សម្ពាធដាក់លើក្រសួងយុត្តិធម៌ ឲ្យផ្ដល់យុត្តិធម៌ដល់ជនទាំង២១នាក់
បន្តពីថ្ងៃម្សិលមិញដែលបានស្នើដល់ប្រតិភូសហគមន៍អ៊ឺរ៉ុប ឲ្យជួយដោះស្រាយវិបត្តិដីធ្លី និងជំរុញការដោះលែងជន២១នាក់ នៅថ្ងៃទី២៨ មីនា នេះ អ្នកភូមិបឹងកក់ បូរីកីឡា និងថ្មគោល ជិតមួយរយនាក់ បានមកដល់មុខក្រសួងយុត្តិធម៌ ដើម្បីទទូចឲ្យស្ថាប័នមួយនេះ លូកដៃពន្លឿនការដោះស្រាយ ចំពោះទុកកង្វល់របស់ពួកគេ។
អ្នកភូមបឹងកក់ នៅមុខក្រសួងយុត្តិធម៌ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិមនុស្ស - អ្នកតំណាងអ្នកភូមបឹងកក់ អ្នកស្រី ទេព វន្នី បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុខក្រសួងយុត្តិធម៌ថា៖ «ពួកខ្ញុំមិនដែលមានសង្ឃឹមលើថ្នាក់ដឹកនាំ ថាដោះស្រាយបញ្ហានោះទេ។ តែមកក្រសួងយុត្តិធម៌ពេលនេះ គឺដើម្បីសួរនាំពីបញ្ហាដាក់ញតិ្ត នៅក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលនិយាយពីរឿងអន្តរាគមន៍ ផ្តល់យុត្តិធម៌ឲ្យបានឆាប់ៗ ដល់អ្នកកំពុងជាប់ឃុំ នៅគុកត្រពាំងខ្លុង។ តែត្រូវបានគេស្ទាក់គ្រប់ទីកន្លែង ចាប់ប្រតាយប្រតប់ជាមួយពួកខ្ញុំទៀត។»
ជន២០នាក់ រួមទាំងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានសាលាឧទ្ធណ៍បដិសេធ ការស្នើសុំនៅក្រៅឃុំលើកទីពីរ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។ ជនទាំង២១នាក់នោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងព្រឹត្តិការណ៍ទាមទារប្រាក់ឈ្នួលដ៏ហិង្សាមួយ កាលពីដើមឆ្នាំ២០១៤ ហើយត្រូវបានតុលាការចោទប្រកាន់ ពីបទបង្កឲ្យខូចខាតសណ្តាប់ធ្នាប់សាធារណៈ ដែលមានស្ថានទម្ងន់ទោស។
គណបក្សជំទាស់ សហគមន៍អន្តរជាតិ ក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកការកាត់ទោសជន២១នាក់ ថាជារឿងអយុត្តិធម៌ និងបានទទូចជាបន្តបន្ទាប់ឲ្យដោះលែងជនទាំងនោះ ដោយគ្នានលក្ខខណ្ឌ។ តែការអំពាវនាវនោះត្រូវបាន រដ្ឋាភិបាលកម្ពុជាអះអាងថា ការសម្រេចយ៉ាងណានោះ គឺអាស្រ័យលើសមត្ថកិច្ច របស់ស្ថាប័នតុលាការ។
មន្រ្តីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សអង្គការអាដហុក លោក ណៃ វ៉ង់ដា ពន្យល់ថា៖ «ខ្ញុំផ្ទាល់គិតថាគួរឲ្យពួកគាត់ នៅក្រៅឃុំបណ្ណោះអាសន្ន និងសំណូមពរឲ្យកាត់ក្តីជនទាំងនោះឲ្យបានឆាប់។ ហើយរដ្ឋាភិបាលបង្ហាញ ភស្តុតាងមក ថាពួគគាត់មានទោសអ្វីខ្លះ ប៉ុន្តែបើតាមការស្រាវជ្រាងរបស់យើង គឺថាគាត់គ្នានទោសធ្ងន់ធ្ងរនោះទេ ក្នុងការធ្វើបាតុកម្មដោយសន្តិវិធីនោះ។ តែបើមានក៏តិចតួច ក្នុងន័យការពារខ្លួនប៉ុណ្ណោះ។»
មន្រ្តីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សអង្គការអាដហុក រូបនេះ បន្ថែមថា គេត្រូវបានបែងចែក ឲ្យបានច្បាស់អំពីសមត្ថកិច្ចរដ្ឋាភិបាល និងសមត្ថកិច្ចស្ថាប័នតុលាការ ហើយករណីជន២១នេះ ក៏អាចជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយផងដែរ ព្រោះនីវិធីរបស់តុលាការ ហាក់ដូចជាមិនមានភាពច្បាស់លាស់៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ មីនា ២០១៤