កាំជ្រួចកំទេច MH17៖ ហូឡង់ និងអូស្ត្រាលី គ្រោងប្ដឹង រ៉ូស្ស៊ី ទៅស្ថាប័នយុត្តិធម៌អន្តរជាតិ
- ដោយ: ដ. កែវ ([email protected]) - បារីស ថ្ងៃទី២៦ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 26, 2018
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសហូឡង់ និងអូស្ត្រាលី បានចេញមុខចោទប្រកាន់ប្រទេសរ៉ូស្ស៊ីជាចំហរ ថាជាអ្នកទទួលខុសត្រូវ ក្នុងការបាញ់កាំជ្រួច ប្រឆាំងយន្ដហោះ ប៊ូអីញ (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ លេខ «MH 17» កាលពីបួនឆ្នាំកន្លងទៅ។ មនុស្សទាំងអស់ រួមមាន អ្នកដំណើរ២៨៣នាក់ (ភាគច្រើនជាជនជាតិហូឡង់) និងអ្នកបម្រើការលើយន្ដហោះ ១៥នាក់ បានស្លាប់នៅក្នុងព្រឹត្តិការណ៍ ដ៏អាណោចអធមនេះ។
សេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រ ដោយរដ្ឋាភិបាលហូឡង់ បានឲ្យដឹងថា ប្រទេសទាំងពីរ (ហូឡង់ និងអូស្ត្រាលី) បានចាត់ទុកប្រទេសរ៉ូស្ស៊ី គឺជាអ្នកទទួលខុសត្រូវ ជុំវិញការចូលរួមកំទេចយន្ដហោះ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ នៅលើទឹកដីអ៊ុយក្រែនភាគខាងកើត កាលពីឆ្នាំ២០១៤។
ការប្រកាសជំហរ របស់ប្រទេសទាំងពីរ នឹងបើកផ្លូវឲ្យពួកគេ អាចដាក់ពាក្យបណ្ដឹង ឬសំនុំរឿង បាញ់កាំជ្រួចកំទេចយន្ដហោះនេះ ឡើងទៅអង្គការ ឬតុលាការអន្តរជាតិ។ នេះ បើតាមប្រភពចេញពីមន្ត្រីរដ្ឋាភិបាល ហូឡង់ ដែលត្រូវបានស្រង់សំដី យកមកចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។
សេចក្ដីថ្លែងការណ៍ របស់ប្រទេសទាំងពីរ បានធ្វើឡើងតែមួយថ្ងៃ ក្រោយការអះអាងជាផ្លូវការ របស់ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ «JIT» មកពីប្រាំប្រទេស ដែលរកឃើញថា កាំជ្រួចប្រឆាំងយន្ដហោះ ដែលបាញ់ចេញពីដី ប្រភេទ «Bouk» មានប្រភពចេញ ពីកងពលតូច ទី៥៣ ដែលជាអង្គភាពយោធា ការពារដែនអាកាស របស់ប្រទេសរ៉ូស្ស៊ី មានទីតាំងនៅក្រុង «Koursk»។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ យន្តហោះ «MH17» ដែលងើបខ្លួនចេញពីរាជធានី អាមស្ទែដាម (ប្រទេសហូឡង់) ឆ្ពោះទៅកាន់រាជធានី គូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) បានប៉ះជាមួយនឹងកាំជ្រួច ប្រភេទ«Bouk» ខាងលើ នៅពេលហោះមកដល់ចំណុច ជិតក្រុង ដូនិក (Donetsk) ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោម ការប្រទាញប្រទង់គ្នា រវាងកងទ័ពអ៊ុយក្រែន និងក្រុមប្រដាប់អាវុធ និយមបំបែកទឹកដីអ៊ុយក្រែន ស្និតនឹងប្រទេសរ៉ូស្ស៊ី។
រដ្ឋមន្ត្រីការបរទេសហូឡង់ លោក «Stef Blok» បានថ្លែងឡើងថា៖ «ការកំទេចយន្ដហោះ "MH17" បានបង្កឲ្យមានការឈឺចាប់ ឥតឧបមា (...) ហើយដោយយោងតាមសេចក្ដីសន្និដ្ឋាន របស់ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ វាជារឿងច្បាស់ហើយ សម្រាប់ប្រទេស ហូឡង់ និងអូស្ត្រាលី ដែលថា ប្រទេសរ៉ូស្ស៊ី គឺជាអ្នកទទួលខុសត្រូវ ក្នុងការដាក់ពង្រាយប្រព័ន្ធកាំជ្រួច "Bouk" ដើម្បីបាញ់ទម្លាក់យន្ដហោះ»។
លោក «Stef Blok» បានសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាល (ហូឡង់) បញ្ចេញប្រតិកម្មដូចនេះ ដើម្បីចាត់ទុកជាផ្លូវការ ថាប្រទេសរ៉ូស្ស៊ី ជាអ្នកទទួលខុសត្រូវ»។
នៅចំពោះជំហរ របស់ប្រទេសធំទាំងពីរ ប្រទេសរ៉ូស្ស៊ីតាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោក ស៊ែរហ្គី ឡាវ្រូវ (Sergueï Lavrov) បានចេញមកធ្វើការបដិសេធ ថាប្រទេសហូឡង់ គ្មានភស្ដុតាង និងអង្គហេតុណាមួយ ដើម្បីដាក់បន្ទុក និងចោទប្រកាន់ប្រទេសរ៉ូស្ស៊ីនោះទេ ហើយបានចាត់ទុករឿងរ៉ាវទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីជាប្រយោជន៍នយោបាយ។
លោក ឡាវ្រូវ បានថ្លែងឡើងថា៖ «រដ្ឋមន្ត្រីការបរទេសហូឡង់ លោក "Stef Blok" មិនបានលើកឡើងប្រាប់ខ្ញុំ ពីភស្ដុតាងណាមួយ ដែលអះអាងថា កាំជ្រួចដែលត្រូវបានប្រើ ដើម្បីកំទេចយន្ដហោះ "MH17" ជាកម្មសិទ្ធិរបស់កងទ័ពរ៉ូស្ស៊ីនោះឡើយ»។
រដ្ឋមន្ត្រីរ៉ូស្ស៊ី បានបន្តថា៖ «ប្រសិនជាដៃគូរបស់យើង សម្រេចចិត្តបង្កើតរឿងរ៉ាវទាំងនេះឡើង ដើម្បីជាប្រយោជន៍នយោបាយ ខ្ញុំទុកឲ្យពួកគេធ្វើ ជាមួយសតិសម្បជញ្ញៈ របស់ពួកគេទៅចុះ»។
ក្នុងព្រឹត្តិការណ៍ដដែល សហភាពអ៊ឺរ៉ុប និងអង្គការ ណាតូ (NATO - ជាភាសាបារាំង ហៅ OTAN) ក៏បានទាមទារកាលពីថ្ងៃសុក្រ ឲ្យប្រទេសរ៉ូស្ស៊ី បង្ហាញពីការទទួលខុសត្រូវរបស់ខ្លួន នៅគ្រោះធ្លាក់យន្ដហោះមួយនេះដែរ។
សេចក្ដីថ្លែងការណ៍មួយ របស់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ បានអំពាវនាវទៅកាន់ប្រទេសរ៉ូស្ស៊ី ឲ្យទទួលខុសត្រូវ ចំពោះករណីនេះ ហើយត្រូវចូលរួមសហការយ៉ាងពេញលេញ ជាមួយកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបង្កើតគណនេយ្យភាព នៃគ្រោះធ្លាក់យន្ដហោះ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ៕