មេ​ដឹកនាំ​​សហជីព ព្រមាន​ពី​«​បាតុកម្ម​​ធំ​»​នឹង​​ផ្ទុះ​នៅ​ខែ​កុម្ភះ

«សេរីភាពមិនអាចបិទបានរហូតទេ ទោះបីថ្ងៃនេះមិនបានជុំគ្នា ក៏ថ្ងៃក្រោយយើងអាចជុំគ្នាបានទៀតដែរ» នេះជាការ​បញ្ជាក់របស់លោកអាត់ ធន់ ដោយថែមទាំងបញ្ជាក់ ពីភាពមិនរាថយរបស់លោក នៅចំពោះការបង្រ្កាប​ពីសំណាក់​អាជ្ញាធរ ទៅលើក្រុមបាតុករ។ យ៉ាងណាម៉ិញ លោកក៏មានគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ នៅខែក្រោយនេះ បើមិនមានយុត្តិធម៌ដល់ជនរងគ្រោះ និងមិនចរចាតម្លើងប្រាក់ អោយបានសមរម្យជូនកម្មករ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សេរីភាពមិនអាចបិទបានរហូតទេ ទោះបីថ្ងៃនេះមិនបានជុំគ្នា ក៏ថ្ងៃក្រោយយើងអាចជុំគ្នាបានទៀតដែរ» នេះជាការ​បញ្ជាក់របស់លោកអាត់ ធន់ ដោយថែមទាំងបញ្ជាក់ ពីភាពមិនរាថយរបស់លោក នៅចំពោះការបង្រ្កាប​ពីសំណាក់​អាជ្ញាធរ ទៅលើក្រុមបាតុករ។ យ៉ាងណាម៉ិញ លោកក៏មានគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ នៅខែក្រោយនេះ បើមិនមានយុត្តិធម៌ដល់ជនរងគ្រោះ និងមិនចរចាតម្លើងប្រាក់ អោយបានសមរម្យជូនកម្មករ។


កងកម្លាំងរបស់អាជ្ញាធរ ដែលត្រូវបានដាក់ពង្រាយទប់ស្កាត់ នៅទីលានប្រជាធិបតេយ្យថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

បាតុកម្ម - បន្ទាប់ពីត្រូវបានហាមឃាត់មិនអោយធ្វើបាតុកម្មនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ សហព័ន្ធសហជីព និង​សមាគមចំនួន៩នៅតែប្រកាសជំហរថា ការធ្វើបាតុកម្មទាមទារអោយដោះលែង ជនជាប់ឃុំនៅពន្ធនាគារទាំ២៣នាក់ ការទាមទារអោយតម្លើង ប្រាក់ខែគោលកម្មករដល់១៦០ដុល្លា និងរកយុត្តិធម៌អោយជនរងគ្រោះ នឹងនៅតែបន្ត​កើត​មាន ទោះបីពេលមានការរារាំងពីអាជ្ញាធរសមត្ថកិច្ចក៏ដោយ។

ទោះជាបាតុកម្មរបស់ក្រុមលោក ត្រូវបានអាក់ខានដោយសារការរារាំងពីក្រុមសមត្ថកិច្ចនោះក៏ដោយ លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានអះអាងនៅ​ចំពោះអ្នក​សារព័ត៌មាន ប្រជាពលរដ្ឋ និងកម្មករថា ក្រុមសហជីពរបស់លោក មិនបានរាថយឡើយ ដោយបានបញ្ជាក់ថា លោកនឹងមាន​យុទ្ធសាស្រ្តផ្សេងៗទៀត ក្នុងការទាមទារ​ធ្វើម៉េច​អោយមានការដោះលែង លោក វន់ ពៅ សកម្មជនដីធ្លី និងកម្មករ រួម​ទាំងជំរុញអោយ មានការតម្លើង​ប្រាក់​ខែ​ជូនកម្មករអោយបាន១៦០ដុល្លា ក៏ដូចជាមន្រ្តីរាជការ គ្រូបង្រៀន​អោយ​បាន​មួយលានរៀលក្នុងមួយខែ។

