វិភាគ៖ កុំហៅរដ្ឋសភានីតិកាលទីប្រាំថាមិនគ្រប់ទឹក តែជាកូន«ក្រៅខោ»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋសភាកម្ពុជា ដែលជាប្រកាន់យកតាមរបបប្រជាធិបតេយ្យសេរី ត្រូវតែជារដ្ឋសភាពហុបក្ស និងតំណាងឲ្យជាតិទាំងមូល ដែលមានតំណាងរាស្ត្រយ៉ាងតិច១២០នាក់។ មួយវិញទៀត ដើម្បីក្លាយជានាយករដ្ឋមន្ត្រី រដ្ឋសភាត្រូវជ្រើសរើសតំណាងរាស្រ្តណាម្នាក់ មកពីគណបក្សដែលមានសម្លេងច្រើនក្នុងរដ្ឋសភា ដើម្បីស្នើសុំសេចក្តីទុកចិត្ត ពីសមាជិករដ្ឋសភាទាំងមូល (ដែលមានតំណាងរាស្ត្រយ៉ាងតិច១២០រូប)។ តែមិនដូច្នេះទេ ព្រោះ«នាយករដ្ឋមន្រ្តីហ៊ុន សែន» ត្រូវបានតែងតាំងជា«មុន»រួចស្រេចដោយព្រះមហាក្សត្រ មុននឹងបញ្ជូនទៅឲ្យរដ្ឋសភាទទួលយល់ព្រម និងថែមទាំងបោះឆ្នោតគាំទ្រដោយ«លើកដៃ»ទៅទៀត។ ក្រុមប្រឆាំងបានបរិហារថា សកម្មភាពនេះបានធ្វើឲ្យប្រទេសកម្ពុជា កំពុងដើរឈានទៅប្រកាន់យករបប«ផ្តាច់ការ»។ តើជាការត្រឹមត្រូវឬទេ?
រដ្ឋសភាកម្ពុជា នៅថ្ងៃបើកនិតិកាលថ្មី ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
រាជធានីភ្នំពេញ - រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិមួយ ដែលមានអត្ថន័យស្មើនឹងការប្រព្រឹត្តិទៅនៃរដ្ឋមួយ ដែល«គ្រប់ពលរដ្ឋ»នៃរដ្ឋនោះបាននាំគ្នាបង្កើតឡើង ដើម្បីត្រូវបានគោរពអនុវត្តន៍តាម មិនត្រឹមតែគ្រប់ពាក្យ គ្រប់តួអក្សរដែលមានចែងនោះទេ តែខ្លឹមសារជាគតិច្បាប់របស់វា ក៏គ្មាននរណាម្នាក់អាចរំលង ឬយកទៅបកស្រាយស្រេចតែនឹងចិត្តនោះដែរ។ បើប្រៀបធៀបទៅនឹងគ្រួសារមួយ នៃប្ដីប្រពន្ធមួយគូរ (រដ្ឋមួយ) រដ្ឋធម្មនុញ្ញមានន័យស្មើរនឹងការកំណត់យកការព្រមព្រៀងណាមួយ ដើម្បីឲ្យគូរស្វាមីភរិយានេះ រស់នៅជាមួយគ្នាដោយសុខសប្បាយបានជារៀងរហូតទៅ ជាពិសេសនៅពេលពួកគេ ចង់បានបុត្រតកូនពូនជាចៅនោះទៀត។
ខាងក្រោមនេះ ជាមាត្រាពាក់ព័ន្ធមួយចំនួន នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលត្រូវបានប្រើ ដើម្បីឈានទៅដល់ការបង្កើតនិតិកាលថ្មីនៃរដ្ឋសភា និងនិតិវិធីដើម្បីឈានទៅបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ៖
ករណីកោះប្រជុំដោយព្រះមហាក្សត្រ
