អ៊ុំ វិសាល៖ គ្មានអ្នកនយោបាយនៅពីក្រោយរឿងអាស្រូវ អាត់ ធន់ ទេ
ស្របពេលដែលការដឹកនាំកម្មករ ទាមទារប្រាក់ខែ១៦០ដុល្លា កាន់តែមានសន្ទុះខ្លាំងឡើង រឿងអាស្រូវរបស់មេដឹកនាំសហជីពស៊ីខាវឌូ អំពីការប្រព្រិត្តអំពើពុករលួយក៏មានការបែកធ្លាយ ដែលមតិមួយចំនួនយល់ថា មានជាប់ពាក់ព័ន្ធនឹងអ្នកកនយោបាយ។ សំរាប់បញ្ហានេះ លោក អ៊ុំ វិសាល អះអាងថា ការបែកធ្លាយនេះ ដើម្បីរក្សាកេរ្តិ៍របស់សហជីព ស៊ីខាវដូ។
រូបកណ្ដាល៖ លោក អ៊ុំ វិសាល អតីតស្ថាបនិក មន្រ្តីគោលនយោបាយ និងច្បាប់របស់សហជីពស៊ីខាវឌូ។ (រូបថត MONOROOM.info/ C.Nita)
រឿងអាស្រូវ - ខណៈពេល ដែលសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីចាវឌូ ជាសហជីពដែលល្បី និងឈានមុនគេ ក្នុងការដឹកនាំកម្មករធ្វើកូដកម្ម-បាតុកម្ម ក្តីបារម្ភ ដែលមជ្ឈដ្ឋានទូទៅគិតថា ការបែកធ្លាយរឿងអាស្រូវរបស់សហជីពស៊ីខាវឌូ ដោយសារមានក្រុមអ្នកមានអំណាច ឬអ្នកនយោបាយណាមួយ ជាអ្នករុញច្រាននាំអោយបែកបាក់ផ្ទៃក្នុងនោះ ត្រូវបានលោក អ៊ុំ វិសាលបដិសេធថា មិនមានក្រុមណាមួយឡើយដែលនៅពីក្រោយខ្នងនៃរឿងនេះ។ រឿងហេតុដែលកើតឡើងទាំងអស់ មិនមែនដោយសារគេរុញច្រាននោះទេ។
ថ្លែងនៅក្នុងសន្និសិទសាព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៤នេះ លោក អ៊ុំ វិសាល អតីតមន្រ្តីគោលនយោបាយ និងច្បាប់ ព្រមទាំងជាស្ថាបនិកសហជីពស៊ីខាវឌូ បានអោយដឹងថា «ខ្ញុំមិនដឹងថា តើវាជាចេតនានៅពីក្រោយរបស់អ្នកណាទេ ប៉ុន្តែចំពោះខ្ញុំបានព្យាយាមទុករឿងហ្នឹង រយៈពេលប៉ុន្មានឆ្នាំហើយ មិនមែនទើបតែឥលូវទេ រហូតមកដល់ឆ្នាំ២០១៣ បែករឿងអ៊ីហ្គាមិននេះ ទោះបែករឿងហើយខ្ញុំមិនមាត់ទៀត ខ្ញុំព្យាយាមជជែកជាមួយគាត់រហូត ដល់ខែមករា (ឆ្នាំ) ២០១៤ គាត់មិនបើកប្រាក់ខែ ក៏ខ្ញុំមិនមាត់និងគាត់ដែរ ខ្ញុំព្យាមអោយគាត់កែវិញ។»
លោកបានបញ្ជាក់អោយដឹងទៀតថា ចំពោះការដឹកនាំកម្មករ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល លោកនឹងចូលរួមធ្វើ ព្រោះថាការធ្វើបាតុកម្មទាមទារប្រាក់ខែ១៦០ដុល្លាកន្លងមក វត្តមានរបស់លោកតែងនៅជាមួយកម្មកររហូត។
