ព្យុងយ៉ាងរំលឹកអាមេរិក ត្រូវប្រុងប្រយ័ត្ននិង«គ្រប់គ្រងខ្លួនឲ្យល្អ»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 20, 2016
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះ ជាការរំលឹកថ្មីទៀត ពីសំណាក់ប្រទេសកូរ៉េខាងជើង ផ្ញើរទៅជូនសហរដ្ឋអាមេរិក នៅក្នុងជំនួបកំពូល នៃចលនាមិនចូលបក្សសម្ព័ន្ធ ដែលបានប្រព្រឹត្តិទៅ នៅក្នុងប្រទេសវ៉េណេហ្សុយអេឡា (ទ្វីបអាមេរិកខាងត្បូង) កាលពីចុងសប្ដាហ៍កន្លងមក។ ជាការថ្លែងឡើង ដោយផ្ទាល់មាត់ពីសំណាក់រដ្ឋមន្ត្រីការបរទេស របស់របបកុម្មុយនីស លោក រី យ៉ុង-ហូ (Ri Yong-ho) ប្រាប់ទៅសហរដ្ឋអាមេរិក ឲ្យ«ប្រុងប្រយ័ត្ន» និង«គ្រប់គ្រងខ្លួនឲ្យល្អ» ដោយធ្វើការគម្រាមថា ប្រទេសរបស់លោក នឹងប្រើ«អាវុធនុយក្លេអ៊ែរ» ប្រឆាំងនឹងប្រទេសមហាអំណាចធំជាងគេលើលោក។
ថ្លែងពីកោះ «Margarita» កន្លែងដែលរៀបចំជំនួបកំពូលនេះ លោក រី យ៉ុង-ហូ បានឲ្យដឹង តាមរយៈអ្នកបកប្រែភាសាថា៖ «សហរដ្ឋអាមេរិក ត្រូវរំពៃមើល ពីជំហរជាយុទ្ធសាស្ត្រ របស់សាធារណរដ្ឋនៃយើង ដែលបានឈានជើង ក្លាយខ្លួនជាមហាអំណាចនុយក្លេអ៊ែរ និងមហាអំណាចយោធា ជាមួយនឹងកងកម្លាំងប្រដាប់អាវុធដ៏អស្ចារ្យមួយ ហើយអាមេរិកត្រូវប្រុងប្រយ័ត្ន និងគ្រប់គ្រងខ្លួនឲ្យបានល្អ»។
ប្រមុខការទូតរបស់របបកុម្មុយនីស បានបញ្ជាក់ទៀតថា ប្រទេសរបស់លោកមានឆន្ទៈដ៏រឹងមាំ «ដូចដែកថែប» និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រយុទ្ធតបតរវិញ ប្រសិនជាមានការបង្ករឿង ពីសំណាក់បច្ចាមិត្រ។
ទាហានអាមេរិក ២៨០០០នាក់ កំពុងដាក់ពង្រាយ នៅក្នុងឧបទ្វីបកូរ៉េ...
ការថ្លែងព្រមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់របបក្រុងព្យុងយ៉ាង បានធ្វើឡើង ក្រោយមានការហោះហើរ ក្នុងលំហរអាកាសកូរ៉េខាងត្បូង ពីសំណាក់យន្ដហោះទម្លាក់គ្រាប់បែក ជាច្រើនគ្រឿង របស់យោធាអាមេរិក កាលពីដើមសប្ដាហ៍មុន។ ការហោះហើរនោះ ត្រូវបានប្រភពយោធាអាមេរិក និងកូរ៉េខាងត្បូង ពន្យល់ថា ជាប្រតិកម្មរបស់ក្រុងសេអ៊ូល ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនោះ ប្រឆាំងនឹងការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ លើកទីប្រាំ របស់ប្រទេសកូរ៉េខាងជើង។
ជាមួយនឹងការថ្លែងការពារសិទ្ធិ នៃការការពារខ្លួន របស់ប្រទេសកូរ៉េខាងជើង លោក រី យ៉ុង-ហូ បានបន្តថា៖ «ការសាកល្បងអាវុធនុយក្លេអ៊ែរ ដែលយើងសម្រេចបាន យ៉ាងជោគជ័យ កាលពីពេលថ្មីៗនេះ គឺជាមធ្យោបាយមួយបន្ថែមទៀត ដើម្បីពង្រឹកការប្រឈមមុខ ទៅនឹងការគម្រាមកំហែង ពីសំណាក់កម្លាំងអរិភាព រាប់បញ្ចូលទាំងកម្លាំងរបស់សហរដ្ឋអាមេរិក»។
សូមបញ្ជាក់ដែរថា កងទ័ពអាមេរិក ប្រមាណជា២៨០០០នាក់ កំពុងមានវត្តមាននៅឡើយ ក្នុងប្រទេសកូរ៉េខាងត្បូង បើគេរាប់ចាប់តាំងពីសង្គ្រាមកូរ៉េ ក្នុងឆ្នាំ១៩៥០-១៩៥៣ នោះមកដល់សព្វថ្ងៃ។ សង្គ្រាមនោះ បានបញ្ចប់ទៅ ដោយកិច្ចព្រមព្រៀងឈប់បាញ់មួយ តែមិនមែនបញ្ចប់ទៅ ក្រោមសន្ធិសញ្ញាសន្តិភាពនោះឡើយ៕