ផៃ ស៊ីផាន ដេញ អាឡិច តាមហ្វេសប៊ុក

យ៉ាងហោចណាស់ ក៏មានមន្ត្រីរដ្ឋាភិបាលមួយរូប និងមុនគេ ដែលបានប្រើប្រាស់បណ្ដាញសង្គម បណ្ដេញលោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ឲ្យចេញពីប្រទេសកម្ពុជា នៅតែមួយថ្ងៃមុនការបញ្ចប់សុពលភាព នៃទិដ្ឋាការរបស់បុរសជាតិអេស្ប៉ាញ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 19, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ត្រឡប់ទៅផ្ទះ ក្នុងពេលនេះភ្លាមទៅ លោក អាឡិច» នេះជាឃ្លាដំបូង សរសេរឡើង ដោយគណនីហ្វេសប៊ុក អង្គភាពប្រតិកម្មរហ័ស ដែលគេស្គាល់ថាជាគណនីរបស់លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ នៅមួយថ្ងៃមុនការបិទបញ្ចប់សុពលភាព នៃទិដ្ឋាការរបស់លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ។ លោក អាឡិច ដែលត្រូវបានក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បដិសេធមិន​បន្ត​ទិដ្ឋាការ ឲ្យលោកទៅទៀត។

ក្រសួងមហាផ្ទៃបានចាត់ទុកលោក អាឡិច ដែលជាអនុប្រធាន អង្គការចលនាមាតាធម្មជាតិ បានប្រព្រឹត្តខុស​ទៅ​នឹង​លក្ខន្តិកៈរបស់អង្គការ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំង ការគ្រប់គ្រង​រដ្ឋបាល​សាធារណៈ របស់​អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជន ឱ្យចូលរួមបិទផ្លូវសាធារណៈ មិនឱ្យ​ក្រុមការងារ ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ នៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុកថ្មបាំង។ នេះបើ​តាម​លិខិតជាផ្លូវការមួយ ផ្ញើរតបទៅលោក សម រង្ស៊ី ប្រធានតំណាងរាស្ត្រភាគតិច ក្នុងរដ្ឋសភា និងជាប្រធាន​គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។

លោក ផៃ ស៊ីផាន បានសរសេរទៀត ជាភាសាអង់គ្លេស ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការបកប្រែ​ក្រៅ​ផ្លូវការ ថា៖ «សូមទុកឲ្យប្រទេសកម្ពុជា រស់នៅដោយសុខសន្តិភាព។ ប្រជាពលរដ្ឋកម្ពុជា មានភាព​ឆ្លាតវាង​វៃ​គ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហារបស់ខ្លួន ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។»

ការសម្រេចចិត្ត របស់រដ្ឋបាលក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កឲ្យ​មាន​ប្រតិកម្មយ៉ាងផុលផុស ពីក្រុមគណបក្សប្រឆាំង និងក្រុមអ្នកស្រឡាញ់បរិស្ថាន ដោយពួកគេទាំងនោះ ចាត់ទុក​លោក អាឡិចហ្សង់ដ្រូ ថាជាសកម្មជនបរិស្ថាន ដែលការពារព្រៃឈើ និងបរិស្ថានកម្ពុជា នៅក្នុងចំណោមមន្ត្រី សង្គមស៊ីវិល ជាច្រើននាក់ទៀត។ នៅក្នុងបណ្ដាញសង្គម ចលនាចង់ឲ្យជនជាតិអេស្ប៉ាញ បន្តរស់នៅក្នុង​ប្រទេស​កម្ពុជា បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស តាំងពីច្រើនថ្ងៃណាស់មកហើយ។ នៅថ្ងៃទី២០ ខែកុម្ភៈ ដែលជា​ថ្ងៃ​ផុត​កំណត់ នៃទិដ្ឋាការរបស់លោក អាឡិចហ្សង់ដ្រូ នេះ ក្រុមយុវជនជាច្រើនសិបនាក់ មានគម្រោងដង្ហែក្បួន យកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំក្រសួងមួយនេះពិចារណាឡើងវិញ ឲ្យសកម្មជនបរិស្ថាន ជាតិ​អេស្ប៉ាញ អាចបន្តរស់នៅ ក្នុងប្រទេសកម្ពុជាបានទៅទៀត។

ប៉ុន្តែលោក ផៃ ស៊ីផាន ដែលគេស្គាល់ថា ជាតារាហ្វេសប៊ុកមួយរូបដែរនោះ បានសរសេរទៅកាន់ក្រុម​យុវជន​ទាំង​នោះថា៖ «សូមយុវជនខ្មែរ កុំយកសកម្មភាពស្រែកឡូឡា និងបង្កភាពអស់សង្ឃឹម ឲ្យដល់ប្រទេសជាតិ​របស់​អ្នក។ អ្នកទាំងអស់ គួរតែមានមោទនភាព នឹងប្រទេសរបស់អ្នក។ គ្មានប្រទេសណាមួយក្នុងលោក មិនធ្លាប់​ឆ្លង​កាត់​សុបិន្ត និងបទពិសោធន៍អាក្រក់នោះទេ (...)។»

ទោះបីជាយ៉ាងណាក៏ដោយ នៅចំពោះការបណ្ដេញចេញ របស់រដ្ឋាភិបាលកម្ពុជា លោក អាឡិចហ្សង់ដ្រូ បាន​ថ្លែង​ប្រាប់ទស្សនាវដ្ដីថា រដ្ឋាភិបាលកម្ពុជាបានរកលេស ដើម្បីធ្វើយ៉ាងណា ដើម្បីបណ្ដេញលោកឲ្យខាងតែបាន ចេញពីកម្ពុជា។ សូមរង់ចាំអានកិច្ចសម្ភាស ផ្ដាច់មុខមួយ ជាមួយមេដឹកនាំចលនាមាតាធម្មជាតិនេះ នៅក្នុង​អត្ថបទ​លើកក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...