ពលរដ្ឋ​អ្នក​តវ៉ា ចោទ​ក្រុម​បាត​ដៃ​ទី​បី​ថា ជា​អ្នក​​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច

ក្នុងខណៈពេលដែលអាជ្ញាធរធ្វើការរារាំង មិនអោយធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៦ ខែ​មករា​នេះ ការប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខថែរក្សាសណ្តាប់ធ្នាប់ និងបាតុករ បានកើតមានឡើង។ ការប៉ះទង្គិច ដែល​​ប្រជាពលរដ្ឋយល់ថា ជាក្រុមជនបាតដៃទីបីជាអ្នកបង្ក។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងខណៈពេលដែលអាជ្ញាធរធ្វើការរារាំង មិនអោយធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៦ ខែ​មករា​នេះ ការប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខថែរក្សាសណ្តាប់ធ្នាប់ និងបាតុករ បានកើតមានឡើង។ ការប៉ះទង្គិច ដែល​​ប្រជាពលរដ្ឋយល់ថា ជាក្រុមជនបាតដៃទីបីជាអ្នកបង្ក។


ការប្រឈមមុខគ្នារវាងកងកម្លាំងរបស់អាជ្ញាធរ និងពលរដ្ឋអ្នកតវ៉ា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

បាតុកម្ម- បើទោះបីមានការរារាំង ពីក្រុមអាជ្ញាធរសមត្ថកិច្ចយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាដែលមានការចូលរួមពី អង្គការសង្គមស៊ីវិល និងសិទ្ធិមនុស្សនានា ប្រជាពលរដ្ឋដែលរងគ្រោះពីការបាត់ដីធ្លី តំណាងសហជីព កម្មករ ព្រះសង្ឃ​​និងយុវជន ដែលមកចូលរួមតវ៉ាអោយមានការគោរពសិទ្ធិមនុស្ស និងដោះលែងអ្នកជាប់ពន្ធនាគារទាំង​២៣នាក់ កាន់តែមានចំនួនច្រើនឡើងៗ បើប្រៀបកាលពីព្រឹកមិញនេះ។

តាមសាក្សីនៅផ្ទាល់កន្លែង បាននិយាយប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា នៅវេលាម៉ោង ៩និង២៥នាទី​ក្រុម​សន្តិសុខសណ្តាប់ធ្នាប់ខ័ណ្ឌ បានប៉ះទង្គិចគ្នាជាមួយបាតុករ ដែលដើមហេតុដំបូង សន្តិសុខបានប្រើអំពើហិង្សា​លើ​កញ្ញាប៉ីប៉ី លី និងមិត្តភ័ក្ររបស់នាង ដែលបានមកចូលរួមទាមទារ អោយមានការគោរពសិទ្ធិមនុស្ស និងដោះលែង​អ្នកជាប់ឃុំទាំង២៣នាក់ ខណៈពេលដែលនាងទៅសុំអង្វរ កុំអោយក្រុមសន្តិសុខរក្សាសណ្តាប់ធ្នាប់ប្រើអំពើហិង្សា ទៅលើប្រជាពលរដ្ឋមកចូលរួមធ្វើបាតុកម្មដោយអហិង្សា។ ក្នុងនោះដែរគេឃើញថាមានជនបង្កប់ «បាតដៃទី៣» បានគប់ដុំថ្មទៅខាងក្រុមសន្តិសុខ ធ្វើឲ្យក្រុមបាតុករចាប់បាន២នាក់ និងម្នាក់ទៀតកំពុងតាម​ស្វែងរកចាប់។

បានជន«បាតដៃទីបី»ទាំងពីរនាក់នេះ ត្រូវបានការពារដោយមន្ត្រីសិទ្ធិមនុស្ស និងព្រះសង្ឃ មុននឹងពួកគេ ត្រូវបានធ្វើការបញ្ជួនខ្លួន ទៅកាន់ស្នងការនគរបាល។

នៅម៉ោង៩ និង៣៦នាទីមានការប៉ះទង្គិចគ្នាម្តងទៀត បណ្ដាលឲ្យសន្តិសុខម្នាក់ (មិនស្គាល់មុខ) ពីក្នុងចំណោមនោះ បានធ្វើជ្រុះស្នាប់ដៃមួយ ធ្វើពីដែកកែច្នៃ ហើយត្រូវបានក្រុមនិស្សិតស្ម័គ្រចិត្តពីរនាក់គឺកញ្ញា ប៉ី ប៉ី លី និង លោក ឧត្តម រើស​បាន។

នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នានេះ ប្រជាពលរដ្ឋមួយចំនួនរូមទាំងអ្នកកាសែតផង ប្រមាណជា១០នាក់បានរងរបួស។ ចំណែកខាងសមត្ថកិច្ច នៅតែបន្តការឈររាំងផ្លូវដោយមានដំបងឆក់ និងខែល ខណៈពេលប្រជាពលរដ្ឋ បានបន្ត​ឈរ​នៅលើសួនក្បែរស្ពាននាគ និងនៅតាមបង្កាន់ដៃស្ពាន​នោះ ដោយមិនមានការស្រែកហ៊ោកញ្រ្ចៀវនោះទេ។

ដោយឡែកនៅឯទីលានប្រជាធិបតេយ្យ ដែលកន្លែងដែលធ្លាប់តែប្រជាពលធ្វើបាតុកម្មតវ៉ានោះ ពេលនេះក្លាយ​ជា​ទីតាំងនៃការសំរាក និងឈរជើងរបស់សមត្ថកិច្ចប៉ូលីសវិញ។ សូមបញ្ជាក់ថា ក្រុមអ្នកតវ៉ា ដែលមានបំណងទាមទារ ឲ្យរដ្ឋាភិបាល​ដោះលែងមនុស្សចំនួន ២៣នាក់ និងទាមទារដំឡើងប្រាក់ខែគោលកម្មករឲ្យបានចំនួន ១៦០ដុល្លារ​ក្នុង១ខែ ត្រូវ​បានរារាំងមិនឲ្យចូលទៅដល់ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើបាតុកម្មទាមទាររបស់ពួកគេឡើយ តាំងពី​ព្រឹកព្រលឹមមក។

នៅក្នុងការប្រទាញប្រទង់គ្នានោះ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងក្រុមអង្គការសង្គមស៊ីវិល ឬក្រុម​ឃ្លាំ​មើលសិទ្ធិមនុស្ស​ ត្រូវបានរុញច្រាន និងបណ្តេញ​ចេញ​ដូចគ្នា មិនខុសអ្វីនឹងក្រុមបាតុករនោះទេ។ រីឯប្រជាពលរដ្ឋ​ដែលមានផ្ទះនៅក្បែរនោះ ត្រូវបាន​ហាម​មិនអោយចេញមកមើល និងហាងលក់​បាយ ភោជនីយដ្ឋាន និងកន្លែងលក់​ឡាន ត្រូវសមត្ថកិច្ចបញ្ជាអោយបិទទ្វា ដើម្បីបញ្ជៀសការខូតខាត និងការ​បាត់​បង់៕

-----------------------------------------------
ដោយ ក. ចាន់នីតា និង អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...