មាត្រា៧៦ ក្នុងជំពូក៧ស្ដីអំពីរដ្ឋសភា នៃរដ្ឋធម្មនុញ្ញបានចែងថា «រដ្ឋសភាមានសមាជិកតំណាងរាស្ត្រ យ៉ាងតិច១២០រូប»។ តាមការបកស្រាយដោយ ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ រដ្ឋសភាមានសុពលភាព និងនីតិកាលអាចកើតឡើងបានលុះត្រាតែមានសមាជិក ១២០រូបយ៉ាងតិច ក្នុងការផ្តល់នូវសុពលភាព សម្រាប់ការបង្កើតរដ្ឋសភានីតិកាលថ្មី។ ក្នុងករណីនេះ ទោះបីគណបក្សប្រជាជនកម្ពុជា និយាយថា ខ្លួនបើកឲ្យមានការចូលរួមពីក្រុមតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ ដើម្បីឲ្យគ្រប់ជារដ្ឋសភាទាំងមូលក៏ដោយ តែការព្យាយាមបើកនិតិកាលថ្មី ដោយគ្មានការយល់ព្រមពីតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ហាក់បីដូចជាស្ថាប័នរដ្ឋសភានេះ ស្ថិតក្រោមការចាត់ចែងផ្ដាច់មុខ ពីគណបក្សប្រជាជនកម្ពុជាតែឯង។
នេះជាឧទាហរណ៍សមញ្ញ មកពន្យល់៖ ពីរនាក់ស្រីប្រុស សន្យាជាមួយគ្នាថានឹងលេងអុកមួយក្ដាឡើង។ តែស្រីបានចោទប្រុសថា លេង«ខូច»មិនទាន់ចង់លេងជាមួយក្នុងពេលនេះទេ ហើយសុំឲ្យមានការកែចរិកឬកពារជាមុនសិន។ តែប្រុសនោះនៅតែជំនះ បង្ខំដាក់កូនអុកទៅលើក្ដា ហើយលេងម្នាក់ឯង។ បែបនេះ មិនមែនការលេងអុកឡើយ ព្រោះវាខុសពីគោលការណ៍ល្បែង។ ផ្ទុយទៅវិញ បើគេមើលពីក្រៅ ឃើញបុរសលេង«អុក»តែម្នាក់ឯង អ្នកផងស្មានថាបុរសនោះមានសតិមិនល្អ ឬ«ឆ្កួត»ទៀតផង។
តាមមាត្រា ៨២ថ្មី ក្នុងជំពូក៧ដដែល បានចែងថារដ្ឋសភា បើកសម័យប្រជុំដំបូង៦០ថ្ងៃយ៉ាងយូរក្រោយ«ពេល»បោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។ តើឲ្យទ្រង់កោះប្រជុំយ៉ាងដូចម្ដេច បើមាត្រាទី៧៦ នៅមិនទាន់ត្រូវបានគោរព ឲ្យពេញលេញផងនោះ? កុំភ្លេចថា «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស» ដូច្នេះព្រះមហាក្សត្រ ជា«ស្ដេចផែនដី»ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ។ រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មានន័យថា ព្រះមហាក្សត្រមិនអាចធំជាងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្របានទេ។ រាល់ការប្រតិបត្តិរបស់ព្រះមហាក្សត្រ ឬកោះប្រជុំណាក៏ដោយ ទ្រង់ត្រូវទតឈ្វេងយល់ពីធម្មនុញ្ញភាពនៃគ្រប់មាត្រា និងគ្រប់ពាក្យពេជ្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាមុនសិន។
នេះជាឧទាហរណ៍សមញ្ញ មកពន្យល់៖ ពីរនាក់ស្រីប្រុស មិនទាន់ត្រូវគ្នាផង ស្រាប់តែមាន«មេឃុំ»មកបង្ខំ ឲ្យយកគ្នាជាប្ដីប្រពន្ធ ចូលរោងរៀបអាពាហ៍ពិពាហ៍។ តើការបង្ខំដោយអាងខ្លួនជា«មេឃុំ» អាចធ្វើទៅរួចទេ បើមនុស្សស្រីប្រុសនេះមិនលុះតាម ព្រោះមិនទាន់ស្រឡាញ់គ្នា និងម្នាក់ៗចង់គូសវៀសវាសនាឲ្យមានភាពភ្លឺស្វាងឡើង សម្រាប់អនាគតនៃគ្រួសារខ្លួនទៅថ្ងៃមុខ? តែបើការបង្ខំនៅតែមាន នោះនឹងអាចមានព្រឹត្តិការណ៍ ភាគីម្ខាងឡើងចងក សម្លាប់ខ្លួន។ តើមេឃុំដែល«បូរាណ»រូបនេះ ចង់អញ្ចឹងឬ?
