ហ៊ុន សែន ៖ កម្ពុជាមិនទាន់មាន ផែនការជម្លៀសកម្មករខ្មែរ ធ្វើការនៅកូរ៉េខាងត្បួង
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានគូសបញ្ជាក់ថា បើទោះបីជាប្រទេស ដែលជាអតីតបងប្អូននិងគ្នា កំពុងធ្វើការវាយប្រហារគ្នា ដោយពាក្យសម្តីក្តៅគគុក អំពីការតបទល់គ្នាទៅវិញទៅមក ដែលអាចឈានទៅរក ការកើតសង្គ្រាមក៏ដោយ ក៏កម្ពុជានៅរក្សារភាពស្ងាត់ស្ងៀម មិនទាន់មានផែនការជាក់លាក់ ក្នុងការជម្លៀសពលករកម្ពុជា ប្រមាណជាង២ ម៉ឺននាក់ ដែលកំពុងធ្វើការ នៅប្រទេសកូរ៉េខាងត្បូង ចេញពីប្រទេសនេះនៅឡើយទេ។
លោកហ៊ុន សែន ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក បាន គី-មូន អគ្គលេខាធិការ អ.ស.ប នៅកម្ពុជា។ AP Photo/Heng Sinith
ថ្លែងនៅក្នុងពិធីបិទសន្និបាតជាតិវិស័យមីន នៅឯវិមានសន្តិភាព កាលរសៀលថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនជឿថា មានការផ្ទុះសង្គ្រាម រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងឡើយ ពីព្រោះការគម្រាមដាក់គ្នាខ្លាំងៗបែបនះ មិនមែនទើបតែកើតឡើង ជាលើកទីមួយទេ។ លោកបានថ្លែងថា ៖ «ខ្ញុំមិនជឿថាគេហ៊ានវ៉ៃគ្នាទេ គាត់និយាយឮខ្លាំងៗកាលណា គឺអត់វ៉ៃទេ អាហ្នឹងជាបទពិសោធន៍ ខ្ញុំជឿថាគេមិនវ៉ៃគ្នាទេ»។
«សង្គ្រាមពាក្យសំដី ឬសង្គ្រាមស្លាបប៉ាកា»
ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី ក៏មិនបណ្តោយឲ្យមន្ត្រីភ្លេចគិតគូរអំពី សុខទុក្ខរបស់ពលករកម្ពុជា ដែលកំពុងធ្វើការនៅកូរ៉េខាងត្បូងឡើយ គឺត្រូវតែតាមដានសភាពការណ៍ ជាប់ជាប្រចាំ។ លោកនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «មិនចាំបាច់ តែក៏មិនត្រូវមើលស្រាលដែរ។ បើមានរឿងអីកើតឡើង យើងត្រូវមានព័ត៌មានភ្លាមៗពីករណីនោះ»។
រីឯក្រសួងការបរទសកម្ពុជា ក៏បានបញ្ជាក់ជំហររបស់កម្ពុជាថា មិនមានវិធានការណ៍ណាមួយ ដើម្បីជម្លៀសពលករកម្ពុជា ពីកូរ៉េខាងត្បូងឡើយ ដោយចាត់ទុកការគម្រាមដាក់គ្នារវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងគ្រាន់តែជា «សង្គ្រាមពាក្យសំដី ឬសង្គ្រាមស្លាបប៉ាកា»ប៉ុណ្ណោះ។
លោក ហេង សួរ អគ្គនាយក និងជាប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូន ពលករទៅបរទេស របស់ក្រសួងការងារបានថ្លែងថា មកទល់ពេលនេះ មានពលករកម្ពុជាស្របច្បាប់ ដែលធ្វើការនៅកូរ៉េខាងត្បួងប្រមាណជាង ២ ម៉ឺននាក់។ លោកបានទាក់ទងគ្នារហូត និងមានលេខទំនាក់ទំនងបងប្អូនធ្វើការនៅទីនោះ ក្នុងករណីមានបញ្ហាអ្វីមួយ។ លោកបានថ្លែងឲ្យដឹងថា «ខ្ញុំអំពាវនាវ កុំឲ្យបងប្អូនសាច់ញាតិនៅកម្ពុជា មានការបារម្ភអំពីសុខទុក្ខកូនចៅរបស់ខ្លួន ដែលកំពុងធ្វើការនៅកូរ៉េ ពីព្រោះក្រុមមន្ត្រីកម្ពុជា នឹងចុះទៅសាកសួរសុខទុក្ខពលករខ្មែរ នៅកូរ៉េខាងត្បូង នៅថ្ងៃទី ១២ ខែមេសាខាងមុខ ដើម្បីចូលរួមអបអរសាទរ ចូលឆ្នាំថ្មីខ្មែរយើងនៅទីនោះ»។
ការបញ្ជាក់ជំហររបស់រដ្ឋាភិបាលកម្ពុជា បានកើតឡើង នៅពេលដែលប្រទេសកូរ៉េខាងជើង បានគំរាមម្តងហើយម្តងទៀត ថាខ្លួននឹងប្រើអាវុធទំនើបច្រើនប្រភេទ ក្នុងករណីចាំបាច់វាយបកទៅលើកូរ៉េខាងត្បូង ដែលជាអតីតជាតិសាសន៍តែមួយរួមគ្នា ដែលមានសហរដ្ឋអាមេរិកគាំទ្រ។
ស្របគ្នានោះដែរអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើកូរ៉េខាងជើង ដែលអាងអំណាចមហាយក្សចិននៅពីក្រោយខ្នង ដោយសារតែប្រទេសកុម្មុយនីស្តនេះ សាកល្បងអាវុធនុយក្លេអ៊ែ ឆ្លងទ្វីប កាលពីដើមឆ្នាំ ២០១៣ ប្រឆាំងនឹងបម្រាមរបស់អង្គការសហប្រជាជាតិ៕
-----------------------------------------------
ដោយ ៖ គិន ងុយ - ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