ប្រតិកម្មតបផៃ ស៊ីផាន៖ សន្ធិសញ្ញាក្រុងប៉ារីស ការពារកម្ពុជាពីការឈ្លានពានរបស់វៀតណាម
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងរយៈពេលពីបីថ្ងៃកន្លងមកនេះ មានការបកស្រាយផ្ទុយគ្នាទៅវិញទៅមករវាងមេដឹកនាំ បក្សប្រឆាំងនិងមេដឹកនាំបក្សកាន់អំណាច ជុំវិញការអនុវត្តសន្ធិសញ្ញាក្រុងបារីស ២៣ តុលា។ លោក សម រង្ស៊ី បានចោទប្រកាន់លោក ហ៊ុន សែន ថា បានរំលោភសន្ធិសញ្ញាក្រុងបារីស។ តែលោក ហ៊ុន សែន អះអាងថា សន្ធិសញ្ញានេះ បានអស់សុពលភាពទៅហើយ។ ជាមួយគ្នា នេះ លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល ក៏បានចោទប្រកាន់ដែរថា អ្នកណាដែលនៅតែទទួលស្គាល់សន្ធិ សញ្ញានេះទៀត គឺមានន័យស្មើនឹងចង់ឲ្យបរទេសធ្វើចៅហ្វាយកម្ពុជា។
សម្ដេចនរោត្តម សីហនុ (កណ្ដាលខាងឆ្វេង) ថតរូបអនុស្សាវរីយ៍ជាមួយមេដឹកនាំបរទេស នៅថ្ងៃចុះហត្ថលេខាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១។ (រូបថត Eric Feferberg/AFP/Getty Images)
រាជធានីភ្នំពេញ - កាលពីថ្ងៃទី ២៥ ខែកញ្ញាកន្លងទៅ មេបក្សប្រឆាំងលោក សម រង្ស៊ី បានប្រកាសថា ការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី ដោយគណបក្សប្រជាជនតែមួយកាលពីប៉ុន្មានថ្ងៃមុននេះ គឺជាការរំលោភលើកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាប្រទេសដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស មិនមែន ឯកបក្សនោះទេ។ លោក រង្ស៊ី សង្កត់ធ្ញន់ថា ការបង្កើតសភា និងរដ្ឋាភិបាលថ្មីបែបនេះ អាចនឹងនាំកម្ពុជាឲ្យធ្លាក់ទៅក្នុងស្ថានការណ៍ដូចមុនឆ្នាំ ១៩៩១ ។ ឆ្លើយតបនឹងការលើកឡើងនេះ ភ្លាមៗនោះលោក ហ៊ុន សែន បានបកស្រាយថា សន្ធិសញ្ញាក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ បាន«រំលាយបាត់»ហើយ ពោលគឺគ្មានសុពលភាព ដើម្បីអនុវត្តនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នទៀតនោះទេ។
ស្របគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងបញ្ជាក់បន្ថែមទៅ លើការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រី បា្រប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា អ្នកណាដែលនិយាយថា សន្ធិសញ្ញាក្រុងប៉ារីសនេះ នៅតែ មានសុពលភាពទៀតនោះ មានន័យដូចជា«ហៅ»បរទេស ឲ្យមកធ្វើការគ្រប់គ្រង ធ្វើចៅហ្វាយនាយ លើប្រទេសកម្ពុជាដូច្នោះដែរ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា សន្ធិសញ្ញានេះ បាន«អស្តង្គត»ទៅហើយ ព្រោះអ្នកដែលចុះហត្ថលេខានៅ ក្នុងកិច្ចព្រមព្រៀងនេះ បានស្លាប់និង រលាយបាត់ហើយ ដែលរួមមាន ព្រះបរមរតនកោដិ ដែលកាលណោះ ព្រះអង្គតំណាងឲ្យហ្វុនស៊ិនប៉ិច និងខ្មែរក្រហម ជាដើម។
លោក ផៃ ស៊ីផាន បានចោទជាសំណួរថា បើសន្ធិសញ្ញានេះ នៅតែមានសុពលភាព តើគេយកមកអនុវត្ត ជាមួយនរណា? ហើយម្យ៉ាងវិញទៀតនោះ ប្រទេសកម្ពុជា បច្ចុប្បន្នមានអធិបតេយ្យ និងសុខសន្តិភាពហើយនោះ?