ដំណើរប្រព្រឹត្តិទៅនៃរដ្ឋសភា និងការបង្កើតរដ្ឋាភិបាល
មាត្រា ៨២ថ្មីដដែល បានចែងក្នុងវាក្យខ័ណបន្តបន្ទាប់ថា «មុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់នៃគណៈកម្មការនានារបស់រដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។»
ដូច្នេះពាក្យថា «រដ្ឋសភាទាំងមូល» មានន័យស្មើនឹងជាតិខ្មែរទាំងមូល មិនមែនជារដ្ឋសភា«មួយចំហៀងស្រុក»ទេ។ ម្យ៉ាងទៀត នៅក្នុងដំណើរការនេះ រាល់ការអនុម័តណាក៏ដោយ ដោយមតិភាគច្រើន គេត្រូវគិតទាំងសម្លេងប្រឆាំង និងសម្លេងស្រប ពីគ្រប់ភាគីទាំងអស់ ដើម្បីឆ្លុះបញ្ចាំងពីរដ្ឋសភា«ប្រជាធិបតេយ្យពហុបក្ស»។ តែដំណើរការដែលបានធ្វើឡើងតែពីសំណាក់តំណាងរាស្ត្រ ៦៨រូបកន្លងមកនេះ មិនបានឆ្លុះបញ្ចាំងពីរដ្ឋសភានៃជាតិទាំងមូល ហើយថែមទាំងខុសពីគតិច្បាប់នៃស់មាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញនោះទៀត។
នៅក្នុង មាត្រា១១៩ថ្មី បានចែងច្បាស់ទៀតថា «តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរ នៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។ » ដូច្នេះ ការតែងតាំងរបស់ព្រះមហាក្សត្រ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ខែកញ្ញា មុនការជ្រើសតាំងប្រធាន និងអនុប្រធានរដ្ឋសភា ដែលទើបនឹងត្រូវបានធ្វើ នៅថ្ងៃទី២៤ខែកញ្ញានោះ មិនមែនអនុវត្តន៍តាមមាត្រា ១១៩នេះទេ។ តែជាការប្រតិបត្តិតាមមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលអនុញ្ញតឲ្យមានការបោះឆ្នោតជា«កញ្ចប់» ក្នុងរដ្ឋសភា។ វាក្យខ័ណមួយ នៃមាត្រា ៤ នេះ បានចែងថា «តាមសេចក្ដីស្នើពីគណបក្សនយោបាយ ដែលមានចំនួនអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សនយោបាយដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល»។
ក្រមុំកម្លោះមិនត្រូវគ្នា តែត្រូវបានបង្ខំឲ្យរៀបការដើម្បីបានកូន ?
រដ្ឋាភិបាលដែលបានបង្កើតឡើង នៅថ្ងៃទី២៤ ខែកញ្ញានេះទៀតសោធ ក៏ត្រូវបានប្រកាសឲ្យដឹងថា ជាការអនុវត្តន៍តាម មាត្រា៣នៃច្បាប់ធម្មនុញ្ញបន្ថែមដែរ។ មាត្រានោះ បានចែងថា «ក្នុងករណីដែលឃើញថានីតិវិធីនៃមាត្រា ៨២ និង ១១៩ ថ្មី នៃរដ្ឋធម្មនុញ្ញ មិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្សដែលមានអាសនៈច្រើនជាងគេ នៅក្នុងរដ្ឋសភាអាចដំណើរការបោះឆ្នោត"ជាកញ្ចប់" ដើម្បីជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជា ប្រធាន និង អនុប្រធានគណៈកម្មការ ក្នុងពេលជាមួយគ្នា និងការផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល»។ ដូច្នេះដំណើរការជ្រើសតាំងនោះ ជាការបោះឆ្នោតជា«កញ្ចប់» ដែលមានចែងនៅក្នុងច្បាប់ធម្មនុញ្ញបន្ថែមនោះ។
ប៉ុន្តែការកោះប្រជុំសភា របស់ព្រះមហាក្សត្រ ក្នុងមាត្រា ៨២ ដែលបានយកមកប្រើប្រាស់ដើម្បីបើកនិតិកាលថ្មីនេះ មានន័យស្មើ នឹង«ភាពមិនចាំបាច់»នៃការឈានទៅប្រើប្រាស់មាត្រា៣ ឬមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមនោះទេ។ ម្យ៉ាងទៀត បើគេងាកទៅមើលមាត្រា ៦ នៃច្បាប់ធម្មនុញ្ញបន្ថែមដដែល បានចែងថា «ការបោះឆ្នោតជាកញ្ចប់ខាងលើនេះ ត្រូវយកតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល» ក៏មានន័យគ្រប់គ្រាន់ស្ដីពីពាក្យ«រដ្ឋសភាទាំងមូល»នេះដែរ ព្រោះរដ្ឋសភាមួយចំហៀង មិនតំណាងឲ្យជាតិនៃតំណាងរាស្ត្រទាំង១២៣រូបទេ។
សរុបសេចក្តីមក ការបង្កើតនិតិកាលរដ្ឋសភាដំបូង និងបង្កើតរដ្ឋាភិបាល នៅក្នុងប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ប្រៀបបានទៅនឹងគ្រូសារមួយមាន«ប្តី» និង«ប្រពន្ធ» ដែលថ្ងៃអនាគតចង់បាន«កូន»។ សំនួរសួរថា បើកម្លោះក្រមុំទាំងពីរនាក់នេះ មិនត្រូវគ្នាផង តើបំណងបង្ខំឲ្យរៀបការជាមួយគ្នានោះ អាចទៅរួចទេ? កុំថាឡើយ ដល់មានកូននោះ។ ដូច្នេះ កូនដែលបានបង្កើតចេញមកថ្ងៃនេះ វាចេញពីណាមក ? ឬជាកូន«ក្រៅខោ» ដែលកម្លោះ ឬក្រមុំនេះ យកមកប្រកាសធ្វើជាកូន «ស្របច្បាប់»តែរៀងៗខ្លួន?
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