ពលរដ្ឋ​ខឹង​សម្បារ នឹង​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ជុំ​វិញ​រោង​ចក្រ SL

ជាថ្មីម្ដងទៀត ការដាក់ពង្រាយកងកម្លាំងបង្ក្រាបកុបកម្ម ច្រើនហួសប្រមាណ នៅតាមចំណុចនានាជុំវិញរោងចក្រអេសអ៊ិល ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៣ មិនត្រឹមតែធ្វើឲ្យកម្មករអ្នកតវ៉ា មិនសប្បាយចិត្តប៉ុណ្ណោះទេ តែបានប៉ះពាល់ទៅដល់ជិវភាព របស់ប្រជាពលរដ្ឋអ្នករស់នៅទីនោះ រួមនឹងអ្នកដំណើរឆ្លងកាត់នោះផង។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: September 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្ដងទៀត ការដាក់ពង្រាយកងកម្លាំងបង្ក្រាបកុបកម្ម ច្រើនហួសប្រមាណ នៅតាមចំណុចនានាជុំវិញរោងចក្រអេសអ៊ិល ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៣ មិនត្រឹមតែធ្វើឲ្យកម្មករអ្នកតវ៉ា មិនសប្បាយចិត្តប៉ុណ្ណោះទេ តែបានប៉ះពាល់ទៅដល់ជិវភាព របស់ប្រជាពលរដ្ឋអ្នករស់នៅទីនោះ រួមនឹងអ្នកដំណើរឆ្លងកាត់នោះផង។


កងកម្លាំងសមត្ថកិច្ចបង្ក្រាបកុបកម្ម រាប់ពាន់នាក់ ដែលត្រូវបានបញ្ជូនទៅកាន់តំបន់ជុំវិញរោងចក្រអេសអ៊ិល។ (រូបថត ហ្វេសប៊ុក)

ទីក្រុងប៉ារីស - នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៣ កងកម្លាំងសមត្ថកិច្ច ច្រើនជាង២ពាន់នាក់ ត្រូវបានយកទៅដាក់​ពង្រាយ​នៅជុំវិញរោងចក្រ អេសអ៊ិល (SL) និងនៅចំណុចជាច្រើនទៀត ដើម្បិរងចាំទប់ស្កាត់ក្បួនដង្ហែរបស់​ក្រុមកម្មករនៃ​រោងចក្រ​នេះ ដែលបានធ្វើ​ចលនាទាមទារតាំងពីព្រឹកមកនោះ។ ការដាក់ពង្រាយដ៏សន្ធឹកសន្ធាប់នេះ បានរងនូវប្រតិកម្មខឹងសម្បា និងការឆ្លើយតប ពីសំណាក់សាធារណៈមតិទូទៅ និងពលរដ្ឋដែលរស់នៅជុំវិញនោះ ដោយសារតែពួកគេដឹងថា ក្រុម​កម្មករ​មានបំណង​ចង់ធ្វើតែបាតុកម្ម«អហឹង្សា»ប៉ុណ្ណោះ។ សាក្សីនៅនឹងកន្លែងបាននិយាយថា អាជ្ញាធរមិនចង់ឲ្យក្រុមបាតុករធ្វើ​ក្បួនដង្ហែទៅកាន់គេហដ្ឋាននាយករដ្ឋមន្ត្រីលោកហ៊ុន សែន  ទិសដៅដែលកម្មករចង់យកញ្ញត្តិទៅដាក់ ដើម្បីសុំឲ្យមាន​កិច្ច​អន្តរាគមន៍។

ប្រជាពលរដ្ឋ ដែលមានទីលំនៅស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ដែលភាគច្រើនជាអាជីវករនោះ បានបង្ហាញនូវការមិន​សប្បាយចិត្តនឹងការដាក់ពង្រាយនោះទេ ព្រោះដោយសារតែកងកម្លាំងដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដាក់មកបាំងផ្លូវនោះ បាន​ធ្វើឲ្យការរកស៊ីរបស់គាត់ ត្រូវបានរាំងស្ទះ ឬបិទស្ទើតែទាំងស្រុងក្នុងព្រឹកថ្ងៃដដែលនេះ។

«អាជ្ញាធរធ្វើអ្វីក៏មិនដែលខុស ទោះជាបំពានច្បាប់ច្បាស់នឹងភ្នែកក៏ដោយ...»

