោះយកច្រមុះថើបដី នៅពេលចុះចត របួស១០នាក់ (Video)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: July 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីរសប្ដាហ៍ក្រោយព្រឹត្តិការណ៍បោកខ្លួន នៃយន្ដហោះប៊ូអ៊ីញ នៅព្រលានយន្ដហោះនៃទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នៅថ្ងៃច័ន្ទទី២២ខែកក្កដា នៅព្រលានយន្ដហោះនៃទីក្រុងញ៉ូវយកឯណេះវិញ យន្ដហោះប៊ូអ៊ីញ ៧៣៧ (Boeing 737) មួយគ្រឿងទៀត បានចុះចតដោយយកច្រមុះរបស់វាទៅជល់ប៉ះនឹងដី។ ជាគ្រោះថ្នាក់យន្ដហោះថ្មីមួយទៀត ដែលបានធ្វើឲ្យមានជនរងរបួស១០នាក់។
យន្ដហោះយកច្រមុះថើបដី នៃក្រុមហ៊ុនអាកាសចរណ៍ សោធវេស្ទ។ (រូបថត taringa.net)
ការខកខានថ្មីមួយទៀត បានចុះបញ្ជីគ្រោះថ្នាក់ នៃការចុះចតយន្ដហោះ នៅសហរដ្ឋអាមេរិក។ មនុស្ស១០នាក់រងរបួស នៅរសៀលថ្ងៃច័ន្ទទី២២ខែកក្កដា នៅព្រលានយន្ដហោះនៃទីក្រុងញ៉ូវយក ឡាហ្គាដៀ (La Guardia)។ យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ សោធវេស្ទ (Southwest) ដែលដឹកអ្នកដំណោះរប្រមាណជា ១៥០នាក់ បានជួបបញ្ហានៅពេលចុះចត។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយថា ក្នុងចំណោមអ្នករបួសទាំងដប់នាក់ ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈ៤នាក់ផ្សេងទៀត នៅនឹងកន្លែង។ ភា្នក់ងារមួយរូប ពីការិយាល័យសុវត្ថិភាពអាកាសចរណ៍ សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ទីកន្លែង នៅវេលាយប់ថ្ងៃដដែលនោះ ដើម្បីបើកការស៊ើបអង្កេតមួយ និងធ្វើតុល្យភាពនៃការខូចខាត ដែលកើតចេញពីគ្រោះថ្នាក់។
គ្រោះថ្នាក់នេះបានធ្វើឲ្យគេនឹកឃើញឡើងវិញ នូវការខកខានក្នុងការចុះចតដូចគ្នា នៃយន្ដហោះអាស៊ីយ៉ាណា អ៊ែរឡាញ (Asiana Airlines) នៅទីក្រុងសាន ហ្វាន់ស៊ីស្កូ ថ្ងៃទី០៦ខែកក្កដាកន្លងទៅ ដែលបានធ្វើឲ្យមនុស្ស៣នាក់ស្លាប់ និងជាង១៨០នាក់ផ្សេងទៀតរងរបួស។ យន្ដហោះនោះ បានបោកខ្លួននៅនឹងដីជិតផ្លូវចុះចត បន្ទាប់ពីកន្ទុយរបស់វាបានប៉ះនឹងច្រាំង ដែលបានចែកផ្លូវចុះចត និងបឹងមួយនៅជាប់នោះ៕
វីដេអូ ៖
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