កងទ័ពកូរ៉េខាងជើង មានភ្លើងខៀវអោយប្រើនុយក្លេអ៊ែរ ប្រឆាំងអាមេរិក
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កងទ័ពកូរ៉េខាងជើង បានប្រកាសយ៉ាងប្រញ៉ាប់ប្រញ៉ាល ថាខ្លួនបានទទួលភ្លើងខៀវ ដើម្បីផ្ទុះអាវុធប្រឆាំងនឹងសហរដ្ឋអាមេរិក រួមទាំងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរផង។ សហរដ្ឋអាមេរិកបានចាត់ទុក ការគម្រាមទាំងឡាយ របស់កូរ៉េខាងជើងថា ជាដំណឹងបានការ ហើយគ្រោងនឹងដាក់ពង្រាយ នូវប្រព័ន្ធប្រឆាំងម៊ីលស៊ីល នៅក្នុងមូលដ្ឋានយោធារបស់ខ្លួន ស្ថិតលើកោះហ្គាម (Guam)។
អគ្គមគ្គុទេសវ័យក្មេង គឹម ជុង អ៊ុន ដែលចោមរោមដោយ កងទ័ពស្ត្រីជាច្រើន។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ភ្នាក់ងារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង KCNA មេបញ្ជាការកងទ័ពប្រទេសនេះ បានប្រកាសប្រាប់ទីក្រុងវ៉ាស៊ីនតោន អោយដឹងថា ការគម្រាមរបស់អាមេរិកទាំងអស់ នឹងត្រូវវាយបំបាក់ដោយ «មធ្យោបាយប្រយុទ្ធតាមអាវុធនុយក្លេអ៊ែរ»។ សេចក្ដីប្រកាសព៏ត៌មាន ដែលបានផ្សាយក្នុងថ្ងៃព្រហស្បត្តិ៍ទី០៤មិនានេះ បាននិយាយបន្ថែមថា ប្រិតបត្តិការសឹកដ៏អស្ចារ្យ របស់កងកម្លាំងទ័ពកូរ៉េខាងជើង ត្រូវបានដាក់អោយ«សាកល្បង និងកែលម្អ»រួចហើយ។
មុននេះមួយថ្ងៃ មន្ទីប៉ង់តាហ្គោនអាមេរិក បាននិយាយអោយដឹងដូចគ្នា ថាខ្លួននឹងដាក់ពង្រាយប្រព័ន្ធម៊ីស៊ីល ប្រឆាំងម៊ីស៊ីលមួយមានឈ្មោះថា ថាអាដ (THAAD) នៅលើកោះហ្គាម ដែលមូលដ្ឋានយោធាយ៉ាងសំខាន់របស់អាមេរិក មានទីតាំងនៅទីនោះ។ ការដាក់ពង្រាយនេះ មានបំណងទប់ទល់នឹងការវាយប្រហារ ជាយថាហេតុណាមួយ ដែលធ្វើឡើង ដោយការគម្រាមរបស់ប្រទេសកូរ៉េខាងជើង ក្នុងរយះពេលចុងក្រោយនេះ។
សូមបញ្ជាក់ថា ប្រជុំកោះហ្គាម ជាផ្នែកមួយនៃទឹកដីអាមេរិក ស្ថិតនៅកណ្ដាលមហាសមុទ្រប៉ាស៊ីភិក ខាងកើតប្រទេសហ្វីលីពីន។ មូលដ្ឋានយោធាអាមេរិកនៅទីនោះ មានទាហានប្រមាណជា ៦០០០នាក់ នាវាចម្បាំងផ្ទុកយន្ដហោះ នាវាជ្រមុជទឹក និងយន្ដហោះទម្លាក់គ្រាប់បែក B-52 ដែលបានហោះទៅក្រវិលជុំវិញកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន។
ប្រព័ន្ធម៊ីស៊ីល ប្រឆាំងម៊ីស៊ីល ថាអាដ ត្រូវបានកងទ័ពអាមេរិក យកមកបំពាក់អោយខ្លួន នៅឆ្នាំ២០០៨ ហើយមានសមត្ថភាព អាចចាប់ម៊ីស៊ីលចម្ងាយមធ្យម និងនៅរយះកំពស់ដ៏ខ្ពស់បាន។ ប្រព័ន្ធនេះ ត្រូវគេតម្លើងនៅលើរថយន្ដធុនធំ មានផ្ទុកម៊ីស៊ីលដែលសម្រាប់ចាប់ម៊ីស៊ីល ប្រព័ន្ធរ៉ាដាចាប់រលកសញ្ញា និងប្រព័ន្ធបញ្ជាបាញ់ ដែលមិនខុសប៉ុន្មានពីប្រព័ន្ធម៊ីស៊ីល ប្រឆាំងម៊ីស៊ីល ប៉ាទ្រីយ៉ូត (Patriot) នោះទេ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិអាមេរិក បាននិយាយបន្ងែមថា «សហរដ្ឋអាមេរិក ស្ថិតនៅក្នុងសភាពប្រុងប្រយ័ត្ន នៅចំពោះការបង្កហេតុរបស់កូរ៉េខាងជើង ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារទឹកដីអាមេរិក សម្ព័ន្ធមិត្ត និងផលប្រយោជន៍ជាតិរបស់យើង»។ ដោយឡែក លោកឆូក ហាហ្គែល (Chuck Hagel) រដ្ឋមន្ត្រីការពារជាតិអាមេរិក បានបញ្ចាក់ថា «ឥឡូវនេះ ជនជាតិកូរ៉េខាងជើង មានសមត្ថភាព ផលិតអាវុធនុយក្លេអ៊ែរ និងកាំជ្រួចបញ្ជាពីចម្ងាយបាន ហើយវានឹងធ្វើឲ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងបង្កើតអោយមាន នូវការគម្រាមមួយ ទៅដល់ផលប្រយោជន៍ នៃសម្ព័ន្ធមិត្តរបស់យើង នៅក្នុងតំបន់»។
លោករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ប្រទេសលោក «កំពុងធ្វើការជាមួយ ចិន និងអ្នកដទៃទៀត ដើម្បីស្រាយបន្ទុក ដែលមានទៅលើស្ថានភាព ក្នុងឧបទ្វីបកូរ៉េ» ហើយលោកថា បានជជែកជាមួយនឹងដៃគូរសន្ទនា ជាជនជាតិចិនរបស់លោក លោកឧត្តមសេនីយ៍ ឆង់ វានហ្គ័ន (Chang Wanquan)៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