បន្ទាប់ពីតៃវ៉ាន់ ព្យុះ«Meranti»បានបក់បោក លើឆ្នេរភាគអាគ្នេយ៍នៃប្រទេសចិន
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 15, 2016
- ប្រធានបទ: គ្រោះធម្មជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានបោកបក់ ទៅលើកោះតៃវ៉ាន កាលពីម្សិលម៉ិញរួច ព្យុះសមុទ្រ «Meranti» បានវាយប្រហារ ទៅលើតំបន់ភាគអាគ្នេយ៍ នៃប្រទេសចិនជាបន្តទៀត នៅថ្ងៃព្រហស្បត្តិ៍នេះ ជាមួយនឹងល្បឿនខ្យល់បក់ រហូតដល់១៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយមានអមជាមួយនឹងភ្លៀងធ្លាក់ យ៉ាងខ្លាំងនោះផង។ កម្លាំងខ្យល់ព្យុះ បានផ្ដាច់ចរន្ដអគ្គិសនី និងបំបែកកញ្ចក់បង្អួច ឬទ្វានៃអាគារជាច្រើន នៅក្នុងនិងនៅជុំវិញក្រុង សៀមិន (Xiamen)។ នេះបើតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកុម្មុយនីស។
នៅព្រឹកម៉ិញនេះ រូបភាពជាច្រើនបានបង្ហាញឲ្យឃើញថា ផ្លូវជាច្រើននៅក្នុងទីក្រុង បានជន់លិច ដើមឈើបានបាក់ និងដួល - កញ្ចក់បង្អួចទ្វា បានបែកខ្ចាត់ខ្ចាយ និងផ្លាកសញ្ញាចរាចរណ៍ បានរបើករបាញ ដោយសារកម្លាំងខ្យល់បក់ដ៏ខ្លាំង និងដ៏កម្រ។
រហូតមកដល់ម៉ោង ១១ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែសីហា គេរកមិនឃើញព័ត៌មានណាមួយផ្សាយថា មានជនរងគ្រោះ ពីព្រឹត្តិការណ៍ខ្យល់ព្យុះនេះនៅឡើយ។ អាជ្ញាធរបានអំពាវនាវ ឲ្យបណ្ដាជនដែលរស់នៅ ក្នុងតំបន់រងគ្រោះ ឲ្យនៅក្នុងផ្ទះ បើទោះជាប៉ុន្មានថ្ងៃនេះ ជាថ្ងៃឈប់សម្រាក សែនព្រះខែ ដែលតម្រូវឲ្យជនជាតិចិន ចេញពីក្រុងទៅជួបជុំគ្រួសារ នៅតាមជនបទក៏ដោយ។ អាជ្ញាធរក៏បានហាមនាវា ឬទូកកាណូតទាំងឡាយ មិនឲ្យចេញទៅសមុទ្រដែរ ដោយបារម្ភពីរលកសមុទ្រធំៗ ថានឹងអាចកើតមាន ក្រោមឥទ្ធិពលខ្យល់ព្យុះ។
បើតាមសារព័ត៌មាន «ចិនថ្មី» បានអះអាងថា បើរាប់ចាប់តាំងពី៦៤ឆ្នាំ កន្លងមក ខ្យល់ព្យុះ «Meranti» មានកម្លាំងខ្លាំងក្លា ជាងខ្យល់ព្យុះណាផ្សេងទាំងអស់ ដែលបានបក់បោកទៅលើខេត្ត «Fujian» (ភាគខាងកើត និងអាគ្នេយ៍នៃប្រទេសចិន)។
ចំពោះការិយាល័យគ្រប់គ្រងអគ្គិសនីវិញ បានសរសេរនៅក្នុងបណ្ដាញសង្គមចិនថា ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ទៅដល់តំបន់ជាច្រើន និងមួយផ្នែកធំ នៃទីក្រុង។ ការដឹកជញ្ជូនខាងផ្លូវដែក ក៏បានជួបនឹងភាពរអាក់រអួល យ៉ាងខ្លាំងណាស់ដែរ។ រថភ្លើងល្បឿនលឿន ចំនួន១៨ខ្សែ នៅក្នុងខេត្តនេះទាំងមូល ត្រូវបានផ្អាកដំណើរការ ជាបណ្ដោះអាសន្ន។ ចំណែកឯអាជ្ញាធរ របស់ខេត្តនៅជាប់ខេត្ត «Fujian» ក៏បានប្រកាសកាលពីថ្ងៃពុធម្សិលម៉ិញ នូវគម្រោងលប់ចោល នូវរថភ្លើងចំនួន១៤៤ខ្សែ ក្រោមមូលហេតុខ្យល់ព្យុះនេះ៕
-----------
» រូបភាពមួយចំនួន នៃខ្យល់ព្យុះសមុទ្រនេះ នៅលើកោះតៃវ៉ាន់ កាលពីម្សិលម៉ិញ៖