គណបក្សសង្គ្រោះជាតិប្រកាន់ជំហរមិនចុះញ៉ម ទោះ ទៀ បាញ់ ព្រមាន
គណបក្សសង្រ្គោះជាតិ នៅតែប្រកាន់ជំហរទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងរក្សាតុល្យភាពអំណាចនៅក្នុងរដ្ឋសភា ដើម្បីត្រួតពិនិត្យរដ្ឋាភិបាលប្រកបដោយប្រសិទ្ធិភាព។ ការប្រកាន់ជំហរនេះ បានធ្វើឡើងជាថ្មីតាមរយៈអ្នកនាំពាក្យរបស់គណបក្សនេះ បើទោះជារដ្ឋសភា និងរដ្ឋាភិបាលត្រូវបានបង្កើតរួចរាល់ រួមទាំងមានការគម្រាមពីលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ថានឹងត្រៀមការពារ«រដ្ឋធម្មនុញ្ញ» ទល់នឹងការតវ៉ាជាយថាហតុ របស់គណបក្សប្រឆាំង។
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២។ (រូបថត សាលាភូមិន្ទរដ្ឋបាល)
លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីផ្ទេរដំណែងមន្រ្តីនៅក្រសួងសង្គមកិច្ច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ បានធ្វើការព្រមានចំៗ ចំពោះគម្រោងធ្វើកូដកម្មរបស់គណបក្សសង្រ្គោះជាតិ។ រដ្ឋមន្រ្តីរូបនេះចាត់ទុក ការគំរាមធ្វើកូដកម្ម របស់គណបក្សសង្គ្រោះជាតិក្នុងពេលថ្មីៗនេះ ដែលពួកគេបានសន្យាថា ធ្វើមួយថ្ងៃនោះ ជាការមានបំណងប៉ះពាល់ដល់រដ្ឋធម្មនុញពិតប្រាកដ។ លោក ទៀ បាញ់ បានបន្ថែមថា រដ្ឋាភិបាលមិនគំរាមទេ តែត្រូវចាំមើលចេតនា របស់គណបក្សសង្រ្គោះជាតិ ស្ថិតនៅក្រៅក្របខណ្ឌច្បាប់ និងចង់បំផ្លាញរដ្ឋធម្មនុញ្ញ ឬយ៉ាងណា។
ការព្រមានរបស់លោក ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពី គណបក្សសង្រ្គោះជាតិបានប្រកាសហើយប្រកាសទៀត ថាខ្លួននឹងធ្វើចលនាមហាជនកៀរគរប្រជាពលរដ្ឋ ឲ្យធ្វើមហាបាតុកម្មម្ដងទៀត ដែលមានទ្រង់ទ្រាយធំជាងមុន។ គណបក្សប្រឆាំងថែមទាំងនិយាយថា នឹងមានធ្វើរហូតដល់កូដកម្ម ដោយមានការចូលរួមពីមន្ត្រីរាជការ និងកម្មករធ្វើពហិការមិនចូលធ្វើការនោះទៀតផង។ ប៉ុន្តែរហូតមកដល់ពេលនេះ គណបក្សសង្រ្គោះជាតិ នៅមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ ទាក់ទងនឹងមហាបាតុកម្មរបស់ខ្លួនលើកទីបីនេះ។
ចំពោះគម្រោងរបស់គណបក្សសង្រ្គោះជាតិនេះ លោក ទៀ បាញ់ បានបញ្ជាក់ថា៖ «ខ្ញុំនិយាយឲ្យចំ ពេលនេះគ្មានអ្នកណាអាចបំផ្លាញរដ្ឋធម្មនុញ្ញបានទេ ហើយកងកម្លាំងប្រដាប់អាវុធ ត្រៀមជាស្រេចនៅភ្នំពេញ»។
នៅក្នុងប្រតិកម្មឆ្លើយតប តាមរយៈទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ញែម ប៉ុញ្ញឬទ្ធិ អ្នកនាំពាក្សគណបក្សសង្រ្គោះជាតិបានថ្លែងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ នេះថាគណបក្សសង្រ្គោះជាតិ នៅតែចង់ឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត និងគ្នានចេតនារំលោភបំពានរដ្ឋធម្មនុញនោះទេ តែគណបក្សសង្រ្គោះជាតិ និងប្រជាពលរដ្ឋ ប្រាកដជាមានកិច្ចការច្រើនត្រូវធ្វើបន្តទៀត ក្នុងនោះរួមមាន ការសម្តែងមតិរបស់ប្រជាពលរដ្ឋ ការដាក់ញត្តិ និងការធ្វើមហាបាតុកម្មជាដើម។
ផ្ទុយមកវិញអ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ បានលើកឡើងថា អ្នកដែលបានរំលោភរដ្ឋធម្មនុញ គឺគណបក្សប្រជាជនកម្ពុជាខ្លួនឯងទៅវិញទេ ព្រោះគណបក្សនេះបានបង្កើតសភា និងរដ្ឋាភិបាលដោយឯកបក្ស ខណៈរដ្ឋធម្មនុញបានកំណត់ ថាប្រទេសកម្ពុជាកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស។ តែអ្វីដែលគណបក្សសង្គ្រោះជាតិត្រូវធ្វើ គឺបំណងដែលឈានទៅដល់ការធ្វើកំណែទម្រង់ដ៏ពិតប្រាកដមួយ។
លោក ញែម ប៉ុញ្ញឬទ្ធិ បានអះអាងបន្ថែមថា ដើម្បីឲ្យប្រទេសអាចដំណើរការទៅមុខបានល្អ និងជៀសវៀងបញ្ហាដដែលៗ ចាំបាច់ណាស់ត្រូវមានការកំណែរទម្រង់ស៊ីជម្រៅ ដែលមានយន្តការច្បាស់លាស់ និងមានប្រសិទ្ធិភាពនៅក្នុងរដ្ឋសភា និងស្ថាប័នមួយចំនួនទៀត តាមរយៈការបង្កើតឲ្យមានតុល្យភាពអំណាច ក្នុងការត្រួតពិនិត្យសកម្មភាពរបស់រដ្ឋាភិបាល។ អ្នកនាំពាក្យរូបនេះបន្តថា នៅពេលដែលប្រទេសជាតិមានយន្តការច្បាស់លាស់ និងប្រសិទ្ធិភាពក្នុងការគ្រប់គ្រង នោះវាអាចជៀសវៀងបាននូវអស្ថិរភាព អំពើហិង្សា និងបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងសង្គម ជាពិសេសការជាប់គាំងនយោបាយ ដែលតែងតែកើតឡើងនៅក្រោយការបោះឆ្នោត៕
----------------------------------------------------
ដោយៈ អ៊ុំ បូរី - ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