មតិប្រជាពលរដ្ឋផ្សេងទៀតបានសម្ដែងការរអ៊ូរទាំ ដាក់អ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូថា កន្លងមកប្រជាពលរដ្ឋដែល​រងគ្រោះដោយបញ្ហាដីធ្លី បានធ្វើបាតុកម្មដោយអហិង្សា តាមរយៈការនាំគ្នាឈរកាត់ទទឹងផ្លូវ នៅមុខសាលារាជធានី តែពួក​គេទាំងនេះ បានត្រូវអាជ្ញាធរក្រុងចោទថា ជាការប្រព្រឹត្តិខុស«ច្បាប់» ព្រោះបានបិទផ្លូវសាធារណៈដោយគ្មានការអនុញ្ញត។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរបានប្រើឡានទឹក «បាញ់បំបែក»ហ្វូងបាតុករនៅមុខសាលារាជធានីទាំងនោះ យ៉ាងហឹង្សា។

ពលរដ្ឋដដែលនោះ បានថ្លែងបន្តទៀតថា នៅព្រឹកថ្ងៃទី ២៧ខែកញ្ញានេះ កងកម្លាំងសមត្ថកិច្ចចម្រុះជិតបី​ពាន់​នាក់ ត្រូវបាន​បញ្ជូនមកឈរពង្រាយ​ពេញ​ផ្លូវ មិនអាចឲ្យអ្នកផងធ្វើចរាចរណ៍បានដែរ តែផ្ទុយទៅវិញ ហេតុអ្វីមិនប្រើឡានទឹក ដែល​បាន​បញ្ឈរនៅទីនោះស្រាប់បាញ់ផងទៅ? ពលរដ្ឋម្នាក់ដែលឈរនៅក្បែរនោះ លូកមាត់និយាយដែរថា «អាងខ្លួនឯងជា​អាជ្ញាធរ​ធ្វើអ្វីក៏មិនដែលខុស ទោះជាបំពានច្បាប់ច្បាស់នឹងភ្នែកក៏ដោយ។ តែបើគេវិញទោះជាធ្វើត្រូវច្បាប់ ក៏ចោទគេថាខុសច្បាប់​ដែរ។ នេះជាសង្គមអ្វី?»

ចំពោះលោក អាត់ ធន បានពន្យល់ប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា ការដាក់កម្លាំងសមត្ថកិច្ចចម្រុះ​ដ៏ច្រើនលើស​លប់នេះ ថាជាការគំរាមកំហែង​លើ​សិទ្ធិ​សេរីភាពនៃការបញ្ចាញមតិ ជាការបំបិទសេរីភាពក្នុងការធ្វើបាតុកម្មដោយអហិង្សា ជាការបំភិតបំភ័យតាមរូបភាពថ្មី ក្តៅ និងហិង្សា ។ លោកបានអះអាងថា សមត្ថកិច្ចទាំងនោះនិយាយថា «បើក្រុមបាតុករ​ទាំង​នេះនៅតែរឹងទទឹងបន្តរក្បួនទៅមុខទៀតនោះ គេនឹងបង្គ្រាប ដោយកម្លាំងត្រៀមបំរុងទាំងនេះដោយខាន មិនបាន»។

អ្នកទទួលខុសត្រូវក្រសួងមហាផ្ទៃ មិនអាចសុំទំនាក់ទំនងបានទេនៅល្ងាចនេះ។ តែលោក ខេង ទីតូ អ្នកនាំពាក្យកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា «គួរនាំគ្នា ទៅមើលផ្ទះសម្បែងភូមិកវិញ ស្រុក​ភូមិ​យើងមួយចំនួន កំពុងលិចទឹកអស់ហើយ ៗក៏ជារដូវកាន់បិណ្ឌផងដែរ។ ផ្អាករឿងធ្វើបាតុកម្មសិនទៅ នាំគ្នាជូនម៉ែ​ជូនឪ​ទៅវត្ត និងដើម្បីទុកឱកាសឱ្យកងកម្លាំងសមត្ថកិច្ចបានទៅផ្ទះ ធ្វើបុណ្យ និងបានជួយប្រជាពលរដ្ឋ​កំពុងរងគ្រោះលិច​ទឹក​ផងដែរ។»

ប្រតិកម្មផ្សេងទៀត នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏មានលក្ខណៈសកម្មខ្លាំងដែរ។ អ្នកខ្លះឆ្លើយតបនឹងលោក ខេង ទីតូ ដោយផ្ទាល់ថា នរណាមិនចង់ទៅផ្ទះ? តែឲ្យទៅយ៉ាងម៉េច បើរោងចក្រមិនបើកប្រាក់សំណងឲ្យផងនោះ? អ្នកខ្លះនិយាយថា រដ្ឋាភិបាលដែល​ទើបនឹងបង្កើតឡើងយ៉ាងប្រទាំងប្រទើសនេះ ភ័យខ្លាចចរន្ដងើបបះបោរពីពលរដ្ឋ។ ខ្លះទៀតនិយាយថា ទង្វើរបស់អាជ្ញាធរ​បែប​នេះ​ ហាក់ដូចចង់ប្រកាស់សង្គ្រាមទលនឹងពលរដ្ឋដែលមានតែដៃទទេ ហើយគ្រាន់តែធ្វើនូវការ​ទាម​ទារ​ដោយសន្តិវិធី​ប៉ុណ្ណោះ។ អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះទៀត ថែមទាំងនិយាយដាក់កំហុស ឲ្យរដ្ឋាភិបាលថ្មីនេះទៀតថា «នឹងហើយ រដ្ឋាភិបាល​ថ្មីអត់គ្រប់ទឹក វាអញ្ចឹង »៕

----------------------------------------------
ដោយ៖ សេក មនោរកុមារ - ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...