បន្ទាប់ពីមហាសន្និបាតបក្ស ពេលនេះប្រជុំសភាប្រជាជនកំពូល!
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 29, 2016
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សភាប្រជាជនកំពូល របស់ប្រទេសកូរ៉េខាងជើង បានបើកអង្គប្រជុំនៅថ្ងៃពុធនេះ ក្នុងរដ្ឋធានីព្យុងយ៉ាង ដែលទំនងជាឱកាសដ៏កម្រមួយ ដើម្បីសម្រេចនូវគម្រោងសេដ្ឋកិច្ចថ្មី ដែលមហាសន្និបាតបក្ស កាលពីខែឧសភាកន្លងទៅ បានលើកឡើង។
តាមធម្មតា សភាប្រជាជនរបស់ប្រទេសកុម្មុយនីសមួយនេះ បើកអង្គប្រជុំតែម្ដងឬពីរដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ហើយសភាពេញអង្គនោះ ត្រូវបានធ្វើឡើងដើម្បីបោះឆ្នោតសម្រេច នូវគម្រោងថវិការ និងអនុម័ត្ររាល់ការសម្រេចទាំងឡាយ របស់បក្សពលករកូរ៉េ ដែលជាបក្សតែមួយ និងកាន់អំណាច តាំងពីសាធារណរដ្ឋសង្គមនិយមកូរ៉េ ត្រូវបានបង្កើតឡើង។
យ៉ាងណា ក៏ការប្រជុំពេញអង្គ របស់សភាកូរ៉េខាងជើង នៅថ្ងៃពុធនេះ មិនត្រូវបានប្រកាសជាផ្លូវការ នូវរបៀបវារៈ សម្រាប់កិច្ចពិភាក្សា នៃសមាជិកសភានោះឡើយ។ គេគ្រាន់តែដឹងថា អង្គប្រជុំនេះ ត្រូវបានលើកពេល តាំងពីខែមេសាកន្លងមក ដោយមូលហេតុ នៃការរៀបចំមហសន្និបាតបក្ស ដែលបានចាត់ទុកលោក គីម ជុង-អ៊ុន (Kim Jong-Un) ថាជាមេដឹកនាំ«មិនអាចប្រឆាំង»បាន នៃរបបកូរ៉េខាងជើង។
នៅក្នុងមហាសន្និបាតនោះ អគ្គមគុទេស«ដ៏មហិមា» លោក គីម ជុង-អ៊ុន បានប្រកាសឲ្យដឹង ពីគម្រោងដឹកនាំរបបមួយ ដែលដូចគ្នាទាំងស្រុង ទៅនឹងគម្រោងដឹកនាំដំបូង (របស់ជីតាលោក) និងមាន«ទស្សនៈវិស័យ» សម្រាប់អនុវត្តន៍រាប់សិបទសវត្សន៍ទៅមុខ។ គម្រោងទាំងនោះ អួតអាងពី«ការពង្រឹង និងពង្រីក»ផលិតផល តែមិនបានលំអិតថា តើ«ការពង្រឹង និងពង្រីក»នោះ នឹងត្រូវធ្វើតាមរបៀបណា និងត្រូវការរយៈពេលប៉ុន្មាន ដើម្បីសម្រេចជាលទ្ធផលនោះឡើយ។
អ្នកទទួលខុសត្រូវមួយរូប របស់ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរ នៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា៖ «សម័យប្រជុំពេញអង្គនេះ ជាជំហានបន្ទាប់ ក្រោយពីមហាសន្និបាតបក្ស។ អង្គប្រជុំសភា ត្រូវធានាឲ្យបាន នូវដំណើរការ នៃការសម្រេចទាំងឡាយ ដែលបានធ្វើឡើង នៅក្នុងមហាសន្និបាត - យល់ព្រមពីការផ្លាស់ប្ដូរមនុស្ស ឬតំណែង និងអង្គការចាត់តាំង ក៏ដូចជាជួយពង្រឹកឲ្យកាន់តែខ្លាំងឡើង នូវអំណាចរបស់លោក គីម ជុង-អ៊ុន។»៕