លោកបន្តថា «បើទោះបីជាមានការចាប់ខ្លួនក៏ដោយ យើងមិនត្រូវរាថយទេ ចំពោះស្ថានភាពបែបនេះ យើងត្រូវតែ​ប្រកាន់ជំហរតស៊ូរឹងមាំទាំងអស់គ្នា ដើម្បីសិទ្ធិសេរីភាពប្រជាពលរដ្ឋទាំងអស់។ បើយើងដកថយ ភ័យខ្លាច សេរីភាព​នៅ កម្ពុជាយើងនិងធ្ងន់ធ្ងរមែនទែនហើយ ដូច្នេះត្រូវក្រោកឈរឡើងតស៊ូទាំងអស់គ្នា។»

ឆ្លើយនឹងសំណួរសួថា បើការធ្វើបាតុកម្មតវ៉ាទាមទារ នៅតែមានការរារាំងពីក្រុមសមត្ថកិច្ច តើក្រុមសហជីពជឿជាក់ថា ការទាមទារអោយដោះលែងមនុស្សទាំង២៣នាក់ បញ្ហាប្រាក់ជួនកម្មករ និងគ្រូបង្រៀនបានសម្រេចដែរឬទេ? លោក រ៉ុង ឈុន បានឆ្លើយដោយក្តីជឿជាក់ថា «យើងមាននីតិវិធីច្រើនណាស់ក្នុងការទាមទារ អោយមានការផ្តល់​យុត្តិធម៌​ដល់ពួកគាត់ដែលត្រូវជាប់ឃុំ អោយមានសេរីភាព។ យើងអាចប្រើវិធីធ្វើកូដកម្មនៅនឹងកន្លែង ដោយមិនចូល​ធ្វើការ​ទាំងគ្នា ហើយធ្វើម៉េចដាក់សម្ពាធអោយមានការដោះលែង និងតម្លើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការនៅ​ប្រទេស​កម្ពុជា។»

លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាអ្នកដឹកនាំកម្មករធ្វើបាតុកម្មដ៏ល្បីឈ្មោះមួយរូបដែរនោះ ប្រកាសជំហរថា ការជំរុញអោយមានការដោះលែងមនុស្សទាំង២៣រូប ការរកយុត្តិធម៌ជូនជនរងគ្រោះ ដែលបាន​បាត់បង់ជីវិតក្នុងពេលប៉ះទង្គិចគ្នា នៅផ្លូវវ៉េងស្រេង និងការទាមទារអោយតម្លើងប្រាក់ជូនកម្មករ១៦០ដុល្លា នឹងនៅ​តែបន្តដោយគ្មានការរាថយឡើយ។ លោកអះអាងទៀតថា «សេរីភាពមិនអាចបិទបានរហូតទេ ទោះបីថ្ងៃនេះមិន​បានជុំគ្នា ក៏ថ្ងៃក្រោយយើងអាចជុំគ្នាបានទៀតដែរ»។

ប្រធានសហភាពការងាររូបនេះបានអោយដឹងទៀតថា «ខ្ញុំបញ្ជាក់ថាសកម្មភាពថ្ងៃនេះ មិនមែនជាសកម្មភាពធំទេ ហើយក៏មិនមែនចុងក្រោយដែរ តែវាជាសកម្មភាពតូចៗ ដែលយើងធ្វើគ្រាន់តែធ្វើរំលឹកដល់ការទាមទារ»។ មិន​ត្រឹម​តែប៉ុណ្ណោះ លោកបានព្រមានចំៗទៅកាន់រដ្ឋាភិបាលថា «បើនៅតែមិនដោះលែងអ្នកទាំង២៣នាក់ រកយុត្តិធម៌ជូន​ជនរងគ្រោះ និងមិនចរចាប្រាក់ខែគោលកម្មករអោយបានសមរម្យទេនោះ សហជីពទាំង៩បានប្រជុំគ្នារួចហើយថា នឹងមានការរៀបចំបាតុកម្មទ្រង់ទ្រាយធំមួយ នៅខែកុម្ភៈខាងមុខនេះ»៕

----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...