ផៃ សីផាន៖ គម្រោង​ឲ្យ​អាមេរិក​កាត់​ជំនួយ​មក​កម្ពុជា ជា​រឿង​បុគ្គល​មួយ​ក្រុម

ស្របពេលស្ថានការណ៍នយោបាយនៅកម្ពុជាពុំទាន់មានភាពប្រាកដប្រជានៅឡើយ សហរដ្ឋអាមេរិចបានធ្វើការ​ព្រមាន​ដល់រដ្ឋាភិបាលកម្ពុជាដែលទើបនឹងប្រសូតថ្មីថ្មោង ពីរដ្ឋសភាដែលគណបក្សតែមួយចូលរួមនោះ អំពីលទ្ធភាពកាត់ជំនួយ ប្រសិនបើភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត ពុំត្រូវបានស៊ើបអង្កេតប្រកបដោយតម្លាភាព និងកម្ពុជាមិនអនុវត្តតាម​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្របពេលស្ថានការណ៍នយោបាយនៅកម្ពុជា ពុំទាន់មានភាពប្រាកដប្រជានៅឡើយ សហរដ្ឋអាមេរិចបានធ្វើការ​ព្រមាន​ដល់រដ្ឋាភិបាលកម្ពុជាដែលទើបនឹងប្រសូតថ្មីថ្មោង ពីរដ្ឋសភាដែលគណបក្សតែមួយចូលរួមនោះ អំពីលទ្ធភាពកាត់ជំនួយ ប្រសិនបើភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត ពុំត្រូវបានស៊ើបអង្កេតប្រកបដោយតម្លាភាព និងកម្ពុជាមិនអនុវត្តតាម​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ប៉ុន្តែមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល«ថ្មី»កម្ពុជា លោក ផៃ ស៊ីផាន បានពន្យល់ថា នោះ​គ្រាន់តែជារឿងបុគ្គលមួយក្រុមប៉ុណ្ណោះ។


រូបសញ្ញារបស់ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិសហរដ្ឋអាមេរិក ដែលតំណាងឲ្យការផ្ដល់ជំនួយរបស់ប្រទេសនេះ។

រាជធានីភ្នំពេញ - តំណាងរាស្រ្តសហរដ្ឋអាមេរិច មកពីខាងគណបក្សសាធារណៈរដ្ឋ ហើយក៏ជាអ្នកស្មើរដ្ឋាភិបាល និង​សភាសហរដ្ឋអាមេរិចឲ្យកាត់ជំនួយដែលផ្តល់ឲ្យកម្ពុជា លោក ស្ទីវ ឆាបុត្រ (Steve Chabot) បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ក្នុងពេលថ្មីៗនេះថា សហរដ្ឋអាមេរិច មិនអាចផ្តល់ជំនួយដល់ រដ្ឋាភិបាលពុករលួយ រដ្ឋាភិបាលដែលបង្កើតឡើងពោរពេញ​ដោយការសង្ស័យ និងភាពអយុត្តិធម៌។ អ្នកតំណាងរាស្រ្តរូបនេះអះអាងថា សហរដ្ឋអាមេរិចបានដឹងច្បាស់អំពីភាពមិន​ប្រក្រតីជាច្រើន ក្នុងកំឡុងពេលបោះឆ្នោត ដែលបានកើតឡើងនៅកម្ពុជា ដូច្នេះការស៊ើបអង្កេតគ្រប់ជ្រុងជ្រោយមួយ ត្រូវ​តែ​បង្កើតឡើង ហើយការពិតនឹងត្រូវរកឃើញ។

លោក ស្ទីវ ឆាបុត្រ បានបញ្ជាក់ថា៖ «យើងចង់ឃើញថាគណបក្សនយោបាយនៅកម្ពុជាធ្វើការជាមួយគ្នា ដើម្បីឈានទៅ​ដល់ដំណោះស្រាយយុត្តិធម៌មួយ សម្រាប់គ្រប់គណបក្ស។ យើងចង់ឃើញគ្រប់គណបក្សនយោបាយ ចូលរួមបង្កើត​រដ្ឋាភិបាល។ ការដឹកនាំដោយគណបក្សតែមួយមិនល្អទេ»។

រហូតមកដល់ពេលនេះ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាមើលឃើញថា រដ្ឋាភិបាល និងរដ្ឋសភាថ្មីត្រូវ​បាន​បង្កើត​ឡើង ដោយគណបក្សប្រជាជនកម្ពុជាតែមួយ និងកំពុងដំណើរការទៅមុខទាំងចម្រូងចម្រាស ព្រោះគណបក្ស​សង្រ្គោះ​ជាតិ និងប្រទេសលោកខាងលិច រួមមានសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុបដើម នៅតែស្ទាក់ស្ទើរ​មិន​ទាន់ទទួល​ស្គាល់​រដ្ឋាភិបាល និងរដ្ឋសភាថ្មីនេះនៅឡើយ ហើយទាមទារឲ្យមានការការស៊ើបអង្កេត​ពីភាពមិនប្រក្រតីក្នុងកំឡុង​ពេល​បោះឆ្នោតដោយតម្លាភាព។

គួរម្លឹកថា ដោយចង់ឲ្យមានការកំណែទម្រង់ លទ្ធិប្រជាធិតេយ្យ ប្រព័ន្ធយុត្តិធម៌ ការគោរពសិទ្ធិមនុស្សជាដើម សហរដ្ឋ​អាមេរិកធ្លាប់គម្រាមកាត់ជំនួយមកកម្ពុជាច្រើនលើកហើយ ។ ប៉ុន្តែជាចម្លើយឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​ដូចក្រសួងការបរទេសកម្ពុជា នា​ពេលកន្លងមកបានលើកឡើងថា កម្ពុជាមិនត្រូវការជនបរទេស ឬឯកអគ្គរដ្ឋទូតប្រទេស​ណា​មួយ ប្រមុខរដ្ឋ​ប្រទេស​ណា​មួយ ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត នៅកម្ពុជានោះទេ ព្រោះកម្ពុជាជារដ្ឋ​«អធិបតេយ្យ»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នេះថា ប្រសិនបើសហរដ្ឋអាមេរិចសម្រេចកាត់ជំនួយមកកម្ពុជា វាជាសិទ្ធិរបស់សហរដ្ឋអាមេរិច។ អ្នកនាំពាក្យរូបនេះ​អះ​អាងថា ការស្មើឲ្យកាត់ជំនួយដែលសហរដ្ឋអាមេរិចបានផ្តល់ឲ្យកម្ពុជា គឺបានធ្វើឡើងដោយបុគ្គល តែមួយក្រុមតូចតែ​ប៉ុណ្ណោះ ហើយការស្មើឡើងនោះ និងការកាត់ជំនួយណាមួយ វាមិនអាចបង្ករផលប៉ះពាល់ដល់របបដឹកនាំកម្ពុជាបានទេ ព្រោះរដ្ឋាភិបាល និងរដ្ឋសភាត្រូវបានទទួលស្គាល់ដោយពលរដ្ឋកម្ពុជា កងកម្លាំងប្រដាប់អាវុធកម្ពុជា និងព្រះមហាក្សត្រ​កម្ពុជា។

យ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ ក្រោយកិច្ចប្រជុំផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ជាប្រធាន​គណបក្ស​បានបង្ហាញចេតនាបន្តការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ខណៈលោក ហ៊ុន សែន អះអាងថាទ្វារនៅតែបើកចំហរ​សម្រាប់គណបក្សសង្រ្គោះជាតិ បន្តការចរចាជាមួយគណប្សប្រជាជនកម្ពុជា៕

---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...