បទ​យក​ការណ៍៖ កំហឹង​កម្មករ​ផ្ទុះ​ឡើង​ទៀត​នៅ​រោង​ចក្រ SL ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​កម្លាំង​សមត្ថកិច្ច

ក្រុមកម្មកររោងចក្រកាត់ដេរ អេសអ៊ិល១ (SL1) និង អេសអ៊ិល២ (SL2) បានដើរដង្ហែជាក្បួន ដើម្បីស្នើសុំឲ្យលោក ហ៊ុន សែន ដែលទើបបានបន្តរតំណែង ជានាយករដ្ឋមន្ត្រីនៅកម្ពុជានោះ ជួយដោះស្រាយបញ្ហាប្រាក់ឈ្នួលកម្មករ សុំឲ្យបញ្ឈប់ប្រធានរដ្ឋបាលរោងចក្រ ពីមេដឹកនាំរោងចក្រ និងបញ្ឈប់ការចល័តក្រុមសមត្ថកិច្ចទាំងឯកសណ្ឋាន និងស៊ីវិលជិតមួយរយនាក់ នៅក្នុងរោងចក្រខាងលើ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមកម្មកររោងចក្រកាត់ដេរ អេសអ៊ិល១ (SL1) និង អេសអ៊ិល២ (SL2) បានដើរដង្ហែជាក្បួន ដើម្បីស្នើសុំឲ្យលោក ហ៊ុន សែន ដែលទើបបានបន្តរតំណែង ជានាយករដ្ឋមន្ត្រីនៅកម្ពុជានោះ ជួយដោះស្រាយបញ្ហាប្រាក់ឈ្នួលកម្មករ សុំឲ្យបញ្ឈប់​ប្រធានរដ្ឋបាលរោងចក្រ ពីមេដឹកនាំរោងចក្រ និងបញ្ឈប់ការចល័តក្រុមសមត្ថកិច្ចទាំងឯកសណ្ឋាន និងស៊ីវិលជិតមួយ​រយនាក់ នៅក្នុងរោងចក្រខាងលើ។


កងកម្លាំងសមត្ថកិច្ច ត្រូវបានដាក់ព័ទ្ធរោងចក្រ អេសអ៊ិល មិនឲ្យក្រុមកម្មករចូលទៅជិត។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ក្រុមកម្មករ កម្មការីដែលមកពីរោងចក្រ SL ប្រមាណជិត៤០០០នាក់ បានប្រមូលផ្តុំគ្នាត្រង់ ហើយ​ដង្ហែរ​មកដល់ចំណុចផ្លូវច្រមុះជ្រូក ផ្លូវលេខ២៧១កែងនិងផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការជួបជុំការជួបជុំគ្នាដង្ហែជាក្បួននេះ ក្នុងគោលបំណងស្វែងរកដំណោះស្រាយ ពីស្ថាប័នពាក់ព័ន្ធនានា ពិសេសពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីថ្មីទៅតាមអ្វីដែលលោកបានសន្យា។

ប៉ុន្តែក្បួនដង្ហែរនេះ ត្រូវបានក្រុមសមត្ថកិច្ច ដែលមានចំនួនប្រហាក់ប្រហែលនឹងកម្មករ (ជិត៣០០០នាក់) ដែរនោះបានមក​ឈរបិទផ្លូវ ប្រដាប់ដោយដំបងឆក់ និងខែល(ឆក់) ជាមួយនឹងឯកសណ្ឋានសម្រាប់ទប់ទល់ នឹងក្រុមបាតុករអហិង្សា។ នៅ​ពីមុខរថយន្តពន្លត់អគ្គិភ័យ ប្រមាណជាងប្រាំមួយ៦គ្រឿង ដែលបានតាំងឈរនៅចំណុចនោះដែរ ក្បួនដង្ហែរបស់កម្មករ កម្មការនីទាំងអស់មិនត្រូវបានអនុញ្ញាត ឲ្យបន្តរដំណើរទៅមុខបានទៀតទេ។ គេមិនមានការប៉ះទង្គិចគ្នា ជាអំពើហិង្សា​នោះ​ដែរ។ ក្រោយពីមានការពិភាក្សាយល់ចិត្តគ្នា ក្រុមសមត្ថកិច្ចក៏បានអនុញ្ញាតិ ឲ្យតំណាងកម្មករសាមសិបនាក់ យកញត្តិ​ទៅ​ដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុមហ៊ុនបិទរោងចក្រ មិនឲ្យកម្មករចូលធ្វើការ និងមិនផ្ដល់សំណង

