មន្ត្រីរដ្ឋាភិបាល៖ របាយការណ៍ IRI គ្មាន​តម្លៃ​ដូច​លទ្ធផល​បោះឆ្នោត

រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានចាត់ទុករបាយការណ៍របស់ IRI ថាមិនបានឆ្លុះបញ្ចាំង​ពីឆន្ទះរបស់​ប្រជា​ពលរដ្ឋកម្ពុជា ដូចលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត​នោះទេ។ ការវាយតម្លៃដូចនេះ បានធ្វើឡើង​បន្ទាប់ពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ របស់សហរដ្ឋអាមេរិកហៅកាត់តាមភាសាអង់គ្លេសថា អាយអ័រអាយ (IRI) បានចេញ​របាយការណ៍​ចុងក្រោយមួយ អំពីលទ្ធផលនៃការស្ទង់មតិពលរដ្ឋកម្ពុជា ដោយរក​ឃើញ​ថាពលរដ្ឋកម្ពុជា​ភាគច្រើន ដែលធ្លាប់គិតថា​ប្រទេសកម្ពុជា​ដើរលើផ្លូវត្រូវនោះ មានចំនួនថយចុះយ៉ាងគំហុក។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានចាត់ទុករបាយការណ៍របស់ IRI ថាមិនបានឆ្លុះបញ្ចាំង​ពីឆន្ទះរបស់​ប្រជា​ពលរដ្ឋកម្ពុជា ដូចលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត​នោះទេ។ ការវាយតម្លៃដូចនេះ បានធ្វើឡើង​បន្ទាប់ពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ របស់សហរដ្ឋអាមេរិកហៅកាត់តាមភាសាអង់គ្លេសថា អាយអ័រអាយ (IRI) បានចេញ​របាយការណ៍​ចុងក្រោយមួយ អំពីលទ្ធផលនៃការស្ទង់មតិពលរដ្ឋកម្ពុជា ដោយរក​ឃើញ​ថាពលរដ្ឋកម្ពុជា​ភាគច្រើន ដែលធ្លាប់គិតថា​ប្រទេសកម្ពុជា​ដើរលើផ្លូវត្រូវនោះ មានចំនួនថយចុះយ៉ាងគំហុក។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U. Bory)

នយោបាយកម្ពុជា - មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ បានអត្ថាធិប្បាយថា មានការលំបាកខ្លាំងណាស់ ក្នុងការវាយតម្លៃ ថាប្រទេសណាមួយដើរលើផ្លូវត្រូវ ឬលើផ្លូវខុស ដោយបូកសរុបលើគ្រប់វិស័យនោះ ព្រោះការរីកចម្រើន​លើវិស័យ​នីមួយៗ របស់ប្រទេសទាំងនោះ មានលក្ខណៈខុសៗគ្នា មានកំណើនសេដ្ឋកិច្ច សង្គមកិច្ច ប្រព័ន្ធយុត្តិធម៌ និង​គុណភាព​រស់នៅជាដើម។

លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «ទោះជាគណបក្សសង្រ្គោះជាតិ បានឃោសនាទម្លាក់សម្តេច ហ៊ុន សែន តែលទ្ធផល​បោះឆ្នោតបានបង្ហាញថា ប្រជាពលរដ្ឋនៅតែគាំទ្រសម្តេច ថាដឹកនាំលើផ្លូវត្រឹមត្រូវ។ បើយើងមើលភាគរយ​១២៣​អាសនៈ ដក៥៥យើងឃើញច្បាស់ហើយ។ បើយោបល់ខ្ញុំ ខ្ញុំអត់និយាយតាមការស្ទង់មតិទេ គឺខ្ញុំនិយាយតាមការ​រាប់​សន្លឹកឆ្នោត អាហ្នឹងយើងឃើញជាក់ស្តែង នៅហ្នឹងដៃ។»

ទន្ទឹមនឹងនេះ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់វិទ្យុក្នុងស្រុក នៅថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០១៤ នេះ ថា ជាគោលការណ៍មិនថាប្រទេសណា ឬប្រទេសណានោះទេ សកម្មភាព​ដឹកនាំ​របស់​រដ្ឋាភិបាលតែងមានខុស និងត្រូវជារឿងធម្មតា ដោយជៀសមិនរួច។ លោកជាម យៀប បន្ថែមថា របាយការណ៍របស់ (IRI) ក៏នៅមានចំណុចខ្វះចន្លោះគួរឲ្យកត់សំគាល់នៅឡើយ។

គួររម្លឹកថា វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ថា អាយអ័រអា (IRI) ក្នុងរបាយការណ៍​ស្ទង់មតិ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ បានបង្ហាញថា ការស្ទង់មតិនៅខែមករា ឆ្នាំ២០១៣ រកឃើញថា អ្នកដែលគិតថា ប្រទេសកម្ពុជាដើរលើផ្លូវត្រូវ មានចំនួន ៧៩% ប៉ុន្តែការស្ទង់មតិនៅខែវិឆ្ឆិកា ឆ្នាំ២០១៣ ដដែលនោះ ពោលក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តខែកក្កដារួច រកឃើញថា ប្រទេសកម្ពុជាដើរលើផ្លូវត្រូវ មានការ​ថយមកត្រឹម៥៥%វិញ។

ជុំវិញការចេញផ្សាយរបាយការណ៍របស់ (IRI) ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចទាក់ទង​មន្រ្តីអ្នកនាំពាក្ស​គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែបើយោងលើ​អ្នក​តាមដានស្ថានការណ៍នយោបាយកម្ពុជា និងអ្នកវិភាគឯករាជ្យបានលើកឡើងថា រដ្ឋាភិបាលគួរពិចារណា និងធ្វើ​កិច្ច​សហការឲ្យបានល្អ ជាមួយការលើកឡើង ឬការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងគណបក្ស​ជំទាស់ជាដើម៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...