អតីតអតីតមន្រ្តីសហជីពរូបនេះ បានអះអាងយ៉ាងដូច្នេះទៀតថា «រឿងនេះគោលបំណង របស់យើងគឺចង់ការពារកិត្តិយសរបស់ស៊ីខាវឌូ។ ខ្ញុំត្រូវតែការពារស៊ីខាវដូអោយដល់ទីបញ្ចប់ ទិសដៅរបស់យើង គឺសូមអោយគាត់ចាកចេញពីស៊ីខាវឌូ។ សូមជៀសវាងការយល់ច្រលំ ពីសាធារណៈជនថា វាជារឿងស្ថាប័ន សូមអោយគិតថា រឿងនេះជារឿងការប្រព្រឹត្តដោយបុគ្គល ដែលឆ្លៀតឱកាសយកស្ថាប័នប្រើប្រាស់ដើម្បីផលប្រយោជផ្ទាល់ខ្លួន។ ស៊ីខាវឌូនៅតែជាស្ថាប័នល្អ មានច្បាប់ត្រឹមត្រូវ។»
យុទ្ធវិធី«ពិសបង្ក្រាបពិស» ...
លោក អាត់ ធន់ មិនអាចទាក់ទងធ្វើអត្ថាធិប្បាយ លើការលើកឡើងរបស់អតីតមន្ត្រីក្រោមឱវាទ របស់ខ្លួនបានទេ។ ប៉ុន្តែក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤នេះកន្លងទៅ លោកអាត់ ធន់ បានថ្លែងបដិសេធចំពោះរឿងនេះថា មិនបានប្រព្រឹត្តិដូចការចោទប្រកាន់នេះទេ។ លោកបានថ្លែងថា «ពួកយើងស្អាតស្អំណាស់ ពួកយើងដាច់ខាតហើយ មិនប្រព្រឹត្តិអំពើពុករលួយនោះទេ»។
យ៉ាងណាក៏ដោយ យុទ្ធវិធី«ពិសបង្ក្រាបពិស» តែងត្រូវបានឃើញកើតមានឡើងជារឿយៗ នៅក្នុងគណបក្សប្រឆាំង ឬក្រុមអ្នកតវ៉ាប្រឆាំងណាផ្សេងទៀត សំដៅធ្វើយ៉ាងណាឲ្យក្រុមនោះ ចុះទន់ខ្សោយឈានទៅរកការបែកបាក់។ កាលពីអំឡុងខែមិថុន ឆ្នាំ២០១៣ កន្លងទៅ យុទ្ធវិធី«ពិសបង្ក្រាបពិស»នេះក៏ត្រូវបានគេឃើញកើតមាន នៅក្នុងសហគមន៍អ្នកតវ់ា នៅបឹងកក់ដែរ។ កាលនោះ ក្រុមអ្នកប្រឆាំងនឹងក្រុមអ្នកស្រី ទេព វន្នី បានធ្វើសន្និសីទការសែតបរិហា ពីការមិនពេញចិត្តរបស់ខ្លួន ចំពោះអ្នកស្រី ទេព វន្នី ដោយចោទថាអ្នកស្រី ទេព វន្នី ធ្វើការតវ៉ា ដើម្បីតែស្វែងរកផលប្រយោជផ្ទាល់ខ្លួន។ សន្និសីទការសែតនោះ ត្រូវបានទូរទស្សន៍ក្នុងស្រុកសឹងតែទាំងអស់ យកទៅចាក់ផ្សាយ ខណៈពេលដែលពីមុនមក ទូរទស្សន៍ទាំងនេះ មិនដែលលើកយកការរំលោភសិទ្ធិមនុស្ស ឬសិទ្ធិលំនៅដ្ឋាន ទៅលើអ្នកភូមិបឹងកក់ មកផ្សាយឡើយ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៨ កុម្ភៈ ២០១៤