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ជឹម ឃាង មន្រ្តីច្បាប់នៃសម្ព័ន្ធសហជីព​ប្រជាធិបតេយ្យកម្មករ​កាត់ដេរកម្ពុជា បានបញ្ជាក់ថា ការតវ៉ានៅថ្ងៃនេះ ព្រោះតែក្រុមហ៊ុនបានបិទទ្វារមិនឲ្យពួកគាត់ចូលធ្វើការ និងក៏មិនបាន​ផ្តល់សំណងសមរម្យដល់ពួកគាត់ទៅតាមអ្វី ដែលបានព្រមព្រៀងគ្នាក្នុងពេលកន្លងមកនោះដែរ។ លោកបន្តរថា​ស្នើរ​ឲ្យ​មាន​ការជួយអន្តរាគមន៍ ដើម្បីដកលោក មាស សុត្ថា ប្រធានរដ្ឋបាលរោងចក្រកាត់ដេរSL និងកងកម្លាំងប្រដាប់អាវុធ ចេញពី​រោងចក្រកាត់ដេរ និងទាមទារឲ្យរោងចក្រ ផ្តល់ប្រាក់ឈ្នួលដល់កម្មករ ក្នុងអំឡុងពេលកូដកម្មតវ៉ា តាមការសម្រេច​ក្រោយ​កិច្ចចរចា សម្របសម្រួលរវាងតំណាងរោងចក្រកាត់ដេរ សហជីពកម្មករ និងអភិបាលរាជធានីភ្នំពេញ កាលពីខែមុន។

ចំណែកលោក អាត់ ធន់ ប្រធានសហជីពកម្មករ ស៊ីខាវឌូ បានបញ្ជាក់ថា ញត្តិតវ៉ានោះ ក្រុមកម្មករ ទទូចស្នើសុំដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដកលោក មាស សុត្ថា ប្រធានរដ្ឋបាលរោងចក្រកាត់ដេរSL និងកងកម្លាំង​ប្រដាប់​អាវុធ ចេញពីរោងចក្រកាត់ដេរ។ លោកបានបញ្ជាក់ថា «តាមព័ត៌មានក្រៅផ្លូវការ លោក មាស សុត្ថា ជាទីប្រឹក្សារបស់​លោកស្រី ហ៊ុន សៀងលី»។ លោកស្រី ហ៊ុន សៀងលី ដែលជាសាច់ញាតិរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយមាន​ភាគហ៊ុន នៅក្នុងរោងចក្រនេះដែរ។ លោក អាត់ ធន់ បានបន្តរថា ជម្លោះនៅរោងចក្រកាត់ដេរ SL បានអូសបន្លាយជិតពីរខែ នៅតែមិនមានដំណោះស្រាយ បីទោះបីជាមានការសម្របសម្រួលពីអភិបាលរាជធានីភ្នំពេញ ក្នុងពេលកន្លងមកក៏ដោយ។

ប្រធានសហជីពកម្មករ ស៊ីខាវឌូ រូបនេះ ក៏បានបញ្ជាក់នូវការទទួលយកញ្ញតិពីតំណាងកម្មករថា ការដែលមកទទួល​យក​ញ្ញាតិនេះមានតំណាងបីស្ថាប័នរួមមាន ខុទ្ទកាល័យលោក ហ៊ុន សែន ខាងសាលារាជធានីលោក កើត ឆែ និងខាងទីស្តីការ​គណរដ្ឋមន្រ្តីលោក ប៉ុល ចាន់ដារ៉ា។ លោកបន្តរថាក្នុងជំនួបទទួលញ្ញាតិនេះ មានរយៈពេលត្រឹមតែបួនទៅប្រាំនាទីប៉ុណ្ណោះ ដោយបានអះអាងថាគេនឹងយកទៅសាលារាជធានី ដើម្បីធ្វើឲ្យបានលឿនបំផុត ប៉ុន្តែគេមិនធានាចំពោះលទ្ធផល​ថា​យ៉ាង​ណានោះទេ គ្រាន់តែទទួលយកប៉ុណ្ណោះ។ «យើងខ្លាចលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានដឹងពីរឿងនេះ ទើបយើង​សម្រេចចិត្តបន្តរការដាក់ញ្ញតិនេះ ទៅខុទ្ទកាល័យរបសល់លោក ដើម្បីស្នើរសុំកិច្ចអន្តរាគមន៍ពីលោកផ្ទាល់»។