ជាប្រតិកម្មតបវិញ លោក យ៉ែម បុញ្ញរិទ្ធ មន្រ្តីជាន់ខ្ពស់បក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានលើកឡើងថា អ្នកដែលនិយាយបែបនេះ មានន័យស្មើនឹងប្រមាថអតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ យ៉ាងធ្ញន់ធ្ញរបំផុត ព្រោះព្រះអង្គជាអ្នកតស៊ូបង្កើតនូវសន្ធិសញ្ញានេះឡើង។ លោកបន្តថា កាលពីព្រះមហាវីរក្សត្រនៅមានព្រះជន្មនៅឡើយ មិនដែលមាននរណាហ៊ាននិយាយដូច្នេះនោះទេ តែនៅពេលដែល ព្រះអង្គសោយទីវង្គតបាត់ ទើបនាំគ្នាលើកពីបញ្ហានេះឡើង។ លោក យ៉ែម បុញ្ញរិទ្ធិ បាន បញ្ជាក់ទៀតថា កម្ពុជាមានថ្ងៃនេះ ក៏ដោយសារតែកិច្ចព្រមព្រៀងនេះដែរ។
«កិច្ចព្រមព្រៀងដែលការពារកម្ពុជា ពីការឈ្លានពានរបស់វៀតណាម ...»
រីឯលោក បណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយនៅក្នុងប្រទេសកម្ពុជាវិញ បានហៅ ការចោទប្រកាន់លើអ្នកទទួលស្គាល់កិច្ចព្រមព្រៀងនេះនៅមានសុពលភាពថា ចង់ឲ្យបរទេសមកធ្វើចៅហ្វាយ គ្រប់គ្រង ជាន់ឈ្លី ឬឈ្លានពាននោះ គឺជាការបង្ហាញពី«អនក្ខរកម្ម» របស់ជននោះទៅវិញទេ។ លោកថា កិច្ចព្រមព្រៀងក្រុងបារីសនេះហើយ ដែលធ្វើឲ្យបរទេស ជាពិសេសគឺវៀតណាមតែម្តង មិនអាចចូលមកឈ្លានពាននៅលើទឹកដីនៃប្រទេសកម្ពុជាបាន ។
នៅក្នុងសន្ធិសញ្ញា ឬអាចហៅម្យ៉ាងទៀតថា ជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានការចូលរួមពីភាគីជម្លោះខ្មែរទាំងអស់ និងមានប្រទេសដែលជាប់ពាក់ព័ន្ធជាច្រើននោះ ជាក្រមប្រតិបត្តិមួយសម្រាប់ប្រទេសកម្ពុជា ដាក់បញ្ចប់នូវសង្គ្រាមរាំងជល់ដ៏រ៉ាំរ៉ៃ ហើយកំណត់ឲ្យប្រទេសនេះ ធ្វើដំណើរឆ្ពោះទៅរកវឌ្ឍនភាព តាមវិថីប្រជាធិបតេយ្យសេរីពហុបក្ស។ សន្ធិសញ្ញានេះ មានចែងយ៉ាងច្បាស់ ស្ដីពីការធានាឲ្យបាននូវបូរណភាពទឹកដីកម្ពុជា ក្នុងនោះមានការដកកងទ័ពបរទេស (កងទ័ពរៀតណាមដែលចូលលុកលុយកាន់កាប់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៩) ចេញ និងបានចាត់ទុកជាមោឃភាពនូវរាល់សន្ធិសញ្ញាទាំងឡាយ ដែលបានចុះហត្ថលេខាដោយខុសច្បាប់កន្លងមក ជាពិសេសរវាងរដ្ឋាភិបាលលើកបន្តុបដោយវៀតណាម និងប្រទេសវៀតណាម (នៅក្រោយឆ្នាំ១៩៧៩)។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១នេះ ក៏ បានបើកផ្លូវដែរ ឲ្យមានការរៀបចំបោះឆ្នោតដោយសេរី និងយុត្តិធម៌លើកទីមួយ នៅឆ្នាំ១៩៩៣ ក្រោយមការរៀបចំនិងឃ្លាំមើល របស់អង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់ (UNTAC)។
សូមអានអត្ថបទដែលទាក់ទងនឹងប្រធានបទដូចគ្នាឡើងវិញ ដោយចុចលើទីនេះ។
ប្រជាពលរដ្ឋខ្មែរភាគច្រើន បានឲ្យតម្លៃទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៩១ នេះយ៉ាងខ្លាំង ពីព្រោះពួកគេជឿជាក់ថា សន្ធិសញ្ញានេះហើយ ដែលនាំឲ្យប្រទេសកម្ពុជាអាចមានសន្តិភាពជាងមុខ មានការផ្សះផ្សាជាតិ និងនាំឲ្យប្រទេស បានមានមុខម៉ាត់នៅក្នុងឆាកអន្តរជាតិគ្រាន់បើមកដល់ថ្ងៃនេះ។ ក៏ប៉ុន្តែមានពលរដ្ឋខ្មែរមួយ ចំនួនទៀត មិនសូវបានឲ្យតម្លៃចំពោះសន្ធិសញ្ញានេះឡើយ តែពួកគេបានឲ្យតម្លៃថ្ងៃ «៧មករា» ឆ្នាំ ១៩៧៩ ដែលពួកគេអះអាងថា ជាថ្ងៃកំណើតទីពីររបស់ខ្លួន ដែលមិនអាចបំភ្លេចបានឡើយ នៅក្នុងឆាកជីវិតរបស់ពួកគេ៕
---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