មានដំណោះស្រាយ តែគ្មានការអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំការបំភ្លឺពីតំណាងរោងចក្រ SL បានទេ ដោយកម្លាំងសមត្ថកិច្ច​ពុំអនុញ្ញាតឲ្យ​ចូល។ ឯលោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងខ្លីថា មកទល់នឹងពេលនេះខាង​សាលា​រាជ​ធានី​ភ្នំពេញ មិនទាន់ទទួលបានញតិរបស់ក្រុមកម្មកររោងចក្រ SL ពីខាងខុទ្ទកាល័យរបស់លោក ហ៊ុន សែន នោះនៅ​ឡើយ​ទេ។ ចំពោះការដោះស្រាយក៏មិនដឹងថា នឹងមានវិធានការអ្វីជាបន្តរនោះដែរ។

តែលោក អាត់ ធន់ ប្រធានសហជីពកម្មករ ស៊ីខាវឌូ បានបញ្ជាក់ថា ការទាមទារស្វែងរកដំណោះស្រាយរបស់កម្មករ មក​ទល់នឹងពេលនេះជិតពីរខែមកហើយ ។ លោកថាករណីនេះធ្លាប់បានដោះស្រាយ ដោយសាលារាជធានីភ្នំពេញ ក្រសួង​ការងារ និងក្រសួងសង្គមកិច្ចដែរ តែនៅតែគ្មានលទ្ធផល ម្យ៉ាងទៀតស្ថាប័ននេះ ក៏បានបញ្ជាឲ្យថៅកែរោងចក្រSL ទទួល​យកកម្មករចូលធ្វើការវិញ និងក៏មិនអនុញ្ញាតិឲ្យថៅកែរោងចក្រនេះចេញចូលក្រៅប្រទេស ប្រសិនបើគ្មានដំណោះ​ស្រាយ​នោះជូនកម្មករនោះ។ លោកបានបន្ថែមថា បញ្ហានៃការបញ្ជាខាងលើនេះ ហាក់ដូចជាគ្មានប្រសិទ្ធិភាពទាល់តែសោះ។

សូមរម្លឹកថា ការទាមទាររបស់កម្មករចំពោះក្រុមហ៊ុនកន្លងមកមានចំនួន១១ចំណុច ក្នុងនោះមាន៧ចំណុចដែលបាន​ដោះ​ស្រាយ ឯ៤ចំណុចទៀតមិនបានដោះស្រាយ ទើបកម្មករបន្តរការទាមទារ ឲ្យមានការដោះស្រាយស្របតាមច្បាប់ការងារ ដែលរួមមានឲ្យតំណាងកម្មករម្នាក់ចូលធ្វើការងារវិញ ទាមទារប្រាក់អាហារប្រចាំថ្ងៃជាដើម។ រោងចក្រSL មានកម្មករ កម្មការនីសរុបប្រមាណជិតប្រាំបីពាន់នាក់។ កាលពីប៉ុណន្មានសប្ដាហ៍មុន ការជយបជុំរបស់កម្មករ ក្នុងការទាមទារ​រក​ដំណោះស្រាយតាមផ្លូវច្បាប់នេះ បានកើតមាននូវ អំពើហិង្សា ដែលបណ្តាលឲ្យកម្មករប្រមាណជាងដប់នាក់រងរបួស ហើយក៏មានការខូចខាតនូវទ្រព្យសម្បត្តិក្រុមហ៊ុនមួយចំនួនដែរ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...